លោក ត្រាំ ថា MoU នឹងចុះហត្ថលេខាជាមួយអ៊ីរ៉ង់នៅថ្ងៃអាទិត្យនេះ ប៉ុន្តែ អ៊ីរ៉ង់នៅតែប្រយ័ត្ន
បើគ្មានអ្វីប្រែប្រួលទេ កិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និង សាធារណរដ្ឋអ៊ីស្្លាមអ៊ីរ៉ង់ នឹងត្រូវចូលហត្ថលេខានៅថ្ងៃអាទិត្យនេះ អាចនៅឯប្រទេសស្វីស ខណៈដែលលោក ដូណាល់ ត្រាំ បានបញ្ជាក់បែបនេះ ប៉ុន្តែ ភាគីអ៊ីរ៉ង់វិញនៅតែបង្ហាញជំហរប្រយ័ត្នប្រយ័ត្ននៅឡើយ។

បណ្តាញសារព័ត៌មានអន្តរជាតិកំពុងតាមដានព្រឹត្តិការណ៍យ៉ាងយកចិត្តទុកដាក់ ដោយសារតែដំណើរការចរចារកដំណោះស្រាយរបស់សហរដ្ឋអាមេរិក និង អ៊ីរ៉ង់ បានជាប់គាំងអស់រយៈពេលជាង២ខែចាប់តាំងពីមានបទឈប់បាញ់កាលថ្ងៃទី៨ខែមេសា ហើយលោក ដូណាល់ ត្រាំ បានអះអាងជាបន្តបន្ទាប់ថា ការចរចារីកចម្រើន ប៉ុន្តែអ៊ីរ៉ង់វិញ ចាត់ទុកជំហររបស់សហរដ្ឋអាេិក ក្រឡិចក្រឡុក និង មិនគួរឲ្យទុកចិត្តបាន។
ការចរចា បានអស់បន្លាយ រហូតដល់មានការប្រយុទ្ធគ្នាជាថ្មីកាលពីសប្តាហ៍មុន ដែលបង្ហាញថា សហរដ្ឋអាមេរិក កំពុងតែដាក់សម្ពាធយ៉ាងខ្លាំងដល់ភាគីអ៊ីរ៉ង់ ដើម្បីឲ្យទទួលយកលក្ខខណ្ឌដែលសហរដ្ឋមេរិកចង់បាន។ ចំណុចដែលអាមេរិកចប់បានបំផុតនៅពេលនេះ គឺការបើកច្រកសមុទ្រហ័រមូស (Strait of Hormuz) ដើម្បីឲ្យនាវាដឹកប្រេង និង ទំនិញអាចចរាចរឡើងវិញ ខណៈការចរចាលក្ខខណ្ឌផ្សេងៗទៀត មានបញ្ហានុយក្លេអ៊ែរជាដើមនឹងត្រូវធ្វើនៅតាមក្រោយ។
យោងតាម ការដកស្រង់របស់ Al Jazeera ប្រធានាធិបតីសហរដ្ឋអាមេិរក លោក ដូណាល់ ត្រាំ បានលើកឡើងថា ច្រកសមុទ្រហ័រមូសនឹងបើកដល់អ្នកគ្រប់គ្នា ពេលដែលកិច្ចព្រមព្រៀងចុះហត្ថលេខា ហើយថា សហរដ្ឋអាមេិរក នឹងទទួលបានសម្ភារៈនុយក្លេអ៊ែររបស់អ៊ីរ៉ង់ (ដែលអាចធ្វើឡើងនៅពេលក្រោយ)។
សារព័ត៌មានដែលមានមូលដ្ឋាននៅប្រទេសកាតានេះ ក៏បានបញ្ជាក់ថា អ៊ីរ៉ង់នៅតែបង្ហាញជំហរប្រុងប្រយ័ត្ននៅឡើយជុំវិញពេលវេលានៃការចុះហត្ថលេខានាថ្ងៃអាទិត្យនេះ ប៉ុន្តែក៏បាននិយាយថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាចកើតមាននៅថ្ងៃណាមួយខាងមុខ។
សារព័ត៌មានអ៊ីរ៉ង់ West Asia News Agency (WANA) ផ្សាយកាលថ្ងៃទី១៣ខែមិថុនានេះ ដោយស្រង់សម្តី អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei ដែលបានថ្លែងថា មានភាពអាចទៅរួច (probability) ខ្ពស់ក្នុងការបញ្ចប់អនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដោយឆ្លើយតបទៅនឹងការកត់សម្គាល់សុទិដ្ឋិនិយមថ្មីៗនេះដែលធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេស។
នៅពេលសួរអំពីការអះអាងរបស់ប្រព័ន្ធផ្សព្វផ្សាយទាក់ទងនឹងដំណើរទស្សនកិច្ចដែលអាចកើតមានដោយគណៈប្រតិភូចរចាអ៊ីរ៉ង់ទៅកាន់ទីក្រុងហ្សឺណែវ ឬអ៊ីស្លាម៉ាបាដក្នុងរយៈពេល ៤៨ ម៉ោងខាងមុខ ដើម្បីបញ្ចប់កិច្ចព្រមព្រៀង លោក Baghaei បានបដិសេធពាក្យចចាមអារ៉ាមអំពីការធ្វើដំណើរភ្លាមៗ។
អ្នកនាំពាក្យរូបនេះបាននិយាយថា «ទាក់ទងនឹងពេលវេលាពិតប្រាកដនៃការចុះហត្ថលេខា យើងត្រូវរង់ចាំ»។ «ទោះជាយ៉ាងណាក៏ដោយ យើងមិនមានគម្រោងធ្វើដំណើរទៅកាន់ទីក្រុងហ្សឺណែវ ឬកន្លែងផ្សេងទៀតក្នុងរយៈពេលមួយថ្ងៃ ឬពីរថ្ងៃខាងមុខទេ»៕
