មន្រ្តី​​យោធា​ជាន់​ខ្ពស់​​​​អាមេរិក​ ព្រមាន​ថា​ ឆ្លង​កាត់សង្គ្រាម​អ៊ីរ៉ង់​ អាមេរិក​មិនអាច​​ការពារ​អ៊ីស្រាអែល​ពី​មីស៊ីល​អ៊ីរ៉ង់ទេ​

សង្រ្គាម​​​បង្ក​ឡើង​ដោយ​សហរដ្ឋ​អាមេរិក​និង​អ៊ីស្រាអែល​លើ​អ៊ីរ៉ង់​ តាំង​ពី​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ មិន​ទាន់​អាច​រក​ផ្លូវ​ដោះ​ស្រាយ​ ឆ្ពោះ​ទៅ​រក​សន្តិភាព​​នៅ​​ឡើយ​ទេ​ ដោយ​ឧត្តមសេនីយ៍​ជាន់​ខ្ពស់​របស់​​យោធា​​​សហរដ្ឋ​អាមេរិក​ម្នាក់​ បានព្រមានថា សង្គ្រាម​​នៅ​អ៊ីរ៉ង់​​មិន​អាចធ្វើឱ្យសហរដ្ឋអាមេរិក​​ការពារ​អ៊ីស្រាអែល​​ពីការវាយ​ប្រហារដោយមីស៊ីលរបស់​អ៊ីរ៉ង់បាន​​ទេ​។ នេះ​បើយោង​តាម​កាសែត The Telegraph ផ្សាយ​នៅ​ថ្ងៃ​ទី០២ ខែ​សីហា ឆ្នាំ​២០២៦ ។

យោធា​អាមេរិក​

ឧត្តមសេនីយ៍ Alexus Grynkewich ដឹកនាំបញ្ជាការ​​ប្រចាំ​តំបន់​អឺរ៉ុបរបស់​សហរដ្ឋអាមេរិក បាន​និយាយថា ការបិទផ្លូវ​កងទ័ពជើងទឹក​អ៊ីរ៉ង់​របស់​ លោក ដូណាល់​ ត្រាំ ប្រថុយ​ប្រថាននឹង​ធ្វើឱ្យគាត់​មាន​ធនធានតិចជាងមុន ដើម្បីការពារ​អ៊ីស្រាអែលពី​ការវាយប្រហារ។

នាវា​ពិឃាតកងទ័ពជើងទឹកអាមេរិកចំនួន ៥គ្រឿង បំពាក់ដោយ​រ៉ាដា និងមីស៊ីលដ៏មាន​អានុភាព ត្រូវបានដាក់ពង្រាយទៅកាន់​សមុទ្រមេឌីទែរ៉ាណេ​ភាគខាងកើត​ជាផ្នែកមួយនៃការការពាររបស់អ៊ីស្រាអែល​អស់រយៈពេលជា​ច្រើនឆ្នាំ។

ប៉ុន្តែបើ​គ្មាននាវាចម្បាំងមួយ​ផ្សេងទៀត ដែល​ត្រូវបានពន្យារពេល​ដោយការបិទផ្លូវរបស់សហរដ្ឋអាមេរិកទេ កងទ័ពអាមេរិកនៅ​អឺរ៉ុបនឹងត្រូវបង្ខំ​ឱ្យការពារសហរដ្ឋអាមេរិក​​ជាជាង​អ៊ីស្រាអែល។ នេះបើយោងតាមការចុះ​ផ្សាយរបស់កាសែត​ The Washington Post​ ។

ក្តីបារម្ភ​របស់ឧត្តមសេនីយ៍ Grynkewich ត្រូវបាន​គូសបញ្ជាក់​​ក្នុង​អនុស្សរណៈ​មួយទៅកាន់មន្ទី​របញ្ចកោណ​ ក្រោយមកត្រូវបាន​បែក​ធ្លាយ​ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ​អាមេរិក។

នៅ​ក្នុងសមុទ្រអារ៉ាប់ កងនាវាចម្បាំងអាមេរិក​មួយ​គ្រឿង រួមមាន​នាវាចម្បាំង​ចំនួន ១១គ្រឿង និងនាវាផ្ទុកយន្តហោះចំនួន ២គ្រឿង ត្រូវ​បានដាក់​ពង្រាយ ​ជា​ផ្នែកមួយនៃការប៉ុនប៉ង​របស់ប្រធានាធិបតីអាមេរិកក្នុងការទប់ស្កាត់​​​សេដ្ឋ​កិច្ច​​អ៊ីរ៉ង់។

មិន​តែ​ប៉ុណ្ណោះ លោក ត្រាំ​ បានដាក់ចេញនូវទណ្ឌកម្មនេះ​នៅដើមឆ្នាំនេះ ដើម្បីឆ្លើយ​តបទៅនឹងការបិទច្រកសមុទ្រ Hormuz របស់ទីក្រុងតេហេរ៉ង់ ដែល​ធ្លាប់ជាផ្លូវសម្រាប់ប្រេង​មួយភាគប្រាំរបស់ពិភពលោក ធ្វើឱ្យ​តម្លៃប្រេង​ឡើង​ថ្លៃ​យ៉ាងខ្លាំង៕

អត្ថបទដែលជាប់ទាក់ទង