ខេត្តព្រះសីហនុ ជំនន់​ទឹកភ្លៀង​បន្ត​ធ្លាក់​មិន​ឈប់​ឈរ ​បង្ក​ឱ្យ​​លំនៅ​ឋាន​ពលរដ្ឋ​១៧​ខ្នង​​រង​ការ​​លិច​លង់​

ខេត្តព្រះសីហនុ ៖ យ៉ាង​ហោច​ណាស់ ​លំនៅ​ឋាន​ប្រជាពលរដ្ឋ​ចំនួន​១៧​ខ្នង/​ផ្ទះ ​នៅ​ចំណុច​ទល់មុខ​រោងចក្រ​ផលិត​សំបក​កំប៉ុង​ក្រោ​ន ​ស្ថិត​ក្នុង​ក្រុម​២៥-២៦ ភូមិ​០១ សង្កាត់​លេខ​០១ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ត្រូវ​បាន​លិចលង់​ទាំងស្រុង​ ខណៈ​ជំនន់​ទឹកភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​មិន​ឈប់​ឈរ ​។

ប្រជាពលរដ្ឋ​ដែល​រង​ការ​លិចលង់​លំនៅ​ឋាន​ទាំង​១៧​ខ្នង​ផ្ទះ បាន​ត្អូញត្អែរ​ដោយ​ក្តី​កង្វល់​អំពី​ការ​លំបាក​របស់​ពួក​គាត់ឱ្យ​​ដឹង​​ៗ​គ្នា​ថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ បន្ទាប់​ពី​ក្រុមហ៊ុន​ទឹក​ស្អាត​​អាន​កូរ​លើក​ជា​ទំនប់​ធ្វើ​ជា​អាង​ស្តុក​ទឹក នៅ​ខាងក្រោយ​ភូមិឋាន​របស់​ពួក​គាត់ ​ដើម្បី​តំកល់​ទឹក​ទុក​​សម្រាប់​ផ្គត់ផ្គង់ ជា​លទ្ធផល​ធ្វើ​ឱ្យ​លិចលង់​ដល់​លំនៅ​ឋាន​របស់​ពួក​គាត់​នា​រដូវវស្សា​ដែល​មាន​ទឹកជំនន់​ ​។

លោក​ឌី ឌុំ ប្រធាន​ភូមិ​០៣ សង្កាត់​លេខ​០១ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ​ បាន​ឲ្យ​ដឹង​ថា ទាក់ទង​ទៅ​និង​ករណី​ទឹកជំនន់​ បង្ក​ឲ្យ​មានការ​លិចលង់​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១៧​ខ្នង​ផ្ទះ ដោយសារ​តែ​អាង​ស្តុក​ទឹក​ក្រុមហ៊ុន​អាន​កូរ​បើក​ទារ​រំដោះ​ទឹកតូច​ពេក ទឹក​ហូរ​មិន​ទាន់​ទើប​បណ្តាល​ឲ្យ​មានការ​លិចលង់​បែប​នេះ ហើយ​លោក​បាន​ធ្វើ​របាយការណ៍​ជូន​លោក​ចៅសង្កាត់​ ​ដើម្បី​ឆ្លង​ជូន​លោក​អភិបាល​ក្រុងព្រះសីហនុ​ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ហើយ ។ ដោយឡែក ​ក្រុមហ៊ុន​អាន​កូ​​ អ្នក​យក​ព័ត​មាន​យើង​មិន​អាច​រក​ការ​បកស្រាយណាមួយ​​បាន​ទេ​ ដោយសារ​មិន​មាន​លេខ​ទូរស័ព្ទ​ ៕

អត្ថបទដែលជាប់ទាក់ទង