កប៉ាល់អ៉ីរ៉ង់ត្រឡប់ចូលកំពង់ផែវិញ ដោយសារអាមេរិកបិទផ្លូវ ខណៈច្រកសមុទ្រ Hormuz នៅតែគ្មានសេរីភាព
(ឡុងដ៏)៖ ទិន្នន័យតាមដានការដឹកជញ្ជូនផ្លូវសមុទ្រ បានឱ្យដឹងថា កប៉ាល់ដឹកប្រេងអ៉ីរ៉ង់ចំនួន ៦គ្រឿង ត្រូវបានបង្ខំឱ្យត្រឡប់ចូលអ៉ីរ៉ង់វិញ ដោយការបិទផ្លូវរបស់សហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ សបញ្ជាក់ឱ្យឃើញពីផលប៉ះពាល់លើចរាចរណ៍តាមច្រកសមុទ្រ Hormuz ដែលជាផ្លូវនាំចេញប្រេងដ៏សំខាន់របស់ពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦។
ជាធម្មតា កប៉ាល់ចន្លោះពី ១២៥គ្រឿង ទៅ ១៤០គ្រឿងបានចេញ-ចូលឆ្លងកាត់ច្រកសមុទ្រ Hormuz ប៉ុន្តែក្រោយអាមេរិក-អ៉ីស្រាអែលចាប់ផ្តើមធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់ នាថ្ងៃទី ២៨ ខែកុម្ភៈ មានតែកប៉ាល់ ៧គ្រឿងប៉ុណ្ណោះដែលអាចធ្វើដូច្នេះបាន ក្នុងរយៈពេលមួយថ្ងៃកន្លងមក។ នេះបើតាមទិន្នន័យពី Kpler និងការវិភាគផ្កាយរណបពី SynMax។
ការវិភាគផ្កាយរណបពីក្រុមហ៊ុន TankerTrackers.com បង្ហាញថាកប៉ាល់ដឹកប្រេង ៦គ្រឿង ដែលត្រូវបានបង្ខំឱ្យត្រឡប់ទៅកំពង់ផែអ៉ីរ៉ង់វិញ ក្នុងប៉ុន្មានថ្ងៃមកនេះ គឺដឹកប្រេងប្រមាណ ១០.៥លានបារ៉ែល។ កងកម្លាំងអាមេរិក ដែលកំពុងស្ថិតនៅតំបន់ឈូងសមុទ្រអូម៉ង់ បានប្រាប់ឱ្យកប៉ាល់ខ្លះបកក្រោយវិញ តែក៏ហាក់ដូចជាមានកប៉ាល់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យបន្តដំណើរទៅមុខផងដែរ។
ក្រុមអ្នកវិភាគនិយាយថា កងកម្លាំងអាមេរិកទៅឃាត់ដើម្បីបង្វែរទិសដៅកប៉ាល់ ដែលមានទំនាក់ទំនងជាមួយអ៉ីរ៉ង់ រហូតដល់ភាគខាងកើតនៃច្រកសមុទ្រម៉ាឡាកា ដូច្នេះគេមិនច្បាស់ទេថាតើទំនិញលើកប៉ាល់នោះនឹងទៅដល់អ្នកទិញ ឬត្រូវបានស្ទាក់ចាប់ហើយបញ្ជូនមកអ៉ីរ៉ង់វិញ៕
