គយ បង្ក្រាបសាឡង់បូមខ្សាច់វៀតណាម ១ គ្រឿង លួចចូលកម្ពុជាដោយគ្មានបែបបទគយត្រឹ​មត្រូវ​

កម្លាំងសមត្ថកិច្ចចម្រុះ នៃអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា បានឃាត់សាឡង់បូមខ្សាច់វៀតណាម ១ គ្រឿង បន្ទាប់ពីទទួលបានព័ត៌មានថា លួចឆ្លងព្រំដែនតាមផ្លូវទឹកពីប្រទេសវៀតណាម ចូលមកកម្ពុជា តាមច្រកទ្វារទ្វេភាគី «កោះរកា-ក្អមសំណ» ដោយមិនបានបំពេញបែបបទនាំចូលត្រឹមត្រូវតាមច្បាប់។

លោក ព្រាប គារ៉ាត អនុប្រធាននាយកដ្ឋានបង្ការ និង បង្ក្រាបអំពើរត់ពន្ធទូទាំងប្រទេស នៃអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា ដែលដឹកនាំប្រតិបត្តិការផ្ទាល់ បានឱ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងតាមបទបញ្ជារបស់ លោក គន់ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា និង ការណែនាំរបស់លោក នូ ស៊ីថា ប្រធាននាយកដ្ឋានបង្ការ និង បង្ក្រាបបទល្មើសរត់ពន្ធ។

លោកបានបញ្ជាក់ថា កម្លាំងជំនាញគយ បានសហការជាមួយស្នាក់ការនគរបាលអន្តោប្រវេសន៍កោះរកា កងរាជអាវុធហត្ថខេត្តព្រៃវែង កងរាជអាវុធហត្ថផ្ទៃប្រទេស និង ស្ថិតក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង ចុះឃាត់សាឡង់បូមខ្សាច់ពាក់ស្លាកលេខ HN-2607 នៅចម្ងាយប្រមាណ ៥ គីឡូម៉ែត្រ ពីច្រកទ្វារទ្វេភាគី «កោះរកា-ក្អមសំណ» ខណៈកំពុងធ្វើដំណើរឆ្ពោះទៅតំបន់កោះធេង ស្រុកពាមជរ ខេត្តព្រៃវែង កាលពីរាត្រីថ្ងៃទី ១០ ឆ្លងចូលថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៦។

តាមការបញ្ជាក់របស់ លោក ព្រាប គារ៉ាត អ្នកបើកបរសាឡង់ឈ្មោះ Nguyen Van Thanh អាយុ ៤៤ ឆ្នាំ សញ្ជាតិវៀតណាម បានសារភាពថា ខ្លួនបានបើកសាឡង់ពីប្រទេសវៀតណាមចូលមកកម្ពុជា ដោយមិនបានបំពេញបែបបទនាំចូលត្រឹមត្រូវតាមច្បាប់នោះឡើយ។

បន្ទាប់ពីការត្រួតពិនិត្យ សមត្ថកិច្ចបានសម្រេចនាំយកសាឡង់ទៅរក្សាទុកជាបណ្តោះអាសន្ន និង កសាងសំណុំរឿងបញ្ជូនទៅអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង