ចិន និងរុស្ស៊ី ប្រើសិទ្ធិវេតូ បញ្ចប់អាណត្តិក្រុមអ្នកជំនាញ UN ដែលត្រួតពិនិត្យទណ្ឌកម្មលើអ៊ីរ៉ង់
ប្រទេសរុស្ស៊ី និងចិន បានប្រើសិទ្ធិបដិសេធ «វេតូ (veto)» ប្រឆាំងនឹងសេចក្តីសម្រេចចិត្តមួយ គាំទ្រដោយសហរដ្ឋ អាមេរិកនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) ដោយនឹងអនុញ្ញាតឱ្យអ្នកជំនាញរបស់ UN បន្តតាមដាន ដើម្បីដាក់ទណ្ឌកម្មលើអ៊ីរ៉ង់។ នេះបើយោងតាមសារព័ត៌មាន Al Jazeera និង Reuters ផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ។

សេចក្តីសម្រេចចិត្តនោះ ត្រូវបានច្រានចោលកាលពីថ្ងៃព្រហស្បតិ៍ នឹងពង្រីកអាណត្តិសម្រាប់តាមដានដោយឯករាជ្យនូវទណ្ឌកម្មនានា ដែលត្រូវបានដាក់ឡើងវិញកាលពីឆ្នាំមុន បន្ទាប់ពីបណ្តាប្រទេសលោកខាងលិចចោទប្រកាន់អ៊ីរ៉ង់ថា បានរំលោភលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ។ យ៉ាងណាទីក្រុងតេហេរ៉ង់បានបដិសេធថា ខ្លួនមិនបានស្វែងរកអាវុធនុយក្លេអ៊ែរ ឬរំលោភលើកិច្ចព្រមព្រៀងឡើយ។
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំ UN, លោក Vassily Nebenzia បានថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខ បន្ទាប់ពីការបោះឆ្នោតថា៖ «យើងសូមជំរុញយ៉ាងមុតមាំដល់ភាគីលោកខាងលិចឱ្យបញ្ឈប់សកម្មភាពដ៏គ្រោះថ្នាក់របស់ពួកគេពាក់ព័ន្ធនឹងបញ្ហាអ៊ីរ៉ង់ ព្រោះវាជាគំរាមកំហែង ធ្វើឱ្យការដោះស្រាយវិបត្តិនៅឈូងសមុទ្រពែរ្សកាន់តែមានភាពស្មុគស្មាញថែមទៀត»។
គួរបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខធ្លាប់បានបង្កើតគណៈកម្មការអ្នកជំនាញឯករាជ្យមួយឡើងវិញ ដើម្បីតាមដាននិងរាយការណ៍អំពីការរំលោភលើវិធានការដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ រួមទាំងការផ្តល់អនុសាសន៍លើវិធានការបន្ថែមផ្សេងៗទៀត។
ប៉ុន្តែអ្នកជំនាញទាំងនោះមិនត្រូវបានតែងតាំងឡើយ ដោយសារមានការខ្វែងគំនិតគ្នាក្នុងចំណោមរដ្ឋសមាជិក ដែលមិនអាចសម្រេចបាននូវការឯកភាពគ្នា នៅក្នុងក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិកចំនួន ១៥ ប្រទេស។
កាលពីថ្ងៃព្រហស្បតិ៍ សមាជិកចំនួន ១១ប្រទេស បានបោះឆ្នោតគាំទ្រការបន្តអាណត្តិរបស់ក្រុមប្រឹក្សាសន្តិសុខក្នុងការតាមដានការអនុវត្តទណ្ឌកម្ម ខណៈប្រទេសប៉ាគីស្ថាន និងសូម៉ាលី បានសម្រេចចិត្តមិនចូលរួមបោះឆ្នោត។
គណៈប្រតិភូអ៊ីរ៉ង់ប្រចាំ UN ថ្លែងអំណរគុណដល់ប្រទេសរុស្ស៊ី និងចិន លើការជំទាស់នឹងសេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់អាមេរិក ដែលអ៊ីរ៉ង់ចាត់ទុកថាជាចេតនានយោបាយ។ អ៊ីរ៉ង់ថា ប្រទេសទាំងពីររារាំងការប៉ុនប៉ងដ៏អាក្រក់មួយទៀតរបស់អាមេរិកនិងសម្ព័ន្ធមិត្ត ក្នុងការប្រើប្រាស់ក្រុមប្រឹក្សាសន្តិសុខ ដើម្បីផលប្រយោជន៍នយោបាយប៉ុណ្ណោះ៕
