អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញដល់ប្រព័ន្ធផ្សព្វផ្សាយ ចូលរួមផ្សព្វផ្សាយលើកទឹកចិត្តឱ្យពលរដ្ឋគ្រប់អាយុទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
(កំពង់ស្ពឺ)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញដល់ប្រព័ន្ធផ្សព្វផ្សាយជាតិនៅរាជធានី-ខេត្តចូលរួមផ្សព្វផ្សាយបានទូលំទូលាយ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋគ្រប់អាយុទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគ្រប់ៗគ្នាដើម្បីអាចមានសិទ្ធិចូលរួមបោះឆ្នោតបានស្របតាមច្បាប់កំណត់។
ការជំរុញនេះបានធ្វើឡើងក្នុងកិច្ចប្រជុំតម្រង់ទិសស្តីពី «ការងារព័ត៌មានសាធារណមតិ ដល់មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោក ទេព អស្នារិទ្ធ បានណែនាំដល់មន្ទីរព័ត៌មានរាជធានី-ខេត្តទាំងអស់ ជាពិសេសមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ ឱ្យយកចិត្តទុកដាក់ផលិត និងផ្សព្វផ្សាយមាតិកាឱ្យបានកាន់តែទូលំទូលាយ អំពីសារៈសំខាន់នៃការធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។
លោកបានគូសបញ្ជាក់ថា អត្តសញ្ញាណបណ្ណ គឺជាឯកសារមួយដ៏ចាំបាច់សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ក្នុងការប្រើប្រាស់សម្រាប់សេវាសាធារណៈ ការចុះឈ្មោះបោះឆ្នោត ក៏ដូចជាការបំពេញបែបបទក្នុងកិច្ចការនានាស្របតាមច្បាប់កំណត់។ ក្រៅពីនេះ ក៏ត្រូវចូលរួមផ្សព្វផ្សាយជាការរំលឹកដល់ពលរដ្ឋដែលអត្តសញ្ញាណប័ណ្ណជិតហួសកំណត់ ឬហួសកំណត់ ឱ្យរួសរាន់ទៅធ្វើថ្មី ដើម្បីកុំឱ្យប៉ះពាល់ដល់ការប្រើប្រាស់ប្រចាំថ្ងៃ។
ក្រសួងមហាផ្ទៃធ្លាប់បានជូមដំណឹងថា សម្រាប់ពលរដ្ឋដែលត្រូវធ្វើអត្តសញ្ញាណប័ណ្ណលើកដំបូង ត្រូវមានអាយុចាប់ពី ១៥ ឆ្នាំឡើងទៅត្រូវមានឯកសារដោយភ្ជាប់មកជាមួយសេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត។ សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ (ច្បាប់ដើម ឬច្បាប់ថតចម្លងដែលមានការបញ្ជាក់ត្រឹមត្រូវ)។
សម្រាប់ករណីអស់សុពលភាព (ហួសកំណត់ ១០ឆ្នាំ) ឬខូច/បាត់ ត្រូវយកអត្តសញ្ញាណប័ណ្ណចាស់ដែលហួសកំណត់ ឬខូចទៅបង្ហាញមន្ត្រីជំនាញ។ ករណីបាត់ ត្រូវមានលិខិតបញ្ជាក់ការបាត់បង់ពីអាជ្ញាធរមានសមត្ថកិច្ច (ប៉ុស្តិ៍នគរបាលរដ្ឋបាល)។
ប្រជាពលរដ្ឋអាចទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរបាននៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬ អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ នៃលំនៅឋានអចិន្ត្រៃយ៍របស់ខ្លួន ឬនៅតាមស្នងការដ្ឋាននគរបាលរាជធានី ខេត្ត។ នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងផ្សារទំនើប អ៉ីអន២ ជាដើម៕

