អាវុធហត្ថខេត្តសៀមរាប បង្ក្រាបក្រុមក្មេងទំនើង១៥នាក់ និងអំពាវនាវឱ្យយុវជនបញ្ឈប់សកម្មភាពទំនើងបង្កអនាធិបតេយ្យ
អាវុធហត្ថខេត្តសៀមរាប អំពាវនាវដល់យុវជនទាំងអស់ សូមបញ្ឈប់រាល់សកម្មភាពទំនើង ដែលបង្កការភ័យខ្លាចដល់អ្នកជុំវិញ ក៏ដូចជាបង្កភាពអនាធិបតេយ្យក្នុងសង្គម បើមិនដូច្នោះទេសមត្ថកិច្ចអាវុធហត្ថនឹងធ្វើការបង្ក្រាបយកទៅព្រមានអប់រំ ក៏ដូចជាចាត់វិធានការតាមផ្លូវច្បាប់។

ជាក់ស្តែងបន្ទាប់ពីមានប្រជាពលរដ្ឋបានផ្តល់ព័ត៌មាន តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩៦ របស់កងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីក្មេងទំនើង នៅវេលាម៉ោង ២២និង៣០នាទីយប់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថខេត្តសៀមរាប បានធ្វើការចុះបង្ក្រាបក្រុមក្មេងទំនើង ចំនួន១៥នាក់ រួមទាំងម៉ូតូចំនួន ១២គ្រឿង ដែលបានជិះម៉ូតូប្រណាំងគ្នា និងកែច្នៃបំពង់ស៊ីម៉ាំង លេងភ្លើងម៉ូតូខុសលក្ខណៈបច្ចេកទេស បង្ក ឲ្យមានសម្លេងរំខានដល់ប្រជាពលរដ្ឋ និងបង្កឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ នៅចំណុចផ្លូវ បេតុងព្រលានយន្តហោះថ្មី ស្ថិតក្នុងភូមិកូនដំរី ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។



ជាវិធានការរដ្ឋបាល ម៉ូតូទាំង ១២គ្រឿងត្រូវបានដកហូតរក្សាទុកជាបណ្ដោះអាសន្ននៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប។ អាជ្ញាធរអំពាវនាវដល់យុវជនទាំងអស់ សូមបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឱ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិ និងកិត្តិយសគ្រួសារ បង្កការភ័យខ្លាចដល់អ្នកជុំវិញ ក៏ដូចជាបង្កភាពអនាធិបតេយ្យក្នុងសង្គម។ ការចូលរួមរក្សាសណ្តាប់ធ្នាប់សាធារណៈ គឺជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់រូប ដើម្បីសង្គមមួយដែលមានសុវត្ថិភាព និងភាពថ្លៃថ្នូរ៕




