ខេត្តថៃ ជាប់ព្រំដែនមីយ៉ាន់ម៉ា ប្រកាសអាសន្នហើយ ឈានដល់ជម្លៀសពលរដ្ឋ ទៀតផង

ស្រុក Mae Sot នៃខេត្ត Tak ប្រទេសថៃ បានប្រកាសអាសន្ន ឲ្យពលរដ្ឋ ប្រញាប់ជម្លៀសទៅរកទីសុវត្ថិភាព ព្រោះតែសមរភូមិនៅខាងមីយ៉ាន់ម៉ា ធ្ងន់ធ្ងរខ្លាំងមែនទែនហើយ។

នៅខាងមីយ៉ាន់ម៉ា! ក្នុងភូមិ Min La Pan និង Pha Lu Noi នៃក្រុង Myawaddy Township រដ្ឋការ៉ែន ការប្រយុទ្ធគ្នា កាន់តែក្តៅគគុកៗទៅ ដោយកងកម្លាំងរដ្ឋាភិបាល បានបាញ់កាំភ្លើងធំ គ្រាប់ផ្លោង ហើយឈានដល់ការប្រើយន្តហោះទម្លាក់គ្រាប់បែក ទៀតផង ដើម្បីវាយប្រហារលើកងកម្លាំងរំដោះជាតិការ៉ែន (KNLA) ខណៈគ្រាប់ ក៏ហោះធ្លាយដល់ទឹកដីថៃ ផងដែរ។

ដោយសារតែការប្រយុទ្ធគ្នា អត់ធូរស្បើយ និងចេះតែខ្លាំងទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ ហើយឥឡូវបានឈានដល់កម្រិតធ្ងន់ធ្ងរបំផុតហើយនោះ ខាងថៃឯណោះ កាន់តែភ័យខ្លួន ដោយប្រកាសអាសន្ន ក្នុងស្រុក Mae Sot ជំរុញឲ្យជម្លៀសពលរដ្ឋជាបន្ទាន់ ទៅកាន់កន្លែងសុវត្ថិភាព ដើម្បីរក្សាជីវិត។

តាមការផ្សាយរបស់ Amarin TV នៅថ្ងៃចន្ទ ទី៣ ខែសីហា ឆ្នាំ២០២៦ មេភូមិ Ban Huai Mahawong លោក Booncherd Thaothep បានប្រាប់ថា ស្ថានការណ៍ធ្ងន់ធ្ងរខ្លាំងណាស់ ដូច្នេះពលរដ្ឋត្រូវជម្លៀសចេញសិន តែបើនរណាមិនព្រមជម្លៀសទេ សូមនៅក្នុងផ្ទះ កុំចេញទៅណាផ្តេសផ្តាសឲ្យសោះ ខ្លាចត្រូវគ្រាប់។

មិនត្រឹមប៉ុណ្ណឹង សាលារៀនក្នុងតំបន់ជាច្រើន ក៏ត្រូវបិទទ្វារផងដែរ ខណៈសិស្សខ្លះ ត្រូវទៅរៀននៅសាលាផ្សេងសិន ដើម្បីសុវត្ថិភាព។

មុននេះ គ្រាប់កាំភ្លើងពីខាងមីយ៉ាន់ម៉ា ក៏ហោះធ្លាយមកត្រូវចំផ្ទះចំនួន ៥ខ្នង និងវត្តមួយ ក្នុងខេត្ត Tak ផងដែរ ដោយពលរដ្ឋថៃ រត់ប្រាស់អាយុ ទាំងព្រលឹងចុងសក់។

អ្នកភូមិថៃ បានបង្ហាញស្នាមធ្លុះគ្រាប់ដែលនៅជាប់ជញ្ជាំង និងដំបូលផ្ទះ ប៉ុន្តែទោះបែបនេះ កងកម្លាំងថៃ បានត្រឹមនៅស្ងៀមប៉ុណ្ណោះ មិនទាន់តបតអ្វីឡើយ។

យ៉ាងណា មុននេះ មេបញ្ជាការកងកម្លាំង Naresuan បានចុះទៅព្រំដែនជាប់ជាមួយប្រទេសមីយ៉ាន់ម៉ា រួចហើយ ដើម្បីតាមដាន ដោយប្រាប់ថា រៀបផែនការរួចអស់ហើយ៕

អត្ថបទដែលជាប់ទាក់ទង