ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន​ ប្រកាសដាក់ដំណើរការបឋម និងជាដំណាក់កាលលើការប្រើប្រាស់ប្រព័ន្ធស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតក្នុងវិស័យអប់រំ

(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតី ប្រកាសដាក់ដំណើរការជាបឋម និងជាដំណាក់កាលលើការប្រើប្រាស់ប្រព័ន្ធស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតក្នុងវិស័យអប់រំ។

ពិធីប្រកាសដាក់ឱ្យដំណេីរការនេះបានធ្វេីឡេីងនាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សមាគមគ្រឹះស្ថានសិក្សាកម្ពុជា សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា សហព័ន្ធសេវាអប់រំកម្ពុជា(វិស័យឯកជន) និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា។

ប្រព័ន្ធស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតក្នុងវិស័យអប់រំ ផ្ដោតសំខាន់ជាចម្បងលើមុខងារស្នើសុំអាជ្ញាបណ្ណបង្កើតគ្រឹះស្ថានសិក្សាឯកជន (សាលារៀនគ្រប់កម្រិត) ដើម្បីបង្កលក្ខណៈងាយស្រួល ឆាប់រហ័ស និងមានតម្លាភាពដល់ធុរជន និងវិនិយោគិននៅទូទាំងប្រទេស ដែលប្រព័ន្ធនេះ អនុញ្ញាតឱ្យសាធារណជនអាចបំពេញពាក្យស្នើសុំ ភ្ជាប់ឯកសារយោង ទូទាត់កម្រៃសេវា និងទទួលអាជ្ញាបណ្ណតាមអនឡាញទាំងស្រុង ដោយរួមបញ្ចូលផងដែរនូវការស្នើសុំបន្តសុពលភាពអាជ្ញាបណ្ណគ្រប់កម្រិត កម្មវិធីសិក្សាជាតិ។

ការរៀបចំប្រព័ន្ធស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតក្នុងវិស័យអប់រំ អនុលោមតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន តាមរយៈការផ្លាស់ប្ដូរទិន្នន័យកម្ពុជា (ហៅកាត់ថា CamDX) ក្នុងគោលបំណងចូលរួមលើកកម្ពស់បរិយាកាសការធ្វើធុរកិច្ចនៅកម្ពុជា។

ជាមួយគ្នានេះដែរក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់ជាវេទិកាសម្រាប់លើកកម្ពស់ការពិភាក្សាជាបន្តបន្ទាប់ ជាមួយសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងសហព័ន្ធសេវាអប់រំនៅកម្ពុជា លើលក្ខខណ្ឌ នីតិវិធីនៃការបើកគ្រឹះស្ថានសិក្សា ប្រភេទ និងតម្លៃសេវា រហូតឈានដល់ការចាប់ផ្ដើមឡើងវិញនូវការដ្ឋានការងារនៅឆ្នាំ២០២៥ និងសម្រេចដាក់ដំណើរការជាបឋម និងជាដំណាក់កាលនូវ «ប្រព័ន្ធស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតក្នុងវិស័យអប់រំ» ចាប់ពីថ្ងៃនេះតទៅផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង