ហាង «ចរណៃ» ប្រកាសផ្អាកការលក់គ្រប់សាខា ក្រោយផ្ទុះរឿងលក់ត្រីត្រោត ជាត្រីសាល់ម៉ុន

(ភ្នំពេញ)៖ ហាង «ចរណៃ» ដែលជាហាងលក់ត្រីសាល់ម៉ុន និងគ្រឿងសមុទ្រ​បង្កក​នានា បានប្រកាសផ្អាកលក់គ្រប់សាខាទាំងអស់យ៉ាងយូរពីរខែទៀត។

ហាង «ចរណៃ» បានបើកដំណើរការលក់ត្រីសាល់ម៉ុន និងគ្រឿងសមុទ្របង្កក​នានានៅកម្ពុជាយូរឆ្នាំមកហើយ ហើយក៏ទទួលបានការគាំទ្រខ្លាំងណាស់ដែរ។ ស្រាប់តែពេលថ្មីៗនេះ ពីសាខាមួយនៅក្នុងខេត្តបាត់ដំបង ត្រូវបានមន្ត្រីសាខា​កិច្ច​​ការ​ពារ​អ្នកប្រើប្រាស់​និងការប្រកួតប្រជែង (ក.ប.ប) រកឃើញថា បានលក់​ត្រី​ត្រោត ជាត្រីសាល់ម៉ុន នាំឱ្យមានការប្រតិកម្មខ្លាំងពីអតិថន និងប៉ះពាល់​ដល់​ជំនឿចិត្តដែលពួកគេធ្លាប់មាន។

លើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ ហាងចរណៃ​បានចេញមកសូមអភ័យទោសជាថ្មីចំពោះកំហុសឆ្គងនេះ ហើយបានជូនដំណឹង​ថា បើមិនមានអ្វីប្រែប្រួលនោះទេ ហាងចរណៃទាំងអស់ នឹងផ្អាកដំណើរការ​យ៉ាង​យូរត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦តទៅ។

ហាងចរណៃ បានបញ្ជាក់ថា រយៈពេលពីរខែនេះ គឺហាងទុកពេល ដើម្បី​លក់​បង្ហើយ​ស្តុកដែលមានស្រាប់ ដើម្បីឱ្យបុគ្គលិកមានពេល​វេលាគ្រប់​គ្រាន់ទៅ​រក​ការ​ងារថ្មីនៅទីតាំងដដែល ឬនៅស្រុកកំណើត និងទុកពេលឱ្យ​ម្ចាស់ផ្ទះជួល​អាច​រក​អ្នកជួលថ្មីបាន។ល។

ហាងចរចណៃ ក៏ឆ្លៀតបញ្ជាក់ដែរថា ហាងចរណៃលក់តែត្រីសាម៉ុនអាតាឡង់​តិច​ស្រស់ ដែលចិញ្ចឹមនៅប្រទេសន័រវែស (Norway) ឬ អូស្រ្តាលី និង​ត្រីត្រោត (trout) ដែលចិញ្ចឹមនៅប្រទេសន័រវែស។ ត្រីត្រោតស្រស់ (Fjord trout) នៅហាងចរណៃ គឺត្រីដែលគេចិញ្ចឹមនៅសមុទ្រទឹកជ្រៅ ក្នុងប្រទេស​ន័រវែ ហើយអាចហូបឆៅបានយ៉ាងមានសុវត្តិភាព។

ហាងចរណៃ ក៏បានអះអាងដែរថា ហាងមិនដែលលក់ត្រីត្រោតដែលរស់​នៅតាម​ធម្មជាតិ ហើយក៏មិនដែលលក់ត្រីត្រោតដែលគេចិញ្ចឹមនៅប្រទេសណា ក្រៅពីប្រទេសន័រវែសនោះទេ។

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងការរកឃើញហាងចរណៃលក់មិនបញ្ជាក់ច្បាស់លាស់រវាងត្រីត្រោត និងត្រីសាល់ម៉ុននេះ មន្ត្រី ក.ប.ប បានពិន័យហាងប្រាក់ចន្លោះពី១០លាន ទៅ២០លានរៀល។ មន្ត្រីអធិការកិច្ចម្ហូបអាហារនៃអគ្គនាយកដ្ឋាន ក.ប.ប. បានរកឃើញថា ហាងយីហោ «ចរណៃ» ពិតជាបានធ្វើធុរកិច្ចដែលបង្កឱ្យ​អ្នកប្រើប្រាស់មានភាពភាន់ច្រលំរវាងផលិតផលត្រីសាម៉ុន និងត្រីត្រោត ដែលអំពើនេះគឺល្មើសនឹងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារជាធរមាន។

ក្រុមការងារនៃអគ្គនាយកដ្ឋាន ក.ប.ប. បានពន្យល់ជូនតំណាងម្ចាស់ហាងចរណៃអំពីច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ មាត្រាទី៣៨ ពាក់ព័ន្ធនឹងការអះអាងដោយបន្លំ ឬធ្វើឱ្យអ្នកប្រើប្រាស់យល់ច្រឡំ និងបានធ្វើការពិន័យអន្តរការណ៍ហាងចរណៃស្របតាមមាត្រាច្បាប់ខាងលើក្នុងចន្លោះពី១០លានទៅ ២០លានរៀល៕

អត្ថបទដែលជាប់ទាក់ទង