UN ៖ ជនអន្តោប្រវេសន៍ជិត១៥០នាក់ លង់ទឹកស្លាប់ ពេលទូកអស់ប្រេងកណ្តាលសមុទ្រ នៅអាហ្វ្រិកខាងលិច
ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ(UN) បានលើកឡើងនៅថ្ងៃអង្គារថា មនុស្សជិត ១៥០នាក់បានបាត់បង់ជីវិត និងបាត់ខ្លួនពីទូក នៅឯនាយសមុទ្រ Mauritania នៅតំបន់អាហ្វ្រិកខាងលិច កាលលពីសប្តាហ៍មុន ខណៈពួកគេកំពុងព្យាយាមធ្វើដំណើរតាមទូកចំណាកស្រុកទៅកាន់អឺរ៉ុប។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២៦ ។

ទីភ្នាក់ងារ UN លើកឡើងទៀតថា មនុស្ស ១៤៤នាក់ស្លាប់ ឬបាត់ខ្លួន បន្ទាប់ពីឧប្បត្តិហេតុពីរដាច់ដោយឡែកពីគ្នា រវាងថ្ងៃទី១៤ និង ១៨ ខែកក្កដា ហើយមនុស្ស ៣៨៧នាក់ ត្រូវបានជួយសង្គ្រោះ។
ឆ្មាំសមុទ្រ Mauritania និយាយថា មនុស្ស ១២២នាក់ បានបាត់ខ្លួននៅឯនាយសមុទ្រក្បែររដ្ឋធានី Nouakchott ។ ទូកដឹកមនុស្ស ១៦០នាក់ ពីប្រទេស Gambia ឆ្ពោះទៅកាន់កោះ Canary បានអស់ប្រេងឥន្ធនៈ ហើយជាប់គាំង នៅលើសមុទ្ររយៈពេល ២៥ថ្ងៃ។
នៅក្នុងឧប្បត្តិហេតុដាច់ដោយឡែកមួយ ឆ្មាំសមុទ្រ បាននិយាយថា ខ្លួនបានជួយសង្គ្រោះមនុស្សចំនួន ១៧៩នាក់ លើទូកពីប្រទេស Senegal កាលពីថ្ងៃសៅរ៍។
យ៉ាងណា ភាពខុសគ្នានៃចំនួនមនុស្ស ដែលបានផ្តល់ឱ្យមិនទាន់ច្បាស់លាស់ភ្លាមៗនោះទេ។
ដែនទឹករបស់ប្រទេស Mauritania បានក្លាយជាផ្លូវសំខាន់មួយ សម្រាប់មនុស្សមកពីតំបន់សាហារ៉ាអាហ្វ្រិក ដើម្បីស្វែងរកការរស់នៅឱ្យកាន់តែប្រសើរឡើងនៅអឺរ៉ុប ខណៈឱកាសសេដ្ឋកិច្ចនៅតែខ្វះខាតក្នុងប្រទេសពួកគេ។
ទីភ្នាក់ងារអង្គការសហប្រជាជាតិលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា ផ្លូវឆ្ពោះទៅកាន់កោះ Canary គឺជាផ្លូវទឹកមួយក្នុងចំណោមផ្លូវដែលមានមនុស្សស្លាប់ច្រើនបំផុតរបស់ពិភពលោកជាមួយនឹងចម្ងាយឆ្ងាយ និងទូកដែលមិនអាចធ្វើដំណើរតាមសមុទ្របាន ហើយមានមនុស្សជិះច្រើនពេក៕
