ត្រាំ ថា មិនទាន់ពេញចិត្តទេ ចំពោះលក្ខខណ្ឌនៃកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ហើយត្រៀមវាយប្រហារជានិច្ច
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទម្លាយថា លោកពិតជាមិនទាន់ពេញចិត្តនៅឡើយទេ ចំពោះលក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាព ជាមួយទីក្រុងតេហេរ៉ង់ ហើយគំរាមថា ត្រៀមបើកការវាយប្រហារជានិច្ច បើគ្មានកិច្ចព្រមព្រៀងណាមួយ អាចសម្រេចបានទេនោះ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន អំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅសេតវិមាន កាលពីថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២៦ ប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន លើកឡើងថា អ៊ីរ៉ង់ ចង់បានកិច្ចព្រមព្រៀងបញ្ចប់ជម្លោះ ប៉ុន្តែមកទល់ឥឡូវ ពួកគេអត់ទាន់អាចទៅដល់ចំណុចនោះបានឡើយ ហើយយើង ក៏មិនទាន់ពេញចិត្តនឹងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងដែរ ប៉ុន្តែយើងត្រូវតែបញ្ចប់ការងារនេះ ឲ្យបានរួចរាល់។
ពាក់ព័ន្ធរឿងច្រកសមុទ្រ Hormuz, លោកត្រាំ បញ្ជាក់យ៉ាងច្បាស់ថា គ្មាននរណាម្នាក់ នឹងមានសិទ្ធិគ្រប់គ្រងលើច្រកសមុទ្រនេះឡើយ ហើយវានឹងត្រូវបើក ភ្លាមៗ។
ស្របពេលជាមួយគ្នានោះ លោកត្រាំ បានបោះពាក្យសម្តីគំរាមថា សហរដ្ឋអាមេរិក ត្រៀមខ្លួនជាប់ជានិច្ច ក្នុងការបើកប្រតិបត្តិការយោធាសាជាថ្មី បើកិច្ចព្រមព្រៀងណាមួយ ទទួលបរាជ័យ។

យ៉ាងណា ជុំវិញលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះផងដែរ ភាគីខាងអ៊ីរ៉ង់ ឯណោះ ក៏បានដាក់ឱសានវាទយ៉ាងម៉ឺងម៉ាត់ដូចគ្នាថា ខ្លួននឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពណាមួយដាច់ខាត បើទីក្រុងវ៉ាស៊ីនតោន មិនព្រមបញ្ចេញទ្រព្យសម្បត្តិដែលត្រូវបានបង្កកទុក មានតម្លៃរហូតដល់ ២៤ពាន់លានដុល្លារ។
ចុះផ្សាយថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ សារព័ត៌មាន The Telegraph បានឲ្យដឹងថា លក្ខខណ្ឌដាច់ខាតនេះ ត្រូវបានប្រកាសឡើងដោយ ប្រធានអ្នកចរចារបស់អ៊ីរ៉ង់ Mohammad Bagher Ghalibaf និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi ក្នុងជំនួបការទូតមួយ ជាមួយមន្ត្រីប្រទេសកាតា នៅទីក្រុងដូហា ប្រទេសកាតា។
ភាគីអ៊ីរ៉ង់ សង្កត់ធ្ងន់ថា ទឹកប្រាក់ពាក់កណ្តាល ពោលគឺ ១២ពាន់លានដុល្លារ ត្រូវតែផ្ទេរមកឲ្យពួកគេភ្លាមៗ នៅពេលប្រកាសអនុស្សរណៈនៃការយោគយល់គ្នា ហើយទឹកប្រាក់ដែលនៅសល់ ត្រូវតែបញ្ចេញឲ្យអស់ក្នុងរយៈពេល ៦០ថ្ងៃបន្ទាប់៕