កិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់ និងសង្រ្គាមអ៊ុយក្រែន ក្លាយជារបៀបវារៈសំខាន់ ក្នុងកិច្ចប្រជុំ G7 នៅបារាំង
ចាប់ពីថ្ងៃចន្ទនេះតទៅ ប្រទេសបារាំង បានចាប់ផ្តើមធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល G7 ដែលជាការជួបជុំនៃបណ្តាប្រទេសមហាអំណាចឈានមុខគេលើពិភពលោក។ ជំនួបកំពូលនាពេលនេះ នឹងត្រូវផ្ដោតខ្លាំងជុំវិញកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្ររបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងការបញ្ចប់សង្រ្គាមជាមួយប្រទេសអ៊ីរ៉ង់ និងបញ្ហាសំខាន់មួយទៀតនោះ គឺសង្គ្រាមដែលអូសបន្លាយជាច្រើនឆ្នាំនៅអ៊ុយក្រែន។

ចុះផ្សាយថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ សារព័ត៌មាន France24 បានឱ្យដឹងថា លោកប្រធានាធិបតីបារាំង អេម៉ានូអែល ម៉ាក្រុង ដែលជាម្ចាស់ផ្ទះ ចង់ជំរុញរបៀបវារៈសំខាន់ៗជាច្រើនទៀត ចាប់តាំងពីការកាត់បន្ថយអតុល្យភាពសេដ្ឋកិច្ចពិភពលោក រហូតដល់ការបង្កើនការគ្រប់គ្រងលើប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ជាពិសេសគឺបញ្ហាបញ្ញាសិប្បនិម្មិត (AI)។ ដើម្បីឱ្យកិច្ចប្រជុំនេះមានវិសាលភាពធំធេង បារាំងបានអញ្ជើញមេដឹកនាំមកពីប្រទេសក្រៅសមាជិក G7 ឱ្យចូលរួមផងដែរ រួមមាន ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ដែលនឹងទៅដល់ថ្ងៃអង្គារ ដើម្បីជជែកពីរឿងសង្រ្គាមអ៊ុយក្រែន រួមទាំងមេដឹកនាំអារ៉ាប់ ដូចជា ប្រធានាធិបតីអេហ្ស៊ីប ដែលនឹងទៅជជែកពីរឿងអ៊ីរ៉ង់ ព្រមទាំងមេដឹកនាំផ្សេងៗទៀត ដូចជា ប្រេស៊ីល ឥណ្ឌា កេនយ៉ា និងកូរ៉េខាងត្បូង ជាដើម។
ភ្លាមៗបន្ទាប់ពីមានការប្រកាសពីកិច្ចព្រមព្រៀងសន្តិភាពអាមេរិក-អ៊ីរ៉ង់ លោក ម៉ាក្រុង បានលើកឡើងថា មេដឹកនាំ G7 នឹងជជែកគ្នាពីផលចំណេញ ដែលនឹងទទួលបានពីកិច្ចព្រមព្រៀងនេះ រួមទាំងការបើកច្រកសមុទ្រ Hormuz ឡើងវិញក្នុងរយៈពេលវែង ដើម្បីសម្រាលសម្ពាធតម្លៃប្រេង និងសេដ្ឋកិច្ចពិភពលោក។ ក្រៅពីនេះ ក្រុមមេដឹកនាំអឺរ៉ុប និងកាណាដា ក៏ត្រៀមខ្លួនរំលឹកលោក ត្រាំ អំពីសារៈសំខាន់នៃការបង្ខំឱ្យរុស្ស៊ីទទួលយកសន្តិភាពនៅអ៊ុយក្រែន ទៅតាមលក្ខខណ្ឌដែលអ៊ុយក្រែនអាចទទួលយកបានផងដែរ បន្ទាប់ពីសង្រ្គាមឈ្លានពាននេះអូសបន្លាយជាង ៤ឆ្នាំមកហើយ។
ចំណែកឯលោក ដូណាល់ ត្រាំ វិញ បានធ្វើដំណើរមកដល់ប្រទេសបារាំងភ្លាមៗ បន្ទាប់ពីបានប្រារព្ធពិធីខួបកំណើតគម្រប់ ៨០ឆ្នាំរបស់លោក កាលពីថ្ងៃអាទិត្យ។ លោក ត្រាំ នឹងចាប់ផ្តើមជំនួបពិភាក្សាទ្វេភាគីជាមួយលោក ម៉ាក្រុង នៅល្ងាចថ្ងៃចន្ទ មុនពេលចូលរួមជំនួបការងារជាមួយមេដឹកនាំដទៃទៀត។ លោក ត្រាំ នឹងបន្តស្នាក់នៅប្រទេសបារាំង រហូតដល់ចប់កិច្ចប្រជុំ G7 នៅថ្ងៃពុធ។
សម្រាប់លោក ម៉ាក្រុង កិច្ចប្រជុំកំពូលលើកនេះ គឺជាឱកាសចុងក្រោយមួយ ក្នុងការលើកកម្ពស់កេរ្តិ៍ឈ្មោះរបស់លោកនៅលើឆាកអន្តរជាតិ និងជំរុញគំនិតផ្តួចផ្តើមស្តីពីស្វ័យភាពយុទ្ធសាស្ត្ររបស់អឺរ៉ុប មុនពេលលោកត្រូវដើរចេញពីតំណែងនៅឆ្នាំក្រោយ។
សូមជម្រាបថា ថ្វីដ្បិតមិនមានវត្តមានប្រទេសចិន ក៏ក្រុមមេដឹកនាំ G7 ទាំងអស់នៅតែមិនភ្លេចលើកយកប្រធានបទ ស្តីពីការគ្រប់គ្រងទីផ្សាររ៉ែកម្ររបស់ក្រុងប៉េកាំង ដែលជាវត្ថុធាតុដើមដ៏សំខាន់ សម្រាប់ផលិតឧបករណ៍អេឡិចត្រូនិកប្រចាំថ្ងៃ ទៅជជែកដេញដោលផងដែរ៕
