ជម្លោះគុយបា-អាមេរិក៖ លោក ត្រាំ​ ​ថា ​នឹង​ចូល​កាន់​កាប់​គុយ​បា​ភ្លាម​ៗ ​ក្រោយ​បញ្ចប់​នៅ​​អ៊ីរ៉ង់

ប្រធានាធិបតី សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ លើក​ឡើង​កាលពីថ្ងៃសុក្រថា សហរដ្ឋ​អាមេរិក​នឹង​ចូលកាន់កាប់​ប្រទេសគុយបា «ភ្លាមៗ» ដោយ​បង្ហាញ​ថា នាវាផ្ទុកយន្តហោះអាមេរិកមួយគ្រឿង​អាចត្រូវបាន​ដាក់ពង្រាយ​នៅ​ឯនាយសមុទ្រ ដើម្បីបង្ខំឱ្យប្រទេសកោះនេះចុះចាញ់។ នេះ​បើ​យោង​តាម​ភ្នាក់​ងារសារព័ត៌មាន​តួក​គី Anadolu ផ្សាយ​ថ្ងៃ​ទី​២ ខែ៥ ឆ្នាំ​២០២៦ ។

លោក ត្រាំ ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយនៅរដ្ឋ  Florida ថា៖ « គុយបា! យើងនឹងចូលកាន់​កាប់ស្ទើរតែភ្លាមៗ។ ជនជាតិគុយបា​មាន​បញ្ហា»។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ។ រូបភាព៖ Reuters

លោក ត្រាំ បានបង្ហាញថា ចលនានេះនឹងធ្វើឡើង បន្ទាប់ពីសង្គ្រាមរវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលលើអ៊ីរ៉ង់ ដោយលោកនិយាយ​ថា ​ទីក្រុងវ៉ាស៊ីនតោននឹងដាក់​ពង្រាយនាវាចម្បាំងមួយគ្រឿង ពេល​ត្រឡប់​មក​ពី​សង្រ្គាម​នៅ​អ៊ីរ៉ង់​វិញ។

លោកមានប្រសាសន៍ថា៖ « នៅតាមផ្លូវត្រឡប់​មក​ពីអ៊ីរ៉ង់វិញ យើង​នឹងដាក់នាវាផ្ទុកយន្តហោះធំមួយរបស់​យើង ប្រហែលជានាវាផ្ទុកយន្ត​ហោះ USS Abraham Lincoln ដែល​ធំជាងគេបំផុត​នៅលើពិភពលោក! យើង​នឹងឱ្យនាវានោះចូល​មកឈប់ ​នៅចម្ងាយប្រហែល ៩០ម៉ែត្រនៅ​ឯនាយ​សមុទ្រ»។

លោក​បន្ថែម​ទៀត​ថា៖ « ការ​បង្ហាញ​កម្លាំង​តែ​មួយ​មុខ​នឹង​ធ្វើ​​ឱ្យ​ប្រទេស​​គុយបា​​ចុះចាញ់! ពួកគេ​នឹង​​និយាយ​​ថា ​អរគុណ​ច្រើន។ យើង[គុយ​បាន] ​​ចុះចាញ់ហើយ។ ខ្ញុំ​​ចូលចិត្ត​បញ្ចប់​​ការងារ​នេះ»។

លោក ត្រាំ​​ បាន​ចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ​កាលពីថ្ងៃសុក្រ ដាក់ទណ្ឌកម្ម​ថ្មី​លើបុគ្គល និងអង្គភាពដែល​មានទំនាក់ទំនង​ជាមួយប្រទេស​គុយបា ដោយលើកឡើង​ពីការព្រួយបារម្ភអំពី​ការគំរាម​កំហែងដល់សន្តិសុខជាតិ និងគោលនយោបាយ​ការបរទេស​របស់​សហរដ្ឋ​អាមេរិក។

លោកនិយាយ​ម្តងហើយម្តងទៀតថា៖ « ប្រទេសគុយបាគឺ​ជាប្រទេស​បន្ទាប់ បន្ទាប់ពីប្រតិបត្តិការយោធា​ប្រឆាំងនឹងអ៊ីរ៉ង់ ហើយកោះ​ការ៉ាប៊ីន​នេះនឹង​បរាជ័យឆាប់ៗនេះ »៕

អត្ថបទដែលជាប់ទាក់ទង