អ្នកស្លាប់កើនដល់ ៥៧នាក់ ខណៈជនភៀសខ្លួនម៉ារ៉ុកជិត ៦ម៉ឺននាក់សម្រុកចូលទឹកដីអេស្ប៉ាញ

អន្តជាតិ៖ ស្ថានការណ៍នៅដែនដីអធិបតេយ្យ Ceuta បានធ្លាក់ចុះដុនដាបដល់កម្រិតអាសន្ន និងក្លាយជាមហន្តរាយមនុស្សធម៌យ៉ាងធ្ងន់ធ្ធរ! អាជ្ញាធរអេស្ប៉ាញ បានប្រកាសកាលពីថ្ងៃសុក្រ ទី​៣១ ខែ​កក្កដា ឆ្នាំ​២០២៦ ថា ចំនួនអ្នកបាត់បង់ជីវិតនៅក្នុងវិបត្តិ​ព្រំដែននេះ បាន​កើនឡើងយ៉ាងគំហុកដល់យ៉ាងហោចណាស់ ៥៧នាក់ហើយ បន្ទាប់ពីមនុស្សជិត ៦០ ០០០នាក់ បានសម្រុក​​ឆ្លងដែនពីប្រទេសម៉ារ៉ុក ចូលមកកាន់ដែនដីអេស្ប៉ាញ។

យោងតាម ABC News ក្រុមល្បាតជើងទឹក និងកងឆ្មាំស៊ីវិលអេស្ប៉ាញ កំពុងប្រញាប់ប្រញាល់ធ្វើកោសល្យវិច័យលើសាកសព ដែលត្រូវបានស្រង់ចេញពីទឹកសមុទ្រ ដើម្បីកំណត់មូលហេតុពិតប្រាកដនៃការស្លាប់ ខណៈដែលវីដេអូនានា បានបង្ហាញពីទិដ្ឋភាពដ៏រន្ធត់នៃមនុស្សរាប់ម៉ឺននាក់ ព្យាយាមហែលទឹកយ៉ាងប្រថុយប្រថាន ដើម្បីឆ្លងកាត់ច្រកសមុទ្រ Gibraltar។

ផលប៉ះពាល់នៃការហូរចូលជន​ភៀសខ្លួន​យ៉ាងគំហុកនេះ បានធ្វើឱ្យដែនដី Ceuta ទាំងមូលធ្លាក់ចូលទៅក្នុងស្ថានភាព «បិទក្រុង» ដោយស្វ័យប្រវត្តិ។ ហាងទំនិញ និងអាជីវកម្មទាំងអស់ ត្រូវបង្ខំចិត្តបិទទ្វារ ឯប្រជាពលរដ្ឋក្នុងស្រុកប្រមាណ ៨០ ០០០នាក់ ត្រូវបានអាជ្ញាធរណែនាំឱ្យសម្ងំ​ក្នុង​ផ្ទះ និងមិនឱ្យចាកចេញទៅណាឡើយ ដោយសារសន្តិសុខនៅលើដងផ្លូវ​មាន​ភាព​រញ៉េរញ៉ៃខ្លាំង។ ទោះបីជាអាជ្ញាធរបានអះអាងថា មនុស្សប្រមាណ ៤៨ ០០០នាក់ត្រូវបានរុញច្រាន ឬបញ្ជូនត្រឡប់ទៅទឹកដីម៉ារ៉ុកវិញយ៉ាងណាក៏ដោយ ក៏ស្ថានភាពនៅតាមខ្សែបន្ទាត់ព្រំដែន នៅតែមិនទាន់អាចគ្រប់គ្រងបាននៅឡើយទេ។

ការវិវត្តយ៉ាងក្ដៅគគុកនេះ ក៏បានបង្កឱ្យមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងនៅក្នុងជួររដ្ឋាភិបាលអេស្ប៉ាញផងដែរ។ លោក Juan Jesús Vivas ប្រធានដែនដី Ceuta បានចេញមុខរិះគន់ចំៗតាមប្រព័ន្ធផ្សព្វផ្សាយថា រដ្ឋាភិបាលកណ្តាលនៅក្រុងម៉ាដ្រីត «ឆ្លើយតបយឺតយ៉ាវ និងខកខាន ក្នុងការជួយសង្គ្រោះស្ថានការណ៍ឱ្យទាន់ពេលវេលា»។ យ៉ាងណាមិញ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sánchez បានចេញមុខអះអាងថា រដ្ឋាភិបាលបាន និងកំពុងបញ្ចេញគ្រប់ធនធានចាំបាច់ទាំងអស់ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរម៉ារ៉ុក ដើម្បីស្តារសណ្តាប់ធ្នាប់ឡើងវិញឱ្យបានឆាប់បំផុត។

មហន្តរាយព្រំដែននេះ មិនត្រឹមតែគ្របដណ្តប់លើតំបន់ Ceuta ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានឆ្លងរាលដាលទៅដល់ដែនដីអធិបតេយ្យមួយទៀតរបស់អេស្ប៉ាញនៅលើឆ្នេរអាហ្វ្រិក គឺដែនដី Melilla ផងដែរ។ អាជ្ញាធរនៅ Melilla បានរាយការណ៍ថា មនុស្សចន្លោះពី ៣០០ ទៅ ៤០០នាក់បានព្យាយាមបំបែក និងឆ្លងកាត់របាំងព្រំដែនតាមផ្លូវគោក និងផ្លូវសមុទ្រ កាលពីថ្ងៃព្រហស្បតិ៍ ដែលជាសញ្ញាព្រមានយ៉ាងច្បាស់ថា វិបត្តិចំណាកស្រុកឆ្លងដែននេះ កំពុងតែរីករាលដាលខ្លាំង និងក្លាយជាការគំរាមកំហែងដល់សន្តិសុខជាតិអេស្ប៉ាញទាំងមូល៕

អត្ថបទដែលជាប់ទាក់ទង