អ្នកនេសាទម្នាក់ប្រទះឃើញ គ្រឿងញៀនប្រមាណ៦០គីឡូ ស្រង់បានពីសមុទ្រប្រគល់ជូនអាវុធហត្ថខេត្តព្រះសីហនុ
កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តព្រះសីហនុ ទទួលបានគ្រឿងញៀនចំនួន ៦០កញ្ចប់ (ទម្ងន់ប្រមាណ ៦០គីឡូក្រាម) ពីប្រជានេសាទម្នាក់ ដែលបានប្រទះឃើញ និងស្រង់ចេញពីផ្ទៃសមុទ្រនៅម្ដុំកោះសេះ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ប្រជានេសាទដែលបានយកគ្រឿងញៀនមកប្រគល់ជូនសមត្ថកិច្ចមានឈ្មោះ ស៊ី សឿន ភេទប្រុស អាយុ ៤៦ឆ្នាំ រស់នៅភូមិគីឡូ១២ សង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត។ រូបគាត់បានប្រទះឃើញបាវចំនួន ៣ បាវ ដែលមានផ្ទុកគ្រឿងញៀនសរុប ៦០កញ្ចប់ អណ្តែតលើផ្ទៃសមុទ្រនៅចំណុចកោះសេះ ខេត្តព្រះសីហនុ ហើយក៏បានស្រង់រួចនាំយកមកប្រគល់ជូនអាវុធហត្ថ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។

ក្រោយទទួលបានគ្រឿងញៀនទាំងនោះ និងដោយមានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី លោក វុធ សាវី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ នៅវេលាម៉ោង ៣:០០ រសៀលថ្ងៃដដែល លោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថ បានធ្វើការប្រគល់គ្រឿងញៀនទាំង ៦០កញ្ចប់នោះ ជូនទៅលោកវរសេនីយ៍ឯក អិន សំអុល នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីតាមច្បាប់។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ

មន្ត្រីកងរាជអាវុធហត្ថបានបញ្ជាក់បន្ថែមថា គ្រឿងញៀនដែលប្រជានេសាទប្រទះឃើញនេះ គឺជាផ្នែកមួយនៃវត្ថុតាងដែលក្រុមជនល្មើសបានលួចទម្លាក់ចោលចូលទៅក្នុងទឹកសមុទ្រ ដើម្បីគេចវេះពីការបង្ក្រាប ក្នុងពេលដែលកម្លាំងនគរបាលនៃនាយកដ្ឋានការពារព្រំដែនទឹក បើកប្រតិបត្តិការបង្ក្រាបកាលពីយប់រំលងអធ្រាត្រ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅម្តុំកោះសេះនោះ៕





