អាមេរិក-អ៊ីរ៉ង់ ព្រមផ្អាកប្រយុទ្ធ ហើយត្រៀមវិលចូលតុចរចាជាថ្មី ក្រោយបាញ់សងសឹកគ្នា យ៉ាងក្តៅគគុក

សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានឯកភាពផ្អាកប្រយុទ្ធគ្នាម្តងទៀត ហើយវិលមកកាន់តុចរចាវិញ ក្រោយការប៉ះទង្គិចគ្នាផ្នែកយោធាយ៉ាងក្តៅគគុក ដែលភាគីទាំងពីរ ចោទដាក់គ្នាថា «រំលោភកិច្ចព្រមព្រៀងសន្តិភាព»។

យោងតាមការផ្សាយរបស់ Reuters ដែលដកស្រង់ប្រភពពី សារព័ត៌មាន Axios កាលពីថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២៦​, ភាគីទាំងពីរ នឹងគ្រោងជួបចរចាគ្នាជាថ្មី នៅថ្ងៃអង្គារខាងមុខ ខណៈប្រភពដដែលបង្ហើបថា ជំនួបនោះ នឹងធ្វើឡើងក្នុងប្រទេស កាតា។

យ៉ាងណា រឿងនេះ មិនទាន់មានការឆ្លើយតប ឬបញ្ជាក់អ្វីឡើយ ពីសេតវិមាន ចំណែកភាគីអ៊ីរ៉ង់ ក៏មិនទាន់ និយាយអ្វីដែរ។

កាលពីចុងសប្តាហ៍ សហរដ្ឋ​អាមេរិក បាន​បើក​ការវាយ​ប្រហារ​លើ​ប្រទេស​អ៊ីរ៉ង់ ពីរ​ថ្ងៃ​ជាប់គ្នា ដោយអះអាងថា ដើម្បីឆ្លើយតប ចំពោះការដែលទី​ក្រុង​តេហេរ៉ង បាញ់លើកប៉ាល់ពាណិជ្ជកម្មដឹក​ទំនិញ ​មួយគ្រឿង​ នៅក្នុងច្រកសមុទ្រ Hormuz​។

បញ្ជាការកណ្តាល​សហរដ្ឋអាមេរិក (CENTCOM) បានចេញសេចក្តីថ្លែងការណ៍ថា ៖ «កង​កម្លាំង CENTCOM បាន​បើក​ការវាយប្រហារ​នៅថ្ងៃនេះ (​ថ្ងៃ​សៅរ៍) ដើម្បី​ឆ្លើយតប​​ដោយផ្ទាល់ ​ទៅ​នឹងការ​ឈ្លាន​ពានជា​បន្តបន្ទាប់​របស់អ៊ីរ៉ង់ ប្រឆាំង​នឹងការដឹក​ជញ្ជូន​របស់​កប៉ាល់​ពាណិជ្ជកម្ម។ យន្តហោះអាមេរិក ​បានកំណត់គោលដៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធយោធាអ៊ីរ៉ង់ ប្រព័ន្ធទំនាក់​ទំនង ទីតាំងការពារដែន​អាកាស កន្លែងផ្ទុកដ្រូន​ និងសមត្ថភាព​ដាក់មីន»។

ការ​ផ្ទុះ ​ត្រូវបានរាយការណ៍​នៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់ ជុំវិញ​ភូមិ Tahrui ជិតកំពង់ផែ Sirik ខណៈ ប្រព័ន្ធផ្សព្វផ្សាយ​រដ្ឋ​អ៊ីរ៉ង់ រាយការណ៍ថា កោះ Qeshm ក៏ត្រូវបាន​វាយប្រហារ ដែរ។

សងសឹកវិញ! កង​ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) ប្រកាសពីការវាយ​ប្រហារ ​កំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធយោធា​សំខាន់ៗ​របស់សហរដ្ឋអាមេរិក រួមទាំងមូលដ្ឋាន​ទ័ពអាកាស Ali Al Salem ក្នុង​ប្រទេសគុយវ៉ែត និងទីស្នាក់ការកណ្តាល​នៃកងនាវាចរណ៍ទី​៥ របស់សហរដ្ឋអាមេរិក ក្នុងប្រទេសបារ៉ែន​។

តាមការបញ្ជាក់ពីអ៊ីរ៉ង់ ប្រតិបត្តិការនេះគឺជាការឆ្លើយតប​ បន្ទាប់ពីកង​កម្លាំងអាមេរិក​ វាយប្រហារលើទីតាំង​ឆ្នេរសមុទ្រ​អ៊ីរ៉ង់​ចំនួន ៥កន្លែង​ កាលពីព្រឹកថ្ងៃអាទិត្យ ក្រោមលេស ​​តបទៅ​​​ប្រតិបត្តិការ​របស់ទីក្រុងតេហេរ៉ង់ ​ប្រឆាំងនឹងកប៉ាល់ ​ដែល​រំលោភ​បំពាន​​នៅ​ច្រក Hormuz។

ទីក្រុងតេហេរ៉ង់ បញ្ជាក់យ៉ាងច្បាស់ថា ការរៀប​ចំនាវាចរណ៍​ក្នុង​ច្រក​ ​Hormuz គឺ​ស្ថិតក្រោមការសម្របសម្រួល​របស់​អ៊ីរ៉ង់ ក្រោមអនុស្សរណៈ​អ៊ីស្លាម៉ាបាដ ប៉ុណ្ណោះ​៕

អត្ថបទដែលជាប់ទាក់ទង