រុស្ស៊ី ផ្លោងគ្រាប់មីស៊ីលចូលក្រុងកៀវ ភ្លាមៗក្រោយលោក ហ្សេលេនស្គី ជជែកគ្នាជាមួយលោក ត្រាំ
គ្រាប់មីស៊ីលបាលិស្ទីករបស់រុស្ស៊ី ត្រូវបានបាញ់ចូលទីក្រុងកៀវយ៉ាងគំហុកទាំងព្រលឹមស្រាងៗថ្ងៃព្រហស្បតិ៍នេះ ខណៈដែលប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ទើបតែបានបញ្ចប់កិច្ចភាក្សាយ៉ាងសំខាន់ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំអឺរ៉ុបបានប៉ុន្មានម៉ោងប៉ុណ្ណោះ។

យោងតាមការផ្សាយរបស់ Reuters នាថ្ងៃទី១៨ ខែមិថុនា ឆ្នា២០២៦ សំឡេងផ្ទុះអាវុធយ៉ាងកម្រោល បានលាន់ឮរំពងពេញរដ្ឋធានី ដែលធ្វើឱ្យអាជ្ញាធរយោធាក្រុងកៀវ ត្រូវចេញអំពាវនាវទាំងបន្ទាន់ ឱ្យប្រជាពលរដ្ឋទាំងអស់ប្រញាប់រត់រកកន្លែងសុវត្ថិភាព ដើម្បីជ្រកកោនជាប្រញាប់។ ស្របពេលជាមួយគ្នានេះ សញ្ញាព្រមានពីការវាយប្រហារតាមអាកាស បានលាន់ឡើងពាសពេញផ្ទៃប្រទេស ហើយនៅឯទីក្រុង Sumy ភាគឦសានអ៊ុយក្រែន ការវាយប្រហារដោយដ្រូនរបស់រុស្ស៊ី បានផ្តាច់ជីវិតមនុស្សម្នាក់បាត់ទៅហើយ។
ការវាយប្រហារយ៉ាងសាហាវចំកណ្តាលបេះដូងអ៊ុយក្រែននេះ បានកើតឡើងភ្លាមៗ បន្ទាប់ពីលោក ហ្សេលេនស្គី បានជួបជជែកយ៉ាងស្និទ្ធស្នាលជាមួយលោក ដូណាល់ ត្រាំ និងលោក អេម៉ានូអែល ម៉ាក្រុង នៅក្រៅកិច្ចប្រជុំ G7 ក្នុងប្រទេសបារាំង ដើម្បីស្វែងរកផ្លូវបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃជាងបួនឆ្នាំនេះ។ អ្វីដែលគួរឱ្យខ្លោចចិត្ត វាជាការវាយប្រហារតាមអាកាសលើកទីពីរហើយក្នុងសប្តាហ៍នេះ ដោយកាលពីថ្ងៃចន្ទ ការវាយប្រហារមួយដ៏ធំ បានធ្វើឱ្យវិហារបុរាណអាយុកាលជាង ១ ០០០ឆ្នាំ ដែលជាជម្រកខាងវិញ្ញាណ និងជាបេតិកភណ្ឌវប្បធម៌ដ៏ឧត្តុង្គឧត្តមរបស់អ៊ុយក្រែន ត្រូវរងការខូចខាតយ៉ាងដំណំ និងបានសម្លាប់មនុស្សអស់ ១០នាក់ ដែលធ្វើឱ្យមេដឹកនាំអឺរ៉ុបចេញមុខថ្កោលទោសរុស្ស៊ីយ៉ាងចាស់ដៃ។

លោក ដូណាល់ ត្រាំ ទើបតែបានលើកឡើងកាលពីថ្ងៃពុធថា រុស្ស៊ីកំពុងតែបាត់បង់កងទ័ពច្រើនជាងអ៊ុយក្រែនទៅទៀត ហើយលោកមើលឃើញថា ទាំងលោក ពូទីន និងលោក ហ្សេលេនស្គី ហាក់ដូចជាមានកូនចិត្តចង់ធ្វើអ្វីមួយ ដើម្បីបញ្ចប់សង្គ្រាមនេះ។ ប៉ុន្តែខាងវិមានក្រឹមឡាំង បានចេញមុខបដិសេធភ្លាមៗថា លោក ពូទីន មិនដែលជជែកជាមួយលោក ត្រាំ អំពីលទ្ធភាពនៃការជួបពិភាក្សាជាមួយមេដឹកនាំអ៊ុយក្រែននោះទេ ហើយរុស្ស៊ីនៅតែអះអាងដដែលៗថា ខាងអ៊ុយក្រែនទេ ដែលជាអ្នកកំពុងចាញ់សង្គ្រាម។
ចំណែកឯនៅលើសមរភូមិជាក់ស្តែងវិញ ការវាយបកគ្នាទៅវិញទៅមក នៅតែបន្តធ្វើឱ្យបាត់បង់ជីវិតមនុស្សជាបន្តបន្ទាប់។ នៅទីក្រុង Enerhodar ដែលជាទីតាំងរបស់បុគ្គលិករោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia យោធាអ៊ុយក្រែនត្រូវបានរុស្ស៊ីចោទប្រកាន់ថា បានវាយប្រហារសម្លាប់មនុស្សម្នាក់ និងធ្វើឱ្យរបួស ៤នាក់ ហើយនៅតំបន់ព្រំដែន Belgorod របស់រុស្ស៊ី ដ្រូនអ៊ុយក្រែនបានទម្លាក់គ្រាប់សម្លាប់បុរសម្នាក់នៅក្នុងឡាន។
សម្រាប់សង្គ្រាមដ៏ជូរចត់ ដែលបានអូសបន្លាយតាំងពីការវាយលុកខ្នាតធំរបស់រុស្ស៊ី ក្នុងឆ្នាំ ២០២២ នេះ បើទោះបីជាភាគីទាំងពីរសុទ្ធតែបដិសេធថាមិនបានបំផ្លាញជីវិតជនស៊ីវិលដោយចេតនាក៏ដោយ ប៉ុន្តែឈាម និងទឹកភ្នែករបស់ប្រជាជនស្លូតត្រង់ នៅតែបន្តហូរគ្មានថ្ងៃល្ហែឡើយ៕
