ក្រុមផ្តាច់ខ្លួនភាគខាងត្បូងថៃ អត់ដកដៃទេ, លើកនេះ បំផ្ទុះគ្រាប់បែក លើទាហានល្បាតព្រំដែន ថែមទៀត

អត់ដកដៃទេ! ក្រុមផ្តាច់ខ្លួនភាគខាងត្បូងប្រទេសថៃ នៅតែធ្វើទុក្ខបុកម្នេញរាល់ថ្ងៃ វាយប្រហារលើកងទ័ព និងមន្ត្រី ខណៈចុងក្រោយបំផុតនេះ ពួកគេថែមទាំងបំផ្ទុះគ្រាប់បែក បន្ថែមទៀត កំណត់គោលដៅលើទាហានល្បាត បណ្តាលឲ្យទាហានម្នាក់ រងរបួស។

តាមការផ្សាយរបស់ Amarin, ការវាយប្រហារចុងក្រោយនេះ កើតឡើងនៅម៉ោង ៥ល្ងាច ថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឃុំ Kayu Khla, នៃស្រុក Waeng ខេត្ត Narathiwat ដោយក្រុមផ្តាច់ខ្លួន បានបំផ្ទុះគ្រាប់បែកច្នៃ លើអង្គភាពល្បាតក្នុងព្រៃ។

យ៉ាងណា មិនមានទាហានណាស្លាប់ទេ ប៉ុន្តែមានម្នាក់ រងរបួសចំទ្រូង ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ​រូបគេមានឈ្មោះ Narapong Nusonguan អាយុ ២២ឆ្នាំ មកពីអង្គភាពការពារព្រំដែន លេខ២។

បន្ទាប់ពីការវាយប្រហារនេះ ថៃក៏បើកការស៊ើបអង្កេត ហើយតាមចាប់ជនបង្ក ដោយជឿថា ពួកគេគឺជាបក្សពួកតែមួយ នៃក្រុមដែលនៅពីក្រោយ ការបំផ្ទុះគ្រាប់បែក លើរថយន្តដឹកទ័ព កាលពីខែឧសភា។

មិនមែនជារឿងធម្មតាឡើយ! អំពើហិង្សានៅភាគខាងត្បូងប្រទេសថៃ ស្រាប់តែកក្រើកខ្លាំង ក្នុងរយៈពេលថ្មីៗ ជាពិសេសក្នុងខែមិថុនានេះតែម្តង ដោយកើតការវាយប្រហារញឹកញាប់បំផុត ក្នុងអត្រាដែលមិននឹកស្មានដល់ ពោលគឺសឹងរាល់ថ្ងៃ។

ជម្លោះប្រដាប់អាវុធដ៏រ៉ាំរ៉ៃ នៅភាគខាងត្បូងប្រទេសថៃ គឺកើតឡើងនៅក្នុងខេត្តចំនួន៤ ដូចជា Narathiwat, Pattani, Yala និង Songkhla ដែលអូសបន្លាយពេល ជាច្រើនទសវត្សរ៍មកហើយ ដោយមានឫសគល់ ចេញពីប្រវត្តិសាស្ត្រនយោបាយ និងសាសនា។

យោងតាមតួលេខចុងក្រោយ ពីក្រុមស្រាវជ្រាវ Deep South Watch, គិតចាប់តាំងពីឆ្នាំ២០០៤ មក មនុស្សស្លាប់នៅក្នុងអំពើហិង្សានោះ មានជាង ៧ ៥០០នាក់ ខណៈជាង ១៣ ៥០០នាក់ រងរបួស៕

អត្ថបទដែលជាប់ទាក់ទង