យោធាថៃបាញ់កាំភ្លើងចំនួន៩គ្រាប់ ពេលក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា ចុះត្រួតពិនិត្យនៅច្រកអូរស្មាច់
នាព្រឹកថ្ងៃទី២៩ ខែមេសា ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំកម្ពុជា បានចុះសង្កេតការណ៍នៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ ក្រោមការសម្របសម្រួល របស់ក្រសួងការពារជាតិ។ ប៉ុន្តែ អំឡុងពេលក្រុមអនុព័ន្ធយោធាបរទេសកំពុងសង្កេតការណ៍ និងត្រួតពិនិត្យនៅទីតាំងជាក់ស្តែង កម្លាំងយោធាថៃបានបាញ់កាំភ្លើងប្រភេទ M-79 និងប្រភេទ M-16 ចំនួន ៩គ្រាប់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ។
ក្រសួងការពារជាតិ បានបញ្ជាក់ថា មុនចេញដំណើរទស្សនកិច្ចរបស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) នៃយោធភូមិភាគទី៤កម្ពុជា គឺបានចេញលិខិតជូនដំណឹងជាផ្លូវការទៅកាន់ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) នៃកងទ័ពភូមិភាគទី២ ថៃ រួចរាល់ហើយ។
បើតាមក្រសួងការពារជាតិ សម្មភាពនៃការចុះសង្កេតការណ៍របស់ប្រទេសសមាជិកក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំ កម្ពុជា បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាសន្តិសុខ និងសន្តិភាព មិនត្រឹមតែរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់តំបន់ និងពិភពលោកទាំងមូលផងដែរ។
« ជាការគួរឱ្យសោកស្តាយបំផុត ក្នុងអំឡុងពេលកំពុងសង្កេតការណ៍ និងត្រួតពិនិត្យនៅទីតាំងជាក់ស្តែង ក៏មានករណីផ្ទុះអាវុធបង្កឡើងដោយកម្លាំងយោធាថៃចំនួន ៥លើក ចន្លោះពីម៉ោង ១០:៣៥នាទីព្រឹក ដល់ម៉ោង ១១:០៩នាទី ដោយបានបាញ់កាំភ្លើងប្រភេទ M79 និងប្រភេទ M16 សរុបចំនួន ៩គ្រាប់។»។ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់បែបនេះក្នុងសេចក្តីប្រកាសព័ត៌មាន នារសៀលថ្ងៃទី២៩ ខែមេសា។ តែយ៉ាងណាមិញ លោកស្រីបានបញ្ជាក់ថា កងកម្លាំងរបស់កម្ពុជាបាននឹងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់។
អ្នកនាំពាក្យក្រសួងការពារជាតិ បានគុសបញ្ជាក់ថា ហេតុការណ៍ផ្ទុះអាវុធបង្កដោយភាគីថៃនេះ គឺផ្ទុយទៅនឹងស្មារតីនៃបទឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងឡាយ ដែលភាគីទាំងពីរបានឯកភាពគ្នា ដើម្បីកាត់បន្ថយភាពតានតឹង និងលើកកម្ពស់សន្តិភាព សន្តិសុខ និងភាពស្ងប់ស្ងាត់នៅតាមបណ្តោយព្រំដែន។
«ក្នុងនាមជារដ្ឋ ដែលគោរពច្បាប់ និងមានការទទួលខុសត្រូវខ្ពស់ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ហើយការសម្រេចបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសយើងទាំងពីរ ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងឯកភាពក្នុងអាស៊ាន គឺទាមទារការប្តេជ្ញាចិត្តពិតប្រាកដ និងការគោរពពេញលេញចំពោះច្បាប់អន្តរជាតិ ធម្មនុញ្ញអាស៊ាន ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ទាំងអស់ដែលចងភ្ជាប់យើង។»។ នេះជាការអះអាងជាថ្មីរបស់អ្នកនាំពាក្យក្រសួងការពារជាតិ។
ក្រសួងការពារជាតិ សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញខ្ជាប់ខ្ជួននូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត សំដៅស្វែងរកដំណោះស្រាយដោយសន្តិវិធី យុត្តិធម៌ និងយូរអង្វែងស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ៕