World Cup 2026៖ អាហ្សង់ទីន ប្រឈមទណ្ឌកម្ម FIFA ពីបទលើកបដាកោះ Falkland ក្រោយជ័យជម្នះលើអង់គ្លេស
(បរទេស)៖ ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន ប្រឈមមុខទៅនឹងបម្រាមរបស់សហព័ន្ធអន្តរជាតិ FIFA បន្ទាប់ពីល្មើសនឹងក្រមវិន័យ នៅអំឡុងពេលអបអរជ័យជម្នះរបស់ពួកគេ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ World Cup 2026 ទៅលើគូប្រជែងតោកំណាចអង់គ្លេសកាលពីយប់មិញ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ក្រោយអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួតពេញម៉ោង ៩០នាទីនៅឯកីឡដ្ឋានដែលស្ថិតក្នុងទីក្រុង Atlanta សហរដ្ឋអាមេរិកនោះ ក្រុមកីឡាករ និងគ្រូបង្វឹកបានកាន់បដារួមគ្នាដែលមានសរសេរថា «Las Malvinas son Argentinas» ដែលមានន័យថា «ដែនកោះ Falklands គឺជាអាហ្សង់ទីន»។
គួរបញ្ជាក់ផងថា ដែនកោះ Falkland គឺជាដែនដីរបស់ចក្រភពអង់គ្លេសនៅឯនាយសមុទ្រ ស្ថិតនៅភាគនិរតី (ខាងត្បូងឈាងខាងលិច) នៃមហាសមុទ្រអាត្លង់ទិច ដោយនៅតែជាប្រធានបទជម្លោះរវាងអង់គ្លេស និងអាហ្សង់ទីនជាយូរលង់ណាស់មកហើយ។
ប្រទេសទាំងពីរបានផ្ទុះសង្រ្គាមជាមួយគ្នាថែមទៀតផងជុំវិញដែនកោះ Falkland ដែលមានរយៈចម្ងាយ ៣០០ម៉ាយពីឈូងសមុទ្រអាហ្សង់ទីន កាលពីអំឡុងខែមេសាដល់ខែមិថុនា ឆ្នាំ១៩៨២។
ទោះជាយ៉ាងណា សហព័ន្ធបាល់ទាត់នៃប្រទេសអាហ្សង់ទីន AFA នឹងរងការពិន័យជាដាច់ខាតពី FIFA ជុំវិញការប្រើប្រាស់សារនយោបាយ ក្នុងកីឡា។
នៅចាំបានថា កាលឆ្នាំ២០១៤ កន្លងទៅ FIFA ក៏បានពិន័យអាហ្សង់ទីន គិតជាទឹកប្រាក់ប្រមាណ ២០,០០០ផោនផងដែរ ក៏ព្រោះតែកីឡាកររបស់ពួកគេបានធ្វើសកម្មភាពនេះដូចគ្នាកាលពីអំឡុងប្រកួតមិត្តភាពអន្តរជាតិទល់នឹងក្រុមជម្រើសស្លូវេនី នៅអឺរ៉ុប៕
