អ៉ីស្រាអែល សម្រេចចិត្តមិនសម្លាប់រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ និងប្រធានសភាអ៉ីរ៉ង់ ដោយសារសំណើប៉ាគីស្ថាន
(អ៉ីស្លាម៉ាបាដ)៖ មន្រ្តីប៉ាគីស្ថានមួយរូបបានអះអាងថា អ៉ីស្រាអែលបានលុបឈ្មោះរដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក Abbas Araqchi និងប្រធានសភាអ៉ីរ៉ង់ លោក Mohamamd Baqer Qalibaf ចេញពីបញ្ជីធ្វើឃាត បន្ទាប់ពីប៉ាគីស្ថាន បានស្នើឱ្យទីក្រុងវ៉ាស៉ីនតោន កុំកំណត់គោលដៅលើពួកគេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦។
មន្រ្តីខាងលើបាននិយាយនាថ្ងៃព្រហស្បតិ៍នេះយ៉ាងដូច្នេះថា «អ៉ីស្រាអែល ដឹងពីទីតាំងរបស់លោក Araqchi និងលោក Qalibaf ហើយមានបំណងចង់សម្លាប់ពួកគេចោល ប៉ុន្តែយើងបានប្រាប់ហេតុផលទៅកាន់អាមេរិកថា ប្រសិនបើអ្នកទាំងពីរ ក៏ត្រូវកំណត់គោលដៅសម្លាប់ដែរនោះ គឺនឹងលែងនៅសល់នរណាម្នាក់ ដែលអាចនិយាយចរចាគ្នាជាមួយទៀតហើយ ហេតុដូច្នោះ អាមេរិកក៏បានប្រាប់ឱ្យអ៉ីស្រាអែល កុំធ្វើបែបនោះ»។
គួរបញ្ជាក់ថា ចាប់តាំងពីអ៉ីស្រាអែលនិងអាមេរិក បានរួមដៃគ្នាបើកការវាយប្រហារលើអ៉ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ មន្រ្តីនិងមេបញ្ជាការជាន់ខ្ពស់របស់អ៉ីរ៉ង់ ដែលរួមមានទាំងមេដឹកនាំកំពូល លោក Ali Khamenei ត្រូវបានសម្លាប់ជាបន្តបន្ទាប់។ ប៉ាគីស្ថានបានលេចមុខជាប្រទេសមួយ ដែលកំពុងខិតខំប្រឹងប្រែងជួយសម្រុះសម្រួលសង្រ្គាមនៅមជ្ឈិមបូព៌ា ដោយក្នុងសប្តាហ៍នេះ មានសេចក្តីរាយការណ៍ថា អាមេរិកបានបញ្ជូនផែនការរបស់ខ្លួនសំដៅបញ្ចប់ជម្លោះ តាមរយៈប៉ាគីស្ថាន ផ្ញើទៅកាន់អ៉ីរ៉ង់៕
