នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បង្ក្រាបក្រុមចាប់ជំរិតជនជាតិចិន៣នាក់ និងរំដោះជនរងគ្រោះបានម្នាក់មកវិញ

កម្លាំងនគរបាលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនក្រុមជនសង្ស័យចាប់ជំរិតជាជនចិនចំនួន៣នាក់ និងរំដោះបានជនរងគ្រោះជាជនជាតិចិនម្នាក់មកវិញដោយសុវត្ថិភាព។ ក្រុមជនសង្ស័យត្រូវបានកម្លាំងជំនាញតាមចាប់ខ្លួនបានជាបន្តបន្ទាប់ក្រោមការសហការជាមួយកម្លាំងស្នងដ្ឋាននគរបាលខេត្ត និងអធិការដ្ឋាននគរបាលចំនួន៨ ក្រោយពីក្រុមទាំងនេះបានព្យាយាមរត់គេខខ្លួនបន្ទាប់ពីធ្វើសកម្មភាពនៅខេត្តព្រះសីហនុ។

តាមរបាយការណ៍របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កាលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ៣និង៥៨នាទីរំលងអធ្រាត្រ ត្រង់ចំណុចក្បែរផ្សារទំនើប វ័នតា ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មានជនមិនស្គាល់អត្តសញ្ញាណចំនួន០១ក្រុម ធ្វើការចាប់ជនរងគ្រោះឈ្មោះ LI BINGHUI ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន ឡើងរថយន្តម៉ាក TOYOTA ALPHARD ពណ៌ខ្មៅ រួចធ្វើការជំរិតទារប្រាក់ក្នុងរថយន្តតែម្ដង។

របាការណ៍ដដែលបន្ថែមថា នៅថ្ងៃខែដដែល វេលាម៉ោង១៥និង៣៥នាទី កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានធ្វើការជួយសង្គ្រោះជនរងគ្រោះត្រង់ចំណុចភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ព្រមទាំងធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ LIU HAILONG ភេទប្រុស ជនជាតិចិន។

បន្ទាប់មកនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១៧និង៣០នាទី កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងស្នងការនគរបាលខេត្តព្រះសីហនុ, កម្លាំងស្នងការនគរបាលខេត្តកំពត, កម្លាំងស្នងការនគរបាលខេត្តកំពង់ឆ្នាំង, កម្លាំងស្នងការនគរបាលខេត្តបាត់ដំបង, កម្លាំងស្នងការនគរបាលខេត្តសៀមរាប, កម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ, កម្លាំងអធិការនគរបាលខណ្ឌច្បារអំពៅ និងកម្លាំងអធិការនគរបាលខណ្ឌបឹងកេងកង ធ្វើការស្រាវជ្រាវរហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ ព្រមទាំងឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់បន្ថែមរួមមាន ១-ឈ្មោះ PANG WEIGANG ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន កាន់លិខិត្លងដែនលេខ EL7880793។ ២-ឈ្មោះ HU HAIPENG ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខER2360242 ត្រង់ចំណុចសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

៣-ឈ្មោះ LIU HAIDONG ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខEF8099052 ត្រង់ចំណុចភូមិអណ្ដូងថ្មមាស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយឃាត់ខ្លួន ក្រុមជនសង្ស័យត្រូវបានបញ្ជូនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសួរនាំ និងបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការស្រាវជ្រាវ និងអនុវត្តនីតិវិធីបន្ត៕

អត្ថបទដែលជាប់ទាក់ទង