អ្នកនាំពាក្យការពារជាតិ៖ ពេលក្រុមអនុព័ន្ធយោធាបរទេស កំពុងសង្កេតការណ៍ និងត្រួតពិនិត្យ នៅច្រកអូរស្មាច់ មានករណីផ្ទុះអាវុធបង្កដោយយោធាថៃ ៥លើក

(ភ្នំពេញ)៖ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងថា នៅថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១០៖២០នាទីព្រឹក ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលដំណើរទស្សនកិច្ចលើកទី២ ប្រចាំឆ្នាំ២០២៦ របស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចុះសង្កេតការណ៍នៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ ក្រោយបទឈប់បាញ់ចូលជាធរមាន។

សូមគូសបញ្ជាក់ផងដែរថា មុនការចេញដំណើរទស្សនកិច្ចរបស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) នៃយោធភូមិភាគទី៤ កម្ពុជា បានចេញលិខិតជូនដំណឹងជាផ្លូវការជូនទៅកាន់ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) នៃកងទ័ពភូមិភាគទី២ ថៃ រួចរាល់ហើយ។ សកម្មភាពនៃការចុះសង្កេតការណ៍របស់ប្រទេសសមាជិកក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាសន្តិសុខ និងសន្តិភាព មិនត្រឹមតែរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់តំបន់ និងពិភពលោកទាំងមូលផងដែរ។

ជាការគួរឱ្យសោកស្តាយបំផុត ក្នុងអំឡុងពេលកំពុងសង្កេតការណ៍ និងត្រួតពិនិត្យនៅទីតាំងជាក់ស្តែង ក៏មានករណីផ្ទុះអាវុធបង្កឡើងដោយកម្លាំងយោធាថៃចំនួន ៥លើក ចន្លោះពីម៉ោង ១០៖៣៥នាទីព្រឹក ដល់ម៉ោង ១១៖០៩នាទី ដោយបានបាញ់កាំភ្លើងប្រភេទ M79 និងប្រភេទ M16 សរុបចំនួន ៩គ្រាប់។

ជាមួយគ្នានេះ កងកម្លាំងរបស់កម្ពុជាបាននឹងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់។ គួរបញ្ជាក់ផងដែរថា ហេតុការណ៍នេះគឺផ្ទុយទៅនឹងស្មារតីនៃបទឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរបានឯកភាពគ្នា ដើម្បីកាត់បន្ថយភាពតានតឹង និងលើកកម្ពស់សន្តិភាព សន្តិសុខ និងភាពស្ងប់ស្ងាត់នៅតាមបណ្តោយព្រំដែន។

ក្នុងនាមជារដ្ឋដែលគោរពច្បាប់ និងមានការទទួលខុសត្រូវខ្ពស់ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ហើយការសម្រេចបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសយើងទាំងពីរ ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងឯកភាពក្នុងអាស៊ាន គឺទាមទារការប្តេជ្ញាចិត្តពិតប្រាកដ និងការគោរពពេញលេញចំពោះច្បាប់អន្តរជាតិ ធម្មនុញ្ញអាស៊ាន ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ទាំងអស់ដែលចងភ្ជាប់យើង។

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញខ្ជាប់ខ្ជួននូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត សំដៅស្វែងរកដំណោះស្រាយដោយសន្តិវិធី យុត្តិធម៌ និងយូរអង្វែងស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង