ពាណិជ្ជកម្មចិន-អាមេរិកស្ទុះងើបឡើងវិញ ក្រោយភាគីទាំង២បោះជំហានថ្មីបន្ធូរភាពតានតឹងពាណិជ្ជកម្ម
ពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក បានបង្ហាញសញ្ញាស្ទុះងើបឡើងវិញក្នុងត្រីមាសទី២ ឆ្នាំ២០២៦ បន្ទាប់ពីប្រទេសទាំង២ បានបន្តកិច្ចពិភាក្សា និងឈានដល់ការព្រមព្រៀងជាគោលការណ៍ ដើម្បីរៀបចំក្របខណ្ឌកាត់បន្ថយពន្ធបដិការ។ នេះបើតាមការចុះផ្សាយរបស់កាសែត China Daily នៅថ្ងៃចន្ទ។

ទិន្នន័យពីអគ្គរដ្ឋបាលគយចិន ពាណិជ្ជកម្មទំនិញចិន និងអាមេរិក បានកើនឡើង ១៣,៧% ក្នុងត្រីមាសទី២ បន្ទាប់ពីបានធ្លាក់ចុះ ១៨,៧% ក្នុងត្រីមាសទី១។ សរុបក្នុងឆមាសទី១ ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ មានតម្លៃប្រមាណ ២ ទ្រីលានយ័ន (ប្រហែល ២៩៥ ប៊ីលានដុល្លារ) ដែលស្មើនឹង ៧,៩% នៃពាណិជ្ជកម្មបរទេសសរុបរបស់ចិន។
ក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងថា ក្នុងជំនួបពិភាក្សាពាណិជ្ជកម្មកាលពីខែឧសភា ភាគីទាំង២ បានឯកភាពគ្នាបង្កើតក្រុមប្រឹក្សាពាណិជ្ជកម្មថ្មីមួយ ដើម្បីចរចាលើក្របខណ្ឌកាត់បន្ថយពន្ធបដិការ។ កិច្ចព្រមព្រៀងនេះរំពឹងថានឹងគ្របដណ្តប់លើទំនិញដែលមានតម្លៃយ៉ាងហោចណាស់ ៣០ ប៊ីលានដុល្លារពីប្រទេសនីមួយៗ។
ទោះបីជាមិនទាន់មានបញ្ជីផ្លូវការនៃទំនិញដែលទទួលបានការកាត់បន្ថយពន្ធក៏ដោយ អ្នកវិភាគរំពឹងថា វាអាចរួមមានវាយនភណ្ឌ ស្បែកជើង ទំនិញប្រើប្រាស់ គ្រឿងបន្លាស់អេឡិចត្រូនិក គ្រឿងម៉ាស៊ីន សារធាតុគីមី ប្លាស្ទិក និងផលិតផលកសិកម្ម។ ចំណែកវិស័យដែលមានភាពរសើប ដូចជាបន្ទះឈីបទំនើបកម្រិតខ្ពស់ រ៉ែសំខាន់ៗ និងបច្ចេកវិទ្យាយុទ្ធសាស្ត្រ ទំនងជានឹងមិនស្ថិតក្នុងក្របខណ្ឌនេះឡើយ។
អ្នកជំនាញផ្នែកពាណិជ្ជកម្មចិនមួយចំនួនយល់ឃើញថា ការបន្តកិច្ចសន្ទនារវាងចិន និងអាមេរិកបានជួយបង្កើនទំនុកចិត្តដល់អាជីវកម្ម និងវិនិយោគិន ខណៈការកាត់បន្ថយពន្ធ ប្រសិនបើអនុវត្តជាក់ស្តែង នឹងអាចជួយសម្រួលការធ្វើពាណិជ្ជកម្ម និងកាត់បន្ថយបន្ទុកចំណាយរបស់ក្រុមហ៊ុនទាំងសងខាង។

ទោះជាយ៉ាងណា អ្នកវិភាគក៏បានព្រមានថា ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំង២ នៅតែប្រឈមនឹងបញ្ហាជាច្រើន។ ការប្រកួតប្រជែងលើវិស័យបច្ចេកវិទ្យាខ្ពស់ វិធានការគ្រប់គ្រងការនាំចេញបន្ទះឈីប បញ្ញាសិប្បនិម្មិត (AI) និងរ៉ែសំខាន់ៗ ព្រមទាំងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ នៅតែអាចប៉ះពាល់ដល់ទំនាក់ទំនងពាណិជ្ជកម្មនាពេលខាងមុខ។
មេដឹកនាំអាជីវកម្មអាមេរិកមួយចំនួនក៏បានសម្តែងការរំពឹងថា ការចរចានាពេលនេះ នឹងនាំទៅរកវិធានការជាក់ស្តែង។ ពួកគេជឿថា ទីផ្សារចិននៅតែមានសារៈសំខាន់សម្រាប់ក្រុមហ៊ុនអាមេរិក ខណៈក្រុមហ៊ុនមួយចំនួនកំពុងបន្តពង្រីកការវិនិយោគ និងសហការផ្នែកបច្ចេកវិទ្យានៅក្នុងប្រទេសចិន។
ទន្ទឹមនឹងនេះ ទិន្នន័យពីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន បង្ហាញថា ការនាំចេញបន្ទះឈីបរួម (Integrated Circuits) របស់ចិនបានកើនឡើង ៨៨,៧% ក្នុងឆមាសទី១ ឆ្នាំ២០២៦ ខណៈការនាំចេញគ្រឿងបន្លាស់អេឡិចត្រូនិក កើនឡើង ៦២,៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទោះបីមានសញ្ញាវិជ្ជមានពីការងើបឡើងវិញនៃពាណិជ្ជកម្មក៏ដោយ អ្នកវិភាគយល់ថា ទំនាក់ទំនងពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក នឹងនៅតែស្ថិតក្នុងដំណាក់កាលនៃការសហការ និងការប្រកួតប្រជែងស្របពេលគ្នា ហើយការចរចាបន្តនឹងក្លាយជាកត្តាសំខាន់ក្នុងការគ្រប់គ្រងភាពខ្វែងគំនិតរវាងប្រទេសទាំង២៕