ចាប់ខ្លួនមេខ្លោង ០២នាក់ ពាក់ព័ន្ធការតវ៉ាបិទផ្លូវសាធារណៈប្រើហិង្សានៅមុខធនាគារជាតិនៃកម្ពុជា
កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនបុរស០២នាក់ ជាជនជាតិខ្មែរក្នុងនោះមាន០១នាក់ជាមេខ្លោងដឹកនាំប្រមូលកៀរគរ ជនជាតិខ្មែរនិងបរទេសប្រមាណជាង១០០នាក់ ធ្វើបាតុកម្ម តវ៉ាបិទផ្លូវខុសច្បាប់និងឈានដល់បង្កឲ្យមានអំពើហិង្សាកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង៧និង៣០នាទីព្រឹក ស្ថិតនៅផ្លូវហាណូយ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុដែលក្រុមអតិថិជនក្រុមហ៊ុន ហួយវ័ន មកប្រមូលផ្តុំ នៅមុខធនាគារជាតិនៃកម្ពុជា គឺ ដើម្បីដាក់បន្ទុកនិងជំរុញឲ្យធនាគារជាតិ ដោះស្រាយសងប្រាក់ត្រឡប់មកពួកគេវិញ ទើបពួកគេធ្វើការបិទផ្លូវសាធារណៈដោយខុសច្បាប់ បើទោះបីជាអាជ្ញាធរមានការហាមឃាត់យ៉ាងណាក៏ដោយ ក៏មិនព្រមស្តាប់ ថែមទាំងប្រើហិង្សាមកលើសមត្ថកិច្ចថែមទៀត។
ក្នុងនោះកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនបុរស០២នាក់មានឈ្មោះ សួន សុវណ្ណថៃ ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ និងម្នាក់ទៀតមានឈ្មោះ វ៉ាត់ មករា ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ។ការឃាត់ខ្លួននេះគឺក្រោយមានហេតុការណ៍មានការប្រមូលផ្តុំធ្វើបាតុកម្ម តវ៉ាបិទផ្លូវខុសច្បាប់ បង្កឲ្យមានអំពើហិង្សាកើតឡើង។
សូមបញ្ជាក់ថា កន្លងមកធនាគារជាតិ នៃកម្ពុជាបានចេញសេចក្ដីជូនដំណឹង ក្រុមហ៊ុន ហួយវ័ន ផេ ពុំស្ថិតក្រោមសមត្ថកិច្ចរបស់ធនាគារជាតិទៀតឡើយ តែសម្រាប់បុគ្គលដែលរងគ្រោះក្នុងក្រុមហ៊ុន អេច ផេ ត្រូវទៅចុះឈ្មោះផ្តល់ព័ត៌មានជូនក្រុមហ៊ុនកំពុងជម្រះបញ្ជី។
បច្ចុប្បន្នបុរសទាំង០២នាក់ ត្រូវបានសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងអនុវត្តតាមនីតិវិធី៕
