ក្រសួងព័ត៌មាន នឹងធ្វើឱ្យមន្ទីរព័ត៌មានទូទាំងប្រទេស មានភាព«រស់រវើក»

ភ្នំពេញ៖ ក្រសួងព័ត៌មាន នឹងដាក់ដំណើរការ គេហទំព័រ​មន្ទីរព័ត៌មានទាំង២៥ រាជធានី-ខេត្ត ​ដើម្បីធ្វើឱ្យមន្ទីរព័ត៌មានទូទាំងប្រទេស មានភាពរស់រវើក ក្នុងការ​ផ្សាយ​​ព័ត៌មាន និង​ការ​ធ្វើ​ទំនាក់ទំនងសាធារណៈ ទប់ទល់នឹង​រឿងរ៉ាវអវិជ្ជមានអំពីកម្ពុជានៅលើ​​អ៊ីនធឺណិត។ 

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ​បញ្ជាក់ថា បច្ចុប្បន្ន អ្នកជំនាញកំពុងពន្លឿន ការងារបង្កើតគេហទំព័រនេះ ធ្វើយ៉ាងណាឱ្យរួចរាល់នៅចុងខែ​មេសានេះ និងគ្រោងដំណើរ​ការសាកល្បង​នៅថ្ងៃទី៨ ខែឧសភា។

ក្នុងកិច្ចប្រជុំពិនិត្យ និងផ្តល់ធាតុចូល លើបទបង្ហាញ​ស្តីពីការអភិវឌ្ឍគេហទំព័រសម្រាប់​មន្ទីរ ព័ត៌មានរាជធានី-ខេត្ត កាលពីថ្ងៃទី២៨ ខែមេសា លោក នេត្រ ភក្ត្រា បង្ហាញពី​តម្រូវការ បន្ទាន់ក្នុងការកសាងទិន្នន័យជាតិដ៏រឹងមាំ ក្នុងវិស័យ​ឌីជីថល​។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន កត់សម្គាល់ថា ក្នុងចំណោមមន្ទីរព័ត៌មានទូទាំង​ប្រទេស មានតែមួយចំនួនតូច​ប៉ុណ្ណោះ មានដំណើរ​ការ​គេហទំព័រផ្លូវ​ការ ដែលនេះបង្ហាញពីគម្លាតមួយ នៅក្នុងហេដ្ឋារចនាសម្ព័ន្ធ ឌីជីថល និង​ការគ្រប់គ្រងទិន្នន័យ។

លោក នេត្រ ភក្ត្រា ​បញ្ជាក់បន្ថែម​ថា៖ «មន្ទីរព័ត៌មាន ទាំងអស់ ត្រូវតែបង្កើតគេហទំព័រ ដើម្បីបង្កើតទិន្នន័យនៅលើវេទិកាឌីជីថល ព្រោះគេហទំព័រ បម្រើជាឃ្លាំងទិន្នន័យសំខាន់ៗ សម្រាប់ព័ត៌មានផ្លូវការ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសុវត្ថិភាព និងភាពងាយ ស្រួលនៃការផ្ទុកទិន្នន័យ»។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានសង្កត់ធ្ងន់ អំពីសារៈនៃការពង្រឹងទិន្នន័យឌីជីថល ដែរ ពិ សេសសម្រាប់ការស្វែងរកប្រភពព័ត៌មានផ្សេងៗតាមប្រព័ន្ធអ៊ីនធឺណិត ខណៈសព្វថ្ងៃ មានព័ត៌មានអវិជ្ជមាន ឬបំភាន់អំពីប្រទេសកម្ពុជាច្រើន។

គេហទំព័រទាំងនេះ ក៏បម្រើជាមជ្ឈមណ្ឌលឌីជីថលសម្រាប់រក្សាទុក និងផ្សព្វផ្សាយ​ព័ត៌មាន ដោយធានាបាននូវលំហូរទំនាក់ទំនងរវាងរដ្ឋាភិបាល និងសាធារណជន ខណៈ​ពេលដែល​ពង្រឹងតម្លាភាព ទំនុកចិត្តពីសាធារណជននិងការចូលប្រើប្រាស់ព័ត៌មាន។ នេះជាការពន្យល់របស់ លោក នេត្រ ភក្ត្រា។

លោករដ្ឋមន្ត្រី  ក៏ណែនាំឱ្យគ្រប់មន្ទីរព័ត៌មាន​យកចិត្តទុកដាក់ ពង្រីកការផ្សព្វផ្សាយ​ នៅ​តាម​បណ្ដាញសង្គមហ្វេសប៊ុក, Instagram, TikTok និង Telegram រួមជាមួយនឹងកម្មវិធី​ទូរស័ព្ទ(Mobile App)ជាដើម។

បើតាមលោក នេត្រ ភក្ត្រា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គឺជាតួអង្គគាំទ្រដល់ការ​អភិវឌ្ឍ និងការគ្រប់គ្រងប្រព័ន្ធឌីជីថល នៃការបង្កើត​គេហទំព័រមន្ទីរព័ត៌មាន ២៥រាជធានី-ខេត្តនេះ។ ចំណែកក្រសួងព័ត៌មាន គាំទ្រប្រព័ន្ធគ្រប់គ្រងខ្លឹមសារ មុនចេញផ្សាយ ដើម្បីធានា​ភាព ត្រឹមត្រូវនៃព័ត៌មាន។ ​

ទន្ទឹមនឹងផែនការធ្វើឱ្យមន្ទីរព័ត៌មានទូទាំងប្រទេស មានភាពរស់រវើកនេះ លោក នេត្យ ភក្ត្រា រំឭកមន្ទីរព័​ត៌មាន​ទាំងអស់ ឱ្យធ្វើពិពិធកម្មខ្លឹមសារព័ត៌មាន ដើម្បីរួមបញ្ចូល​ព័ត៌មាន​អន្តរជាតិ ការកម្សាន្ត កីឡា សេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌ ព្រមទាំងផ្តោតលើការធ្វើ សមាហរណកម្មកម្មវិធីទូរទស្សន៍និងវិទ្យុ សម្រាប់ការផ្សាយបន្តផ្ទាយ និងបង្កើតបណ្ណសារ ឌីជីថល៕

អត្ថបទដែលជាប់ទាក់ទង