អាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
ស្ថានភាពនៅមជ្ឈិមបូព៌ាកាន់តែមានភាពតានតឹងជាថ្មីកាលពីថ្ងៃសុក្រ ទោះបីជាមានកិច្ចព្រមព្រៀងបណ្តោះអាសន្នរវាងអាមេរិក-អ៊ីរ៉ង់ ហើយកាលម្សិលមិញ គឺនៅថ្ងៃទី២៧ ខែមិថុនា សហរដ្ឋអាមេរិកបានបើកការវាយប្រហារលើប្រទេសអ៊ីរ៉ង់ពីរថ្ងៃជាប់ៗគ្នា ដោយលើកឡើងម្តងទៀតថា ការវាយប្រហារនេះគឺមានហេតុផលសមស្រប ចំពោះទីក្រុងតេហេរ៉ងប្រឆាំងនឹងនាវាពាណិជ្ជកម្មដឹកទំនិញមួយគ្រឿង បន្ទាប់ពីមានការវាយប្រហារដោយដ្រូន កំពុងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ។

សារព័ត៌មាន Al Jazeera ផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថា ការវាយប្រហារឡើងវិញនៅថ្ងៃសៅរ៍ គឺជាការចង្អុលបង្ហាញចុងក្រោយបំផុតថា បទឈប់បាញ់នៅមជ្ឈិមបូព៌ាបានបង្កើតឡើងជាអនុស្សរណៈនៃការយោគយល់គ្នា នៅថ្ងៃទី១៧ ខែមិថុនា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ អាចនឹងឈានដល់ចំណុចបំបែក។
ក្នុងសេចក្តីថ្លែងការណ៍មួយ បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) ដែលដឹកនាំសកម្មភាពយោធានៅមជ្ឈិមបូព៌ា បានពន្យល់ថា ការវាយប្រហារចុងក្រោយបំផុតបានកើតឡើង តាមការណែនាំរបស់អគ្គមេបញ្ជាការ។
មជ្ឈមណ្ឌលបញ្ជាការសរសេរថា៖ « កងកម្លាំង CENTCOM បានបើកការវាយប្រហារនៅថ្ងៃនេះ[កាលពីថ្ងៃសោរិ៍] ដើម្បីឆ្លើយតបដោយផ្ទាល់ទៅនឹងការឈ្លានពានជាបន្តបន្ទាប់របស់អ៊ីរ៉ង់ប្រឆាំងនឹងការដឹកជញ្ជូនរបស់នាវាពាណិជ្ជកម្ម។ យន្តហោះយោធាសហរដ្ឋអាមេរិកបានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធឃ្លាំមើលយោធាអ៊ីរ៉ង់ ប្រព័ន្ធទំនាក់ទំនង ទីតាំងការពារដែនអាកាស កន្លែងផ្ទុកដ្រូន និងសមត្ថភាពដាក់មីន»។
ការផ្ទុះនេះត្រូវបានរាយការណ៍នៅភាគខាងត្បូងអ៊ីរ៉ង់ ជុំវិញភូមិ Tahrui ជិតកំពង់ផែ Sirik ជាចំណុចកណ្តាលនៃការវាយប្រហាររបស់សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ក៏បានចង្អុលបង្ហាញថា កោះ Qeshm ត្រូវបានវាយប្រហារ។
នៅក្នុងការបង្ហោះលើបណ្តាញសង្គមតិចជាងពីរម៉ោង បន្ទាប់ពីការវាយប្រហារបានចាប់ផ្តើម ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា ការវាយប្រហារនៅថ្ងៃសៅរ៍អាចជាការត្រៀមលក្ខណៈសម្រាប់ការប្រយុទ្ធគ្នាកាន់តែខ្លាំង ប្រសិនបើអ៊ីរ៉ង់មិនគោរពតាមការរំពឹងទុករបស់ទីក្រុងវ៉ាស៊ីនតោន។
លោក ត្រាំ បានរិះគន់អ៊ីរ៉ង់ ចំពោះការរំលោភលើអនុស្សរណៈឈប់បាញ់ម្តងហើយម្តងទៀត ជាការចោទប្រកាន់ដែលភាគីទាំងពីរបានផ្លាស់ប្តូរគ្នា។
លោក ត្រាំ សរសេរថា៖ « វាអាចទៅរួចដែលពួកគេ[អ៊ីរ៉ង់] មិនបានរៀនអ្វីសោះ ហើយអាចមានចំណុចមួយដែលយើងលែងអាចមានភាពសមហេតុផលទៀត ហើយនឹងត្រូវបង្ខំបញ្ចប់ការងារដែលយើងបានចាប់ផ្តើមយ៉ាងជោគជ័យដោយយោធា។ ប្រសិនបើរឿងនោះកើតឡើង សាធារណរដ្ឋអ៊ីរ៉ង់នឹងលែងមានទៀតហើយ»!៕
