គុយវ៉ែត ចាប់ខ្លួនសមាជិកកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ៤នាក់ ពេលចូលតាមផ្លូវសមុទ្រ
ទីភ្នាក់ងារសារព័ត៌មានរដ្ឋគុយវ៉ែត KUNA បានរាយការណ៍ដោយដកស្រង់សម្តីរបស់ក្រសួងមហាផ្ទៃគុយវ៉ែត កាលពីថ្ងៃអង្គារ ទី១២ ខែឧសភា ថា អាជ្ញាធរបានចាប់ខ្លួនមនុស្ស ៤នាក់ ដែលមានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បន្ទាប់ពីពួកគេបានព្យាយាមលួចចូលទឹកដីគុយវ៉េតតាមផ្លូវសមុទ្រ។

ក្រសួងមហាផ្ទៃគុយវ៉ែត បានបន្ថែមថា នៅក្នុងព្រឹត្តិការណ៍នោះ សមាជិកកងកម្លាំងប្រដាប់អាវុធគុយវ៉ែតម្នាក់ បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នា ជាមួយនឹងក្រុមអ្នកលួចចូលដែនទឹកទាំងនោះ។
ក្រសួងការបរទេសគុយវ៉ែត ក៏បានបញ្ជាក់ថា ខ្លួនបានកោះហៅឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំប្រទេសខ្លួន ដើម្បីប្រគល់លិខិតតវ៉ាមួយ ជុំវិញករណីដែលពួកគេហៅថាជា «ការលួចចូលមកកាន់កោះ Bubiyan» ដោយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់។ គុយវ៉ែត បានថ្កោលទោសទង្វើនេះថា ជាសកម្មភាពអរិភាព និងប្រកាសថា ខ្លួនរក្សាសិទ្ធិពេញលេញក្នុងការការពារអធិបតេយ្យភាព ស្របតាមមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។
ទោះជាយ៉ាងណាក៏ដោយ ប្រទេសអ៊ីរ៉ង់បានចេញមុខថ្កោលទោសចំពោះការចាប់ខ្លួននេះ ដោយពន្យល់ថា អ្នកទាំង ៤ នាក់នោះ គឺជាកងល្បាតជើងទឹក ហើយបានបើកចូលទៅក្នុងដែនទឹករបស់ប្រទេសគុយវ៉ែត ដោយសារតែ «មានបញ្ហារអាក់រអួលលើប្រព័ន្ធរុករក» តែប៉ុណ្ណោះ។
ទន្ទឹមនឹងនេះ ទីក្រុងតេហេរ៉ង់ក៏បានទាត់ចោលការចោទប្រកាន់របស់គុយវ៉ែត ដែលថាអ៊ីរ៉ង់មានផែនការធ្វើ «សកម្មភាពអរិភាព» ប្រឆាំងនឹងខ្លួន ហើយបានទាមទារឲ្យគុយវ៉ែតអនុញ្ញាតឲ្យស្ថានទូតអ៊ីរ៉ង់ ចូលជួបសាកសួរពលរដ្ឋខ្លួនដែលកំពុងត្រូវឃាត់ខ្លួនទាំងនោះផងដែរ។
ដោយឡែក ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីតឯណោះក៏បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ថ្កោលទោសការលួចចូលរបស់ក្រុមប្រដាប់អាវុធមកពីកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) មកលើកោះ Bubiyan ដើម្បីធ្វើសកម្មភាពអរិភាពប្រឆាំងនឹងប្រទេសគុយវ៉ែត ដែលជាបងប្អូនរបស់យើង»។
ស្ថាប័នដដែលនេះក៏បានបញ្ជាក់ជាថ្មីពីការទាត់ចោលទាំងស្រុងចំពោះ ការវាយប្រហារទាំងឡាយណាដែលប៉ះពាល់ដល់អធិបតេយ្យភាពរបស់គុយវ៉ែត ដោយបានបន្ថែមថា ការរំលោភបំពានបែបនេះ គឺកំពុងបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដែលមានគោលបំណងស្តារសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់៕