កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ចុះត្រួតពិនិត្យឃ្លាំងតូចធំសរុប ១៣១ទីតាំង រកឃើញ និងបិទបណ្តោះអាសន្នឃ្លាំងនាំចូលខុសច្បាប់ពីថៃ១៥ ហើយនាំខ្លួនអ្នកពាក់ព័ន្ធ១៦នាក់
(ភ្នំពេញ)៖ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់លោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលខណ្ឌទាំង១៤ សហការជាមួយកម្លាំងចម្រុះមកពីស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ អគ្គនាយកដ្ឋាន ក.ប.ប ក្រោមការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងឃ្លាំងតូចធំ ក្នុងមូលដ្ឋានសរុបចំនួន១២កន្លែង ដែលសង្ស័យមាននាំចូល ស្តុកទុក ចរាចរ និងចែកចាយផលិតផលបង្កកមានប្រភពពីប្រទេសថៃ។
លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែ មិថុនា ឆ្នាំ២០២៦ បានបញ្ជាក់ថា តាមរយៈប្រតិបត្តិការនេះ សមត្ថកិច្ចចម្រុះបានរកឃើញទីតាំងចំនួន២ ក្នុងខណ្ឌសែនសុខ និងខណ្ឌកំបូល ដែលជាប់សង្ស័យក្នុងករណីនេះ រួមមាន៖
*ទី១៖ ឃ្លាំងស្តុកគ្រឿងឧបភោគ-បរិភោគ របស់ក្រុមហ៊ុន «បេក ឃើរស្មីត ឯ.ក» ស្ថិតនៅផ្លូវបេតុង ភូមិឃ្មួញ សង្កាត់ឃ្មួញ។
ក្រុមការងាររកឃើញមានចំនួន២ទូរគឺ៖ ទូរកក និងទូរស្ងួត ដោយក្រុមការងារចម្រុះបានរកឃើញមានទំនិញក្នុងទូរកក មានប្រតិវេទត៍គយ នាំចូលមកស្របច្បាប់ មានប្រភពមកពីប្រទេសចំនួន០២ គឺប្រទេសចិន និងប្រទេសវៀតណាម។
ដោយឡែក ក្នុងទូរស្ងួត ក្រុមការងារបានរកឃើញទំនិញចម្រុះនាំចូលពីប្រទេសថៃ ដែលគ្មានឯកសារបញ្ជាក់ត្រឹមត្រូវសរុបចំនួន ៩១ប្រភេទ។ ដោយទទួលបានការសម្របសម្រួលនីតិវិធី ពីព្រះរាជអាជ្ញារងនៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ ក្រុមការងារចម្រុះបានសម្រេចបិទឃ្លុំទូរស្ងួត ដែលស្តុកទំនិញចម្រុះរបស់ប្រទេសថៃជាបណ្ដោះអាសន្ន និងបានបញ្ជូនតំណាងម្ចាស់ទីតាំង ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរបន្តតាមនីតិវិធី។
*ទី២៖ ទីតាំងដេប៉ូចែកចាយឈ្មោះ រិន សុខា មានទីតាំងនៅផ្លូវរទេះភ្លើង ភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។
ពេលចុះពិនិត្យដល់បន្ទប់វេចខ្ចប់ ក្រុមការងាររកបានពិនិត្យឃើញមានការវេចខ្ចប់ប៊ីចេងយីហោម៉ាក «មេចុងភៅ» ដែលមានអក្សរថៃ នៅលើសម្រកបាវ រួមមាន៖ Chef 55 MONOSODIUM GLUTAMATE និងChef 55 MONOSODIUM GLUTAMATE សរុបមានចំនួន១៥បេ។
ដោយមានការអនុញ្ញាតពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងសាលារាជធានីភ្នំពេញ ក្រុមការងារចម្រុះ បានសម្រេចបិទឃ្លុំទីតាំងបន្ទប់វេចខ្ចប់ប៊ីចេងនេះ នៅវេលាម៉ោង ១៧៖៥០នាទី និងរង់ចាំក្រុមការងារជំនាញ បច្ចេកទេសមកពិនិត្យនៅថ្ងៃនេះបន្តទៀត។
លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា គិតពីថ្ងៃទី១០ ដល់១៥ ខែមិថុនា ក្រុមការងារចម្រុះបានចុះត្រួតពិនិត្យឃ្លាំងតូច ធំសរុបចំនួន ១៣១ទីតាំង បានរកឃើញ និងបិទបណ្តោះអាសន្ន ឃ្លាំងទំនិញមានស្តុកផលិតផលបង្កក និងទំនិញដែលនាំចូលខុសច្បាប់ពីប្រទេសថៃ ចំនួន១៥ ព្រមទាំងបាននាំខ្លួនអ្នកពាក់ព័ន្ធ សរុបចំនួន១៦នាក់ ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕

