លោក ហ្សេលេនស្គី អះអាងថាប្រទេសចំនួន១១ ស្នើឱ្យអ៊ុយក្រែនជួយទប់ទល់នឹងដ្រូនរបស់អ៉ីរ៉ង់
(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២៦ បាននិយាយថាប្រទេសចំនួន១១ បានស្នើឱ្យទីក្រុងកៀវជួយពីរបៀបទប់ទល់នឹងដ្រូន ដែលអ៉ីរ៉ង់កំពុងប្រើប្រាស់ នៅក្នុងការវាយប្រហារសងសឹកទៅនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
អ៊ុយក្រែន ក្នុងពេល៤ឆ្នាំមកនេះនៃសង្រ្គាមជាមួយរុស្ស៉ី បានរៀនសូត្រ និងបានបង្កើតជំនាញដ៏អស្ចារ្យក្នុងការបាញ់ស្ទាក់បំផ្លាញដ្រូន Shahed ផលិតដោយអ៉ីរ៉ង់ដែលត្រូវបានរុស្ស៉ីប្រើប្រាស់ក្នុង ការវាយប្រហារលើបណ្ដាទីក្រុងអ៊ុយក្រែន។ ឥលូវ អ៉ីរ៉ង់កំពុងប្រើដ្រូននេះវាយប្រហារនៅទូទាំងតំបន់មជ្ឈិមបូព៌ា។ តាមលោក ហ្សេលេនស្គី គិតមកទល់នឹងពេលនេះ មានសំណើចំនួន១១ ពីប្រទេសក្បែរខាងអ៉ីរ៉ង់ អឺរ៉ុប និងសហរដ្ឋអាមេរិក។ លោកបន្ថែមថានេះបានបង្ហាញយ៉ាងច្បាស់ពីការចាប់អារម្មណ៍លើបទពិសោធន៍របស់អ៊ុយក្រែនក្នុងការការពារអាយជីវិតមនុស្ស ពាក់ព័ន្ធនឹងអាវុធស្ទាក់ចាប់ ប្រព័ន្ធសង្រ្គាមអេឡិចត្រូនិក និងការបណ្ដុះបណ្ដាល។ តែលោក ហ្សេលេនស្គីមិនបានបញ្ជាក់លម្អិតថាប្រទេសណាខ្លះនោះទេ។
គួរបញ្ជាក់ថា កាលពីចុងសប្ដាហ៍កន្លងទៅ លោក ហ្សេលេនស្គីបានឱ្យដឹងថាក្រុមអ្នកជំនាញដ្រូនអ៊ុយក្រែនបានចេញដំណើរឆ្ពោះទៅកាន់តំបន់មជ្ឈិមបូព៌ា ហើយអាចនឹងទៅដល់ក្នុងសប្ដាហ៍នេះ។ បើតាមទិន្នន័យពីកងទ័ពអាកាសអ៊ុយក្រែន យោធាអ៊ុយក្រែនបានស្ទាក់បាញ់បំផ្លាញបានជាង ៨០ភាគរយនៃដ្រូនរាប់រយគ្រឿងដែលរុស្ស៉ីប្រើក្នុងការវាយប្រហារលើបណ្ដាក្រុងអ៊ុយក្រែន ជាពិសេសគឺទីក្រុងកៀវ ជារៀងរាល់យប់៕
