អាល្លឺម៉ង់ចង់ធ្វើជាអ្នកសម្របសម្រួលជម្លោះកម្ពុជា-ថៃ
រដ្ឋមន្ត្រីប្រតិភូទទួលបន្ទុកអឺរ៉ុបនៃប្រទេសអាល្លឺម៉ង់លោក Gunther Krichbaum បានលើកឡើងថាប្រទេសលោកមានបំណងចង់ធ្វើជា «អ្នកសម្របសម្រួលដោយស្មោះត្រង់» ដើម្បីរួមចំណែកដោះស្រាយបញ្ហាព្រំដែនកម្ពុជា។ នេះបើតាមការឱ្យដឹងតាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសពីលទ្ធផលជំនួបទ្វេភាគីរបស់រដ្ឋមន្ត្រីការបរទេសកម្ពុជានៅទីក្រុងញូវយ៉កនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ។

ក្នុងសេចក្ដីប្រកាសព័ត៌មាននោះក្រសួងការបរទេសកម្ពុជាឱ្យដឹងថា លោក Gunther Krichbaum បានលើកឡើងប្រាប់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថា អាល្លឺម៉ង់ទទួលស្គាល់ពីសភាពធ្ងន់ធ្ងរនៃស្ថានភាពព្រំដែនកម្ពុជា និងប្រជាជនភៀសសឹក ដោយប្រទេសនេះមានបំណងចង់ធ្វើ «អ្នកសម្របសម្រួលដោយស្មោះត្រង់» ដើម្បីរួមចំណែកដោះស្រាយបញ្ហានេះ។
ពុំមានព័ត៌មានយ៉ាងណាបន្ថែមពីជំនួបនេះទេ ខណៈរដ្ឋមន្ត្រីការបរទេសកម្ពុជាមានជំនួបជាមួយតំណាងប្រទេសជាច្រើនក្នុងពេលដែលលោកបានចូលរួមកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃទី២៦ ខែឧសភានោះ។

យ៉ាងណាក្ដីក្រសួងបានសរសេរបញ្ជាក់ពីជំហរកម្ពុជានៅខាងក្រោមនៃសេចក្ដីប្រកាសនោះថា៖ «តាមរយៈជំនួបទ្វេភាគីដ៏ទូលំទូលាយទាំងនេះ កម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់ខ្លួនក្នុងការអនុវត្តច្បាប់អន្តរជាតិ ការគោរពគ្នាទៅវិញទៅមក និងការដោះស្រាយជម្លោះដោយសន្ដិវិធីដើម្បីធានាបាននូវសន្ដិភាព សន្ដិសុខ និងស្ថិរភាព សម្រាប់តំបន់និងពិភពលោក»។

ទាក់ទងនឹងបំណងរបស់អាល្លឺម៉ង់នេះសម្រាប់អ្នកតាមដានភូមិសាស្ត្រនយោបាយលោកបណ្ឌិត ជ័យ តិច យល់ថានេះជាព័ត៌មានល្អមួយដែលប្រទេសអាល្លឺម៉ង់ដែលជាអ្នកមានឥទ្ធិពលនៅអឺរ៉ុបចាប់អារម្មណ៍លើជម្លោះ និងចង់ចូលខ្លួនមកជួយសម្របសម្រួលទំនាស់ព្រំដែនរវាងកម្ពុជានិងថៃនេះ។ លោកថាអាល្លឺម៉ង់មានទំនាក់ទំនងល្អទាំងកម្ពុជា និងថៃ ហើយលើសពីនេះទៀតប្រទេសនេះគឺជាប្រទេសដែលព្រះមហាក្សត្រថៃបច្ចុប្បន្នធំធាត់ និងចំណាយពេលរស់នៅច្រើនមុនពេលព្រះអង្គឡើងគ្រងរាជ្យ ដែលអាចមានទឹកមាត់ប្រៃក្នុងការចូលខ្លួនមកសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនកម្ពុជានិងថៃបាន។
លោកថា៖ «សម្រាប់ការយល់ឃើញរបស់ខ្ញុំបើសិនបងធំទាំងពីររបស់អឺរ៉ុបគឺអាល្លឺម៉ង់និងបារាំង រួមគ្នាដោះស្រាយបញ្ហាឈ្លានពានរបស់ថៃមកលើកម្ពុជានេះគឺនឹងអាចចេញជាលទ្ធផលដ៏ល្អ។ ទី១គឺអាល្លឺម៉ង់អាចជាអ្នកសម្របសម្រួលចេញមុខ ហើយដោយមានការសហការបច្ចេកទេសផ្លូវច្បាប់ហើយនឹងឯកសារពីប្រទេសបារាំងនោះគឺការដោះស្រាយបញ្ហារវាងថៃនិងកម្ពុជានឹងអាចសម្រេចជាផ្លែផ្កា»។
គួរឱ្យដឹងផងដែរ រដ្ឋមន្ត្រីការបរទេសកម្ពុជាលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអញ្ជើញធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកដើម្បីចូលរួមកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី២៦ ខែឧសភាកន្លងទៅ ក្នុងឱកាសនោះលោករដ្ឋមន្ត្រីការបរទេសកម្ពុជាបានថ្លែងថាបទឈប់បាញ់និងកិច្ចព្រមព្រៀងសន្តិភាពជាមួយប្រទេសថៃគឺនៅតែមានភាពផុយស្រួលដោយសារសកម្មភាពរបស់ប្រទេសថៃនៅលើដីដែលបានឈ្លានពានកម្ពុជា។ លោកជំរុញឱ្យមានការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ ព្រមទាំងសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដោយស្មោះត្រង់ និងការគោរពគ្នាទៅវិញទៅមកដើម្បីស្ដារទំនុកចិត្តឡើងវិញ ធានាសន្ដិភាពយូរអង្វែង និងការអនុញ្ញាតឱ្យប្រជាពលរដ្ឋដែលភៀសសឹក អាចវិលត្រលប់ទៅផ្ទះវិញដោយសុវត្ថិភាព និងសេចក្ដីថ្លៃថ្នូរ។
លោក ប្រាក់ សុខុន បានជំរុញដល់សហគមន៍អន្តរជាតិបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងដោយសន្ដិវិធីទាំងនេះ ដើម្បីប្រយោជន៍នៃប្រទេសទាំងពីរ ដ៏ដូចជាសន្ដិភាព ស្ថិរភាព និងវិបុលភាពបន្តបន្ទាប់នៅក្នុងតំបន់ទាំងមូល៕

