ក្រសួងព័ត៌មាន នឹងធ្វើឱ្យមន្ទីរព័ត៌មានទូទាំងប្រទេស មានភាព«រស់រវើក»
ភ្នំពេញ៖ ក្រសួងព័ត៌មាន នឹងដាក់ដំណើរការ គេហទំព័រមន្ទីរព័ត៌មានទាំង២៥ រាជធានី-ខេត្ត ដើម្បីធ្វើឱ្យមន្ទីរព័ត៌មានទូទាំងប្រទេស មានភាពរស់រវើក ក្នុងការផ្សាយព័ត៌មាន និងការធ្វើទំនាក់ទំនងសាធារណៈ ទប់ទល់នឹងរឿងរ៉ាវអវិជ្ជមានអំពីកម្ពុជានៅលើអ៊ីនធឺណិត។
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បញ្ជាក់ថា បច្ចុប្បន្ន អ្នកជំនាញកំពុងពន្លឿន ការងារបង្កើតគេហទំព័រនេះ ធ្វើយ៉ាងណាឱ្យរួចរាល់នៅចុងខែមេសានេះ និងគ្រោងដំណើរការសាកល្បងនៅថ្ងៃទី៨ ខែឧសភា។
ក្នុងកិច្ចប្រជុំពិនិត្យ និងផ្តល់ធាតុចូល លើបទបង្ហាញស្តីពីការអភិវឌ្ឍគេហទំព័រសម្រាប់មន្ទីរ ព័ត៌មានរាជធានី-ខេត្ត កាលពីថ្ងៃទី២៨ ខែមេសា លោក នេត្រ ភក្ត្រា បង្ហាញពីតម្រូវការ បន្ទាន់ក្នុងការកសាងទិន្នន័យជាតិដ៏រឹងមាំ ក្នុងវិស័យឌីជីថល។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន កត់សម្គាល់ថា ក្នុងចំណោមមន្ទីរព័ត៌មានទូទាំងប្រទេស មានតែមួយចំនួនតូចប៉ុណ្ណោះ មានដំណើរការគេហទំព័រផ្លូវការ ដែលនេះបង្ហាញពីគម្លាតមួយ នៅក្នុងហេដ្ឋារចនាសម្ព័ន្ធ ឌីជីថល និងការគ្រប់គ្រងទិន្នន័យ។
លោក នេត្រ ភក្ត្រា បញ្ជាក់បន្ថែមថា៖ «មន្ទីរព័ត៌មាន ទាំងអស់ ត្រូវតែបង្កើតគេហទំព័រ ដើម្បីបង្កើតទិន្នន័យនៅលើវេទិកាឌីជីថល ព្រោះគេហទំព័រ បម្រើជាឃ្លាំងទិន្នន័យសំខាន់ៗ សម្រាប់ព័ត៌មានផ្លូវការ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសុវត្ថិភាព និងភាពងាយ ស្រួលនៃការផ្ទុកទិន្នន័យ»។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានសង្កត់ធ្ងន់ អំពីសារៈនៃការពង្រឹងទិន្នន័យឌីជីថល ដែរ ពិ សេសសម្រាប់ការស្វែងរកប្រភពព័ត៌មានផ្សេងៗតាមប្រព័ន្ធអ៊ីនធឺណិត ខណៈសព្វថ្ងៃ មានព័ត៌មានអវិជ្ជមាន ឬបំភាន់អំពីប្រទេសកម្ពុជាច្រើន។
គេហទំព័រទាំងនេះ ក៏បម្រើជាមជ្ឈមណ្ឌលឌីជីថលសម្រាប់រក្សាទុក និងផ្សព្វផ្សាយព័ត៌មាន ដោយធានាបាននូវលំហូរទំនាក់ទំនងរវាងរដ្ឋាភិបាល និងសាធារណជន ខណៈពេលដែលពង្រឹងតម្លាភាព ទំនុកចិត្តពីសាធារណជននិងការចូលប្រើប្រាស់ព័ត៌មាន។ នេះជាការពន្យល់របស់ លោក នេត្រ ភក្ត្រា។
លោករដ្ឋមន្ត្រី ក៏ណែនាំឱ្យគ្រប់មន្ទីរព័ត៌មានយកចិត្តទុកដាក់ ពង្រីកការផ្សព្វផ្សាយ នៅតាមបណ្ដាញសង្គមហ្វេសប៊ុក, Instagram, TikTok និង Telegram រួមជាមួយនឹងកម្មវិធីទូរស័ព្ទ(Mobile App)ជាដើម។
បើតាមលោក នេត្រ ភក្ត្រា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គឺជាតួអង្គគាំទ្រដល់ការអភិវឌ្ឍ និងការគ្រប់គ្រងប្រព័ន្ធឌីជីថល នៃការបង្កើតគេហទំព័រមន្ទីរព័ត៌មាន ២៥រាជធានី-ខេត្តនេះ។ ចំណែកក្រសួងព័ត៌មាន គាំទ្រប្រព័ន្ធគ្រប់គ្រងខ្លឹមសារ មុនចេញផ្សាយ ដើម្បីធានាភាព ត្រឹមត្រូវនៃព័ត៌មាន។
ទន្ទឹមនឹងផែនការធ្វើឱ្យមន្ទីរព័ត៌មានទូទាំងប្រទេស មានភាពរស់រវើកនេះ លោក នេត្យ ភក្ត្រា រំឭកមន្ទីរព័ត៌មានទាំងអស់ ឱ្យធ្វើពិពិធកម្មខ្លឹមសារព័ត៌មាន ដើម្បីរួមបញ្ចូលព័ត៌មានអន្តរជាតិ ការកម្សាន្ត កីឡា សេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌ ព្រមទាំងផ្តោតលើការធ្វើ សមាហរណកម្មកម្មវិធីទូរទស្សន៍និងវិទ្យុ សម្រាប់ការផ្សាយបន្តផ្ទាយ និងបង្កើតបណ្ណសារ ឌីជីថល៕
