នាវាកម្សាន្តខ្នាតយក្សរបស់រុស្ស៉ី ឆ្លងកាត់ច្រកសមុទ្រ Hormuz បានដោយគ្មានបញ្ហា

(Reuters)៖ នាវាកម្សាន្តខ្នាតយក្សមួយគ្រឿង ពាក់ព័ន្ធជាមួយមហាសេដ្ឋីរុស្ស៉ីជាប់ទណ្ឌកម្ម លោក Alexey Mordashov បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ ខណៈដែលវាជានាវាមួយ ក្នុងចំណោមនាវាតិចតួចប៉ុណ្ណោះ ដែលអាចឆ្លងកាត់ផ្លូវដឹកជញ្ជូនដែលត្រូវបានបិទខ្ទប់មួយនេះ និងដែលជាចំណុចកណ្តាល នៃជម្លោះរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ទិន្នន័យតាមដានការដឹកជញ្ជូនផ្លូវសមុទ្រពី MarineTraffic បានឱ្យដឹងថា Nord ដែលជានាវាទេសចរណ៍ប្រវែង ១៤២ម៉ែត្រ តម្លៃជាង ៥០០លានដុល្លារ បានចេញពីកំពង់ផែឌូបៃ ទៅដល់ទីក្រុង Muscat ដោយឆ្លងកាត់ច្រកសមុទ្រ Hormuz។ គេមិនច្បាស់ទេថាតើនាវាកម្សាន្តច្រើនជាន់នេះ ទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់ផ្លូវនេះ ដោយរបៀបណា។ អ្នកតំណាង​របស់​មហាសេដ្ឋី​ក្នុងវិស័យដែកថែប លោក Mordashov បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ កាលពីថ្ងៃចន្ទ។

គួរបញ្ជាក់ថា ចាប់តាំងពីខែកុម្ភៈមក អ៉ីរ៉ង់បានរឹតត្បិតចរាចរណ៍តាមច្រកសមុទ្រ Hormuz ដែលជាធម្មតានាំប្រេងប្រហែលមួយភាគប្រាំ ទៅផ្គត់ផ្គង់ដល់ពិភពលោក។ ជាការឆ្លើយតប សហរដ្ឋអាមេរិក បានបិទផ្លូវចេញ-ចូលកំពង់ផែអ៉ីរ៉ង់៕

អត្ថបទដែលជាប់ទាក់ទង