នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បង្ក្រាបករណីជំរិតទារប្រាក់ បន្លំជានគរបាល ឃាត់ខ្លួនជនសង្ស័យ៨នាក់
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យសរុបចំនួន៨នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ពីជនរងគ្រោះជាជនជាតិចិន ដោយបន្លំខ្លួនជានគរបាល អស់ទឹកប្រាក់មួយចំនួនធំ។

ប្រតិបត្តិការនេះ ធ្វើឡើងជាបន្តបន្ទាប់ក្រោយពីកម្លាំងជំនាញបានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ TANG CAIYOU ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន ដែលបានប្ដឹងថា ខ្លួនត្រូវបានជនមិនស្គាល់អត្តសញ្ញាណមួយក្រុមមានគ្នា៣នាក់ ជាជនជាតិខ្មែរ និងចិន បានធ្វើសកម្មភាពបង្ខាំង និងជំរិតទារប្រាក់ពីខ្លួនអស់ចំនួន១២,០០០USD និង៨១,០០០USDT វេលាម៉ោង០០និង៣០នាទី ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦កន្លងទៅ។ តាមការបញ្ជាក់ពីជនរងគ្រោះ ក្រោយពីធ្វើសកម្មភាព ក្រុមជនសង្ស័យបានដឹករូបខ្លួនទៅដាក់នៅក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ពោធិ៍ចិនតុង។

ក្រោយពីទទួលបានពាក្យបណ្តឹង កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញរកឃើញថា បន្ទាប់ពីធ្វើសកម្មភាពរួចក្រុមជនសង្ស័យបានយករថយន្តប្រព្រឹត្តបទល្មើសទៅផ្លុងចោលនៅចំណុចភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ រួចក៏បានបន្តឡើងជិះរថយន្តតាក់ស៊ី១គ្រឿងម៉ាក Toyota Prius។

ក្រោយមកនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៨នាក់រួមមាន ១៖ ឈ្មោះ HUANG WENJING ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន ត្រង់ចំណុចផ្លូវ113ខេ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ២៖ ឈ្មោះ YAW BAY NAR ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិមីយ៉ាន់ម៉ា។ ៣៖ ឈ្មោះ CHIT PO PO ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិមីយ៉ាន់ម៉ា។ ៤៖ ឈ្មោះ SAI MWAN KHAY ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិមីយ៉ាន់ម៉ា។ ៥៖ ឈ្មោះ LI YANG ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន។ ៦៖ ឈ្មោះ LONG XIAOHUI ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន។ ៧៖ ឈ្មោះ CHEN XIAOQIANG ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន ត្រង់ចំណុចភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ ៨៖ ឈ្មោះ SHAO MINGBO ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន ត្រង់ចំណុចភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
ក្រោយពីឃាត់ខ្លួន ក្រុមជនសង្ស័យត្រូវបានកម្លាំងជំនាញបញ្ជូនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌដើម្បីធ្វើការសាកសួរ និងអនុវត្តតាមនិតិវិធីច្បាប៕
