ប្រជាជន និងអ្នកនយោបាយអ៊ីស្រាអែល មិនពេញចិត្តកាន់តែខ្លាំង ព្រោះតែការចាញ់ប្រៀបក្នុងកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់
ប្រជាជន និងអ្នកនយោបាយអ៊ីស្រាអែលគ្រប់និន្នាការ បានផ្ទុះកំហឹងកាន់តែខ្លាំងឡើង ជុំវិញព័ត៌មានលេចធ្លាយពីកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់ ដោយពួកគេចាត់ទុកវាជា «មហន្តរាយ» សម្រាប់ប្រទេសអ៊ីស្រាអែល និងបានបង្វែរមុខព្រួញនៃការរិះគន់ចំៗទៅលើបុរសម្នាក់ គឺនាយករដ្ឋមន្ត្រី លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ។

ចុះផ្សាយដោយភ្នាក់ងារ PBS, នៅក្នុងសន្និសីទសារព័ត៌មានមួយ លោក ណេតាន់យ៉ាហ៊ូ បានព្យាយាមបន្ធូរបន្ថយស្ថានការណ៍ដោយប្រកាសក្ដែងៗថា «មិនថានឹងមានកិច្ចព្រមព្រៀង ឬគ្មាននោះទេ» លោកនឹងនៅតែបន្តប្រយុទ្ធដើម្បីរារាំងអ៊ីរ៉ង់មិនឲ្យទទួលបានអាវុធនុយក្លេអ៊ែរ ទោះបីជាទីក្រុងតេហេរ៉ង់តែងតែអះអាងថា កម្មវិធីរបស់ខ្លួនគឺសម្រាប់តែបម្រើដល់វិស័យស៊ីវិលក៏ដោយ។ ទោះបីយ៉ាងណា លោកក៏បានសង្កត់ធ្ងន់បន្ថែមជំនឿចិត្តដល់ប្រជាជនថា «ដរាបណាខ្ញុំនៅជានាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអែល រឿងនេះនឹងមិនកើតឡើងឡើយ»។
ទោះជាយ៉ាងណា ក្រុមមន្ត្រីរដ្ឋាភិបាលអ៊ីស្រាអែល គូប្រជែងនយោបាយ និងអ្នកវិភាគជាច្រើន បានចេញមុខរិះគន់កិច្ចព្រមព្រៀងបឋមនេះភ្លាមៗ ដែលការណ៍នេះប្រៀបដូចជាការបោះឆ្នោតប្រជាមតិក្រៅផ្លូវការមួយ លើអាណត្តិដឹកនាំរបស់លោក មុនពេលការបោះឆ្នោតផ្លូវការចូលមកដល់នារដូវស្លឹកឈើជ្រុះនេះ ព្រមទាំងបានស្តែងឲ្យឃើញពីភាពឯកោរបស់លោកកាន់តែខ្លាំង ទាំងនៅក្នុងស្រុក ក្នុងតំបន់ និងជាមួយសម្ព័ន្ធមិត្តកំពូលគឺសហរដ្ឋអាមេរិក។
ក្រុមអ្នករិះគន់បានលើកឡើងថា លោក ណេតាន់យ៉ាហ៊ូ គឺជាអ្នកអូសដៃ ប្រធានាធិបតីអាមេរិក ឲ្យចូលក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ ដោយបានសន្យាខ្ពស់ហួសហេតុពីលទ្ធផលដែលអាចសម្រេចបាន ប៉ុន្តែពេលនេះ លោក ត្រាំ បែរជាកំពុងអូសទាញអ៊ីស្រាអែលឲ្យដើរចេញពីជម្លោះ ទាំងដែលអ៊ីស្រាអែលមិនទាន់ត្រៀមខ្លួនរួចរាល់។ ពួកគេយល់ថា នាយករដ្ឋមន្ត្រីរូបនេះបានវាយតម្លៃខុសលើការចង់បានរបស់ ត្រាំ ក្នុងសង្គ្រាមរ៉ាំរ៉ៃ ចាញ់ប្រៀបយុទ្ធសាស្ត្រចរចារបស់អ៊ីរ៉ង់ និងត្រូវបានផាត់ចេញពីតួអង្គសំខាន់ៗដទៃទៀតនៅក្នុងតំបន់។
ដោយឡែក អតីតនាយករដ្ឋមន្ត្រី និងជាគូប្រជែងរបស់លោក ណេតាន់យ៉ាហ៊ូ គឺលោក Ehud Barak បាននិយាយថា អ៊ីស្រាអែលកំពុងទទួលផលវិបាកនៃភាពក្រអឺតក្រទម និងភាពងងឹតងងល់របស់លោក ណេតាន់យ៉ាហ៊ូ ព្រមទាំងល្បិចកលដែលលោកបានព្យាយាមប្រើប្រាស់លើលោក ត្រាំ។ អ៊ីរ៉ង់បានដើរចេញដោយភាពរឹងមាំជាងមុន ចំណែកអ៊ីស្រាអែលបែរជាទន់ខ្សោយជាងមុន។ នេះជាការទទួលខុសត្រូវលក្ខណៈយុទ្ធសាស្ត្ររបស់ ណេតាន់យ៉ាហ៊ូ ។ «គាត់បានបរាជ័យហើយ»!។
ចំណែកឯ លោក Yair Lapid ដែលនឹងត្រូវប្រកួតប្រជែងជាមួយលោក ណេតាន់យ៉ាហ៊ូ ក្នុងការបោះឆ្នោតខាងមុខ បានសរសេរកាលពីថ្ងៃអាទិត្យដែរថា កិច្ចព្រមព្រៀងដែលនឹងពង្រីកបទឈប់បាញ់ និងបើកច្រកសមុទ្រ Hormuz ឡើងវិញនេះ គឺកំពុងក្លាយជា ការបរាជ័យដ៏គួរឲ្យតក់ស្លុតបំផុតមួយ នៅក្នុងគោលនយោបាយការបរទេស និងសន្តិសុខរបស់អ៊ីស្រាអែល ដែលវាត្រូវបានកត់ត្រាទុកទាំងស្រុងក្រោមឈ្មោះរបស់លោក ណេតាន់យ៉ាហ៊ូ ។
លោកបន្ថែមថា «វាអាចកែខៃបាន ហើយត្រូវតែប្រឈមមុខកែខៃ។ លោក ណេតាន់យ៉ាហ៊ូ មិនអាចកែវាបានទៀតទេ គឺមានតែពួកយើងប៉ុណ្ណោះដែលនឹងធ្វើវា»។
សូមជម្រាបជូនថា អ៊ីស្រាអែលនិងអាមេរិក បានចាប់ផ្តើមសង្គ្រាមកាលពី ថ្ងៃទី២៨ ខែកុម្ភៈ ក្នុងគោលបំណងបំផ្លាញមហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ប៉ុន្តែជិត ៤ ខែក្រោយមក បន្ទាប់ពីអ៊ីរ៉ង់បានស៊ូទ្រាំនឹងយុទ្ធនាការវាយប្រហារតាមអាកាសយ៉ាងចាស់ដៃ ក្រុមអ្នកវិភាគបានលើកឡើងថា ទីក្រុងតេហេរ៉ង់បច្ចុប្បន្នស្ថិតក្នុងស្ថានភាពរឹងមាំជាងមុន ដោយបណ្តាញកងទ័ព (proxy) របស់ពួកគេនៅតែអាចរស់រាន និងបន្តបាញ់មីស៊ីលចូលទឹកដីអ៊ីស្រាអែលបានដដែល៕
