អភិបាលខេត្តតាកែវ ដាក់បទបញ្ជាឱ្យអាជ្ញាធរស្រុកអង្គរបូរីត្រូវលុបបំបាត់បទល្មើស Online Scam ឱ្យអស់ពីមូលដ្ឋាន

លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អភិបាលស្រុកអង្គរបូរី ដែលទើបតែងតាំងថ្មី និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាបង្ការ និងទប់ ស្កាត់រាល់សកម្មភាពឆបោកតាមប្រព័ន្ធ អនឡាញ (Online Scam) កុំឱ្យមានវត្តមាន ក្នុងមូលដ្ឋានដាច់ខាត ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ការថ្លែងបែបនេះបានធ្វើឡើងក្នុងពិធីប្រកាសតែងតាំង លោក កង អាណាន់ ជាអភិបាលស្រុកអង្គរបូរី កាលពីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។

រូបតំណាង ៖ កម្លាំងសមត្ថកិច្ចអគ្គស្នងការនគរបាលជាតិបង្ក្រាបពេលកន្លងមក

ក្នុងនោះ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានដាក់ចេញនូវសំខាន់ៗមួយចំនួន រួមមាន ត្រូវចុះតាមដាន និងត្រួតពិនិត្យទីតាំងស្នាក់នៅរបស់ជនបរទេសទាំងអស់ ជាពិសេសនៅតាមរោងចក្រ សំណង់ផ្ទះល្វែង និងទីតាំងសង្ស័យផ្សេងៗ ដែលអាចមានការបង្កប់អាជីវកម្មឆបោកអនឡាញ។ ក្រៅពី Online Scam ត្រូវពង្រឹងការបង្ក្រាបអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងបញ្ហាគ្រឿងញៀនឱ្យទាន់ពេលវេលា និងមន្ត្រីច្រកទ្វារព្រំដែនត្រូវត្រួតពិនិត្យឱ្យបានតឹងរឹងបំផុត ចំពោះភ្ញៀវបរទេស ដែលឆ្លងដែនពីប្រទេសវៀតណាម ចូលមកកម្ពុជាតាមច្រកក្នុងខេត្តតាកែវ ដើម្បីបង្ការបទល្មើសជួញដូរមនុស្ស និងការហូរចូលនៃក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យា។

រូបតំណាង ៖ កម្លាំងសមត្ថកិច្ចអគ្គស្នងការនគរបាលជាតិបង្ក្រាបពេលកន្លងមក

លោកបានបន្តថា ដើម្បីជាការឆ្លើយតបទៅនិងវិធានការមុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវតែសកម្ម ដើម្បីធានាប្រសិទ្ធភាពនៃ គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព៕

ជាមួយគ្នាផងដែរ លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ការទប់ស្កាត់បទល្មើសបច្ចេកវិទ្យានេះ គឺជាកិច្ចការអាទិភាព ដើម្បីការពារសន្តិសុខសង្គម និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកអង្គរបូរី ក៏ដូចជាទូទាំងខេត្តតាកែវទាំងមូល៕

រូបតំណាង ៖ កម្លាំងសមត្ថកិច្ចអគ្គស្នងការនគរបាលជាតិបង្ក្រាបពេលកន្លងមក

អត្ថបទដែលជាប់ទាក់ទង