រុស្ស៊ី ព្រមាន​​អាមេនី​ថា នឹង​​​ផ្តាច់ប្រេង ឧស្ម័ន និង​ត្បូង តម្លៃ​ថោក បើ​នៅតែ​ព្យាយាម​ចូល​ជាសមាជិក​​អឺរ៉ុប

ប្រទេសរស្ស៊ី កាលពីថ្ងៃ ទី២៧ ខែឧសភា បានព្រមានប្រទេសអាមេនីដែលខ្លួន​ធ្លាប់​​ផ្តល់​ការការពារ​ផ្នែកសន្តិសុខ​កន្លង​មក ថា រុស្ស៊ី​នឹងផ្អាក ឬបញ្ឈប់ការផ្គត់ផ្គង់ប្រេង ឧស្ម័នធម្មជាតិ និងត្បូងពេជ្រមិនទាន់កែច្នៃក្នុងតម្លៃថោក ទៅកាន់ប្រទេសស្ថិតក្នុងតំបន់កូកា​សខាងត្បូងមួយនេះ ប្រសិនបើ​​អាមេនី​ នៅតែព្យាយាម​​ចូលជាសមាជិកសហភាពអឺរ៉ុប (EU)។

នាយករដ្ឋមន្ត្រីអាមេនី នីកូល ផាស៊ីនយ៉ាន និង ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ចូលរួមកិច្ចប្រជុំមួយនៅវិមានក្រឹមឡាំង

យោងតាមការចេញផ្សាយពីសារព័ត៌មាន Reuters ទីក្រុងមូស្គូបាន​ដាក់​ការព្រមាននេះ មុនពេលការបោះឆ្នោតសភាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែមិថុនា ខាងមុខ ខណៈដែលការស្ទង់មតិ បានបង្ហាញថា គណបក្សកិច្ចសន្យាស៊ីវិល (Civil Contract) របស់នាយករដ្ឋមន្ត្រី លោក នីកុល ផាស៊ីនីយ៉ាន (Nikol Pashinyan) កំពុងនាំមុខដាច់ទៅ​លើ​គូប្រជែងដែលគាំទ្ររុស្ស៊ី។ លោក ផាស៊ីនីយ៉ាន គឺជាអ្នកដែលបានកសាងទំនាក់ទំនងកាន់តែកក់ក្តៅជាមួយបណ្តាប្រទេស​លោកខាងលិច ដែលធ្វើឲ្យទីក្រុងមូស្គូមានការខកចិត្តយ៉ាងខ្លាំង។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី អ្នកស្រី Maria Zakharova បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន​រុស្ស៊ី RIA ថា «ស្ថានទូតរុស្ស៊ីបានបញ្ជូនលិខិតផ្លូវការមួយ ដោយបញ្ជាក់ថា ប្រសិនបើដំណើរការនៃការចូលជាសមាជិកសហភាពអឺរ៉ុបនៅតែបន្ត ភាគីរុស្ស៊ីនឹងផ្អាក ឬលុបចោលកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការក្នុងការផ្គត់ផ្គង់ឧស្ម័នធម្មជាតិ ផលិត​ផល​ប្រេង និងត្បូងពេជ្រមិនទាន់កែច្នៃ ដោយឯកតោភាគី»។

អាមេនី ដែលជាប្រទេសគ្មានឆ្នេរ​សមុទ្រ និងមានប្រជាជនប្រហែល ៣ លាននាក់ ជាប្រពៃណីមានទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ី ហើយក៏ជាសមាជិកនៃប្លុកសេដ្ឋកិច្ចដឹកនាំដោយរុស្ស៊ីផងដែរ។ ប្រទេសនេះក៏ជាកន្លែងដាក់មូលដ្ឋានទ័ពរុស្ស៊ី និងពឹងផ្អែកខ្លាំងលើទីក្រុងមូស្គូសម្រាប់វិស័យ​ថាមពល ដោយកាលពីឆ្នាំមុន ៨២​ភាគរយនៃឧស្ម័នរបស់​ប្រទេស​​នេះ​​គឺ​មាន​ប្រភព​​នាំចូលពីរុស្ស៊ី។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Interfax។

ប៉ុន្តែ ទំនាក់ទំនងជាមួយទីក្រុងមូស្គូកាន់តែមានភាពរកាំរកូសខ្លាំង ចាប់តាំងពីប្រទេសអាស៊ែបៃហ្សង់ បានប្រើកម្លាំងបាយវាយឆ្មក់​យកតំបន់ផ្តាច់ខ្លួន ណាហ្គរណូ-ការ៉ាបាក់ (Nagorno-Karabakh) ដែល​មាន​ប្រជាជន​​អាមេនី​ប្រមាន​ជាង​១០ម៉ឺននាក់​តាំងទីលំនៅ​ កាលពីខែកញ្ញា ឆ្នាំ២០២៣ ដែលបានបង្ខំឲ្យជនជាតិភាគតិចអាមេនីរត់ភៀសខ្លួនយ៉ាងគំហុក បើទោះបីជាមានវត្តមានកងកម្លាំងរក្សាសន្តិភាពរុស្ស៊ីនៅទីនោះក៏ដោយ។

លោក ផាស៊ីនីយ៉ាន ដែលបានចោទប្រកាន់រុស្ស៊ីនាពេលនោះថា បានបរាជ័យក្នុងការការពារប្រទេសរបស់លោក ចាប់តាំងពីពេលនោះមក បានព្យាយាមពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយទីក្រុងព្រុចសែល (សហភាពអឺរ៉ុប) និងទីក្រុងវ៉ាស៊ីនតោន ព្រមទាំងបានផ្អាកការចូលរួមរបស់អាមេនីនៅក្នុងប្លុកការពារជាតិក្នុងតំបន់ដែលដឹកនាំដោយរុស្ស៊ីថែមទៀតផង៕

អត្ថបទដែលជាប់ទាក់ទង