កម្ពុជា ជំរុញគុនល្បុក្កតោចូលក្នុងព្រឹត្តិការណ៍ ២ធំៗ និងពង្រីកការផ្សព្វផ្សាយកីឡាអត្តសញ្ញាណជាតិនេះ ទៅកាន់អន្ដរជាតិ
(ភ្នំពេញ)៖ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បាននឹងកំពុងខិតខំពង្រីកការអប់រំផ្សព្វផ្សាយក្បាច់គុនអត្តសញ្ញាណជាតិនេះឲ្យកាន់តែទូលំទូលាយទាំងក្នុង និងក្រៅប្រទេស ពិសេសក្នុងអាណត្តិថ្មី ដែលសហព័ន្ធមានបេសកកម្មដ៏សំខាន់ ក្នុងការជំរុញបញ្ចូលកីឡាគុនល្បុក្កតោ ទៅក្នុងព្រឹត្តិការណ៍កីឡា ២ធំៗ គឺការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន ឆ្នាំ២០២៨ និងកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០៣១ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះ។
នេះបើតាមប្រសាសន៍របស់លោក វ៉ាត់ ចំរើន បន្ទាប់ពីអង្គមហាសន្និបាតបញ្ចប់អាណត្តិទី៥ បន្ដអាណត្តិថ្មី បានជ្រើសតាំងលោកឡើងជាប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា អាណត្តិទី៦ ឆ្នាំ២០២៦-២០៣០ ជំនួសលោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន សមាជិករដ្ឋសភា ដែលបានសុំចូលនិវត្តន៍ពីតួនាទីប្រធានសហព័ន្ធ ដោយសារវ័យកាន់តែចាស់( ៨៤ឆ្នាំ) មិនអាចបន្ដដឹកនាំសហព័ន្ធទៀតបាន កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ។
ក្នុងនាមសមាជិកប្រតិបត្តិអាណត្តិថ្មី លោកបានសម្ដែងនូវការដឹងគុណ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដ៏ជោគជ័យជាច្រើន ក្នុងអាណត្តិចាស់ ដែលដឹកនាំដោយលោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុណ ហើយលោកសង្ឃឹមថា គ្រប់ភាគីពាក់ព័ន្ធ នឹងបន្ដពួតដៃគ្នា ដើម្បីជំរុញការអភិវឌ្ឍកីឡាអត្តសញ្ញាណជាតិឲ្យនេះឲ្យកាន់តែរីកចម្រើន ដោយផ្ដើមពីការនាំគ្នាថែរក្សាមរតកមនុស្ស ពិសេសព្រឹទ្ធាចារ្យ និងគ្រូបង្វឹកចាស់ៗ ដែលជាផ្នែកដ៏សំខាន់ ក្នុងការបណ្ដុះបណ្ដាលចំណេះដឹង ជំនាញ បច្ចេកទេស និងធនធានថ្មីៗបន្ថែមទៀត។
សម្រាប់អាណត្តិទី៦ មានការងារជាច្រើន ដែលត្រូវបន្ដអនុវត្ត និងជំរុញ ពិសេសត្រូវធានាឲ្យបាននូវការធ្វើឲ្យមានសុខដុមនីយកម្ម ក្នុងការដឹកនាំគ្រប់គ្រង ឆ្ពោះទៅរៀបចំឲ្យមានអភិបាលកិច្ចល្អ តម្លាភាព គណនេយ្យភាព និងស័ក្ដិសិទ្ធភាពក្នុងការរៀបចំ និងការដឹកនាំ ហើយបេសកកម្មដ៏សំខាន់ ដែលត្រូវបន្ដអាណត្តិចាស់នោះ គឺការព្យាយាមតស៊ូមតិ ក្នុងនាមកម្ពុជា គឺជាម្ចាស់ផ្ទះ ក្នុងការដាក់បញ្ចូលគុនល្បុក្កតោ ក្នុងការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ី ឆ្នាំ២០២៨ និងកីឡាយុវជនអាស៊ី ឆ្នាំ២០៣១ ដែលជាព្រឹត្តិការណ៍ដ៏ធំកម្រិត ៤៥ប្រទេសចូលរួម។
បន្ថែមលើនេះ ក៏មានភារកិច្ចសំខាន់ៗជាច្រើនទៀត នៅក្នុងអាណត្តិបន្ដបន្ទាប់ ត្រូវធ្វើការផ្សព្វផ្សាយ និងអប់រំគុនល្បុក្កតោបន្ថែមទៅក្នុងសង្គម ជាពិសេសការអប់រំ និងពង្រីកការផ្សព្វផ្សាយទៅក្រៅប្រទេស។ កត្ដាទាំងអស់ ចាំបាច់ត្រូវមានឯកភាពផ្ទៃក្នុង មិនឲ្យមានគុនល្បុក្កតោណា ក្រៅពីការឯកភាពទូទាំងប្រទេសនោះទេ ដែលសហព័ន្ធត្រូវប្រមែប្រមូលកម្លាំង មកធ្វើការងារនេះ ដោយឈរលើស្មារតីសាមគ្គីភាពផ្ទៃក្នុងជាធំ សម្រាប់សម្រេចគោលដៅ និងជោគជ័យថ្មីៗទៅថ្ងៃអនាគត។ លោក វ៉ាត់ ចំរើន បន្ថែម។
សម្រាប់សមាសភាពគណៈកម្មាធិការប្រតិបត្តិអាណត្តិទី៦របស់សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា គឺមានចំនួន ១៨រូប ក្នុងនោះក្រៅពីលោក វ៉ាត់ ចំរើន ជាប្រធាន គឺមានអនុប្រធាន ៤រូប និងមានលោក អ៊ួ តារា ជាអគ្គលេខាធិការ ព្រមទាំងអគ្គលេខាធិការរង អគ្គហេរញ្ញិក និងសមាជិក ១២រូបផ្សេងទៀត៕
