លោក ត្រាំ រម្លឹក លោក ណេតាន់យ៉ាហ៊ូ ថា «បើគ្មានអាមេរិកទេ អ៊ីស្រាអែលមិនអាចរស់ សូម្បីតែ២ម៉ោង»
ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានរិះគន់យ៉ាងធ្ងន់ៗលើនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ដោយលើកឡើងថា មេដឹកនាំអ៊ីស្រាអែលរូបនេះ «គួរតែដឹងគុណឲ្យជ្រាលជ្រៅ» ចំពោះកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ និងបានអះអាងថា រដ្ឋបាលរបស់លោក បានជួយសង្គ្រោះអ៊ីស្រាអែលពីការបំផ្លិចបំផ្លាញដោយអាវុធនុយក្លេអ៊ែរ។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន The New York Times នៅថ្ងៃចន្ទ ទី១៥ ខែមិថុនា លោក ត្រាំ បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះ លោក ណេតាន់យ៉ាហ៊ូ ដោយថា «ណេតាន់យ៉ាហ៊ូ គឺជាមនុស្សម្នាក់ដែលពិបាកនិយាយគ្នាណាស់ ហើយនិយាយតាមត្រង់ទៅ គាត់គួរតែដឹងគុណយើងយ៉ាងខ្លាំងចំពោះការធ្វើរឿងនេះ (កិច្ចព្រមព្រៀង) ពីព្រោះប្រសិនបើអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរ អ៊ីស្រាអែលនឹងមិនអាចរស់រានមានជីវិតបានសូម្បីតែពីរម៉ោងឡើយ»។
ការអត្ថាធិប្បាយទាំងនេះបានកើតឡើង បន្ទាប់ពី លោក ត្រាំ បានស្តីបន្ទោស លោក ណេតាន់យ៉ាហ៊ូ រួចមកហើយ ជុំវិញការដែលអ៊ីស្រាអែល បានបើកការវាយប្រហារលើស្រុកដាហ៊ីយ៉េ (Dahieh) ក្នុងទីក្រុងបេរូត ដែលការវាយប្រហារនេះបានគំរាមកំហែងដល់ការរំខានដល់កិច្ចចរចារវាងអាមេរិក និងអ៊ីរ៉ង់ លើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលមានគោលបំណងបញ្ចប់សង្គ្រាម បើកច្រកសមុទ្រ Hormuz ឡើងវិញ និងចាប់ផ្តើមការចរចានុយក្លេអ៊ែរបន្ថែមទៀត។
ដោយឡែក នៅក្នុងបទសម្ភាសន៍មុននេះបន្តិចជាមួយទូរទស្សន៍ Fox News លោក ត្រាំ បានទម្លាយបន្ថែមថា លោកបាននិយាយទៅកាន់លោក ណេតាន់យ៉ាហ៊ូ ភ្លាមៗបន្ទាប់ពីការវាយប្រហារនៅបេរូតថា «តើឯងកំពុងធ្វើឆ្កួតអីហ្នឹង?»។ សារព័ត៌មាន Axios បានរាយការណ៍បន្ថែមដោយដកស្រង់សម្ដី ត្រាំដែលគូសបញ្ជាក់ថា ការវាយប្រហាររបស់អ៊ីស្រាអែលបានធ្វើឲ្យមានការពន្យារពេលចុះហត្ថលេខា លើកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់ អស់រយៈពេលជាច្រើនម៉ោង បើទោះបីជាកិច្ចព្រមព្រៀងនោះនៅតែបន្តដំណើរការទៅមុខក៏ដោយ។
នៅក្នុងបទសម្ភាសន៍ជាមួយ The New York Times ដដែលនោះ លោក ត្រាំ បានអះអាងថា កិច្ចព្រមព្រៀងនេះនឹងធ្វើឲ្យច្រកសមុទ្រ Hormuz «មិនមានការយកកម្រៃជាអចិន្ត្រៃយ៍» បើទោះបីជាអត្ថបទនៃកិច្ចព្រមព្រៀងមិនទាន់ត្រូវបានផ្សព្វផ្សាយ ហើយកាសែតនេះបានរាយការណ៍ថា អនុស្សរណៈនោះគ្រាន់តែព្យួរការយកកម្រៃត្រឹមរយៈពេល ៦០ ថ្ងៃក៏ដោយ។
គួរបញ្ជាកដែរថា នៅមុនពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះតែមួយម៉ោងប៉ុណ្ណោះ លោក ណេតាន់យ៉ាហ៊ូ បែរជាបញ្ជាឲ្យកងទ័ពអាកាសបើកការវាយប្រហារយ៉ាងធ្ងន់ធ្ងរលើស្រុកដាហ៊ីយ៉េ (Dahieh) ក្នុងទីក្រុងបេរូត (មូលដ្ឋានរបស់ហេសបូឡា) ដោយមិនបានប្រាប់អាមេរិកជាមុន។ ទង្វើនេះធ្វើឲ្យ ត្រាំ ខឹងសម្បារយ៉ាងខ្លាំង ព្រោះវាស្ទើរតែធ្វើឲ្យភាគីអ៊ីរ៉ង់ដើរចេញពីតុចរចា និងធ្វើឲ្យការចុះហត្ថលេខាត្រូវពន្យារពេលជាច្រើនម៉ោងផងដែរ៕
