ការវាយប្រហាររបស់អាមេរិកនិងអ៉ីស្រាអែលលើអ៉ីរ៉ង់ សម្លាប់មនុស្សកើនលើស១១០០នាក់ ក្នុងនោះកុមារជិត២០០នាក់

(វ៉ាស៉ីនតោន)៖ អង្គការសិទ្ធិមនុស្ស HRANA ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក នាថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា បានរាយការណ៍ថា ជនស៉ីវិលកើនដល់១១១៤នាក់ហើយ ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៉ីរ៉ង់ ចាប់តាំងពីអាមេរិកនិងអ៉ីស្រាអែល បានរួមគ្នាបើកប្រតិបត្តិការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លា ហើយបង្កជាសង្រ្គាមរីករាលដាលនៅមជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយ បណ្តាញព័ត៌មាន CNN។

អង្គការ HRANA បានបន្ថែមថា តួលេខខាងលើរាប់បញ្ចូលកុមារ១៨៣នាក់ ដែលភាគច្រើនមានអាយុក្រោម១០ឆ្នាំ។ បើតាម HRANA ការវាយប្រហារមួយចំនួនរបស់អាមេរិកនិងអ៉ីស្រាអែល ត្រូវបានរាយការណ៍ថា ចំលើទីតាំងស៉ីវិលដែលការពារដោយ​ច្បាប់មនុស្សធម៌អន្តរជាតិ ដូចជាសាលារៀននិងមន្ទីរពេទ្យ ជាដើម។

តួលេខអ្នកស្លាប់នៅអ៉ីរ៉ង់ក្នុងជម្លោះថ្មីចុងក្រោយនេះ ឥឡូវកំពុងឆ្ពោះទៅរកតួលេខសរុបនៃអ្នកស្លាប់ អំឡុងសង្រ្គាម១២ថ្ងៃកាលពីខែមិថុនា ឆ្នាំមុន រវាងអ៉ីរ៉ង់ជាមួយអ៉ីស្រាអែលនិងអាមេរិក ដែលអង្គការ HRANA បានប៉ាន់ប្រមាណថា បានផ្តាច់ជីវិតមនុស្ស​១១៩០នាក់នៅប្រទេសអ៉ីរ៉ង់។ ដោយឡែក បើតាមអង្គការគ្រប់គ្រងគ្រាអាសន្នជាតិរបស់អ៉ីរ៉ង់ មនុស្ស៦០០០នាក់ បានរងរបួស។

គួរបញ្ជាក់ថា មនុស្សមួយចំនួន ក្នុងនោះរួមមានកងទ័ពអាមេរិក៦នាក់ ក៏បានស្លាប់ផងដែរ នៅកន្លែងផ្សេងទៀតក្នុងតំបន់មជ្ឈិមបូព៌ា ដោយសារការវាយប្រហារសងសឹករបស់ទីក្រុងតេហរ៉ង់៕

អត្ថបទដែលជាប់ទាក់ទង