កាសែតបារាំង ល្បីលំដាប់ពិភពលោក លាតត្រដាងការពិត អំពីទង្វើឈ្លានពានរបស់ថៃ មកលើកម្ពុជា

អន្តរជាតិ កាន់តែដឹងដឹងច្បាស់ អំពីទង្វើឈ្លានពានរបស់ថៃ មកលើកម្ពុជា និងភាពរងគ្រោះរបស់ពលរដ្ឋកម្ពុជា នៅក្នុងសង្គ្រាមឈ្លានពានមួយ ដែលកើតឡើងពីមហិច្ឆតា ចង់លេបទឹកដីពីសំណាក់ថៃ និងបង្វែបញ្ហានយោបាយផ្ទៃក្នុង របស់ទីក្រុងបាងកក។

ក្រោយសារព័ត៌មាន ក៏ដូចជាស្ថាប័នអន្តរជាតិជាបន្តបន្ទាប់ បានបង្ហាញការពិតបកស្បែកមុខថៃនោះ ឥឡូវសារព័ត៌មានដ៏ល្បីលំដាប់ពិភពលោករបស់បារាំង គឺ Le Monde បានចេញផ្សាយអត្ថបទមួយ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ដោយដាក់ចំណងជើងធំៗថា៖ «នៅកម្ពុជា ទោះគ្មានការប្រយុទ្ធអស់រយៈពេលប្រាំពីរខែក៏ដោយ ក៏ជីវិតប្រជាពលរដ្ឋ នៅតែត្រូវបានបំផ្លាញ ដោយជម្លោះតាមព្រំដែនជាមួយថៃ»។

នៅក្នុងនោះ Le Monde បានរៀបរាប់យ៉ាងច្បាស់អំពី ការរំលោភបំពានរបស់ថៃមកលើកម្ពុជា ការកាន់កាប់ទឹកដីខុសច្បាប់ ការដាក់កុងតឺន័រ រាយលួសបន្លា និងបង្ហាញពីជីវិតជនភៀសសឹក ផងដែរ។

ខាងក្រោមនេះ គឺជាខ្លឹមសារសង្ខេបនៃអត្ថបទរបស់ Le Monde៖

វាជាផ្លូវក្រាលកៅស៊ូវែងមួយ ដែលលាតសន្ធឹងពីខេត្តពោធិ៍សាត់ កាត់តាមជួរភ្នំក្រវាញ ទៅកាន់ច្រកព្រំដែនថ្មដា ស្ថិតនៅភាគខាងលិចនៃប្រទេសកម្ពុជា ទល់មុខខេត្តត្រាតរបស់ប្រទេសថៃ។

ផ្លូវជាតិលេខ៥៥ ដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់ក្នុងឆ្នាំ២០២០ ត្រូវបានបង្កើតឡើងដោយមានគោលបំណងជានិមិត្តរូបនៃការបើកចំហ។ អតីតនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន បានបង្ហាញថា ផ្លូវនេះជាចំណុចតភ្ជាប់នៃច្រករបៀងសេដ្ឋកិច្ចថ្មីជាមួយប្រទេសថៃ ដែលមានគោលបំណងជំរុញពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ ព្រមទាំងនាំប្រជាជននៃប្រទេសទាំងពីរឲ្យកាន់តែជិតស្និទ្ធគ្នា។

សព្វថ្ងៃនេះ ស្ថានភាពបានផ្ទុយស្រឡះ។ នៅចុងផ្លូវ ស្ពានជ័យជំនះ ដែលនៅតែបាក់បែក ដោយសារការវាយប្រហារពីយន្តហោះចម្បាំង F-16 របស់ថៃ កាលពីខែធ្នូ ឆ្នាំ២០២៥ បានកាត់ផ្តាច់ការធ្វើដំណើរ។ ស្ពាននេះត្រូវបានបំផ្លាញបែកជាពីរផ្នែក។ ចម្ងាយតែប៉ុន្មានគីឡូម៉ែត្រពីព្រំដែនថៃ មានផ្លាកសញ្ញាមួយដែលនៅតែបង្ហាញពីសង្គ្រាមនាពេលថ្មីៗនេះ។ នៅក្រោមឈ្មោះប្រទេសជិតខាងដែលត្រូវបានគូសបន្ទាត់ពណ៌ក្រហម មានអក្សរសរសេរថា «ចោរ»។

មុនទៅដល់ច្រកព្រំដែនថ្មដា ផ្លូវត្រូវបានកងទ័ពថៃបិទ។ កុងតឺន័រដឹកជញ្ជូនប្រមាណជាងដប់ ត្រូវបានដាក់រារាំងផ្លូវ ខ្លះមានទង់ជាតិថៃព្យួរលើ ដើម្បីទប់ស្កាត់ការធ្វើដំណើរគ្រប់ប្រភេទ។

នៅខាងលើរបាំងខ្សាច់ មានការដំឡើងសំណាញ់ប្រឆាំងដ្រូន ហើយកាមេរ៉ាតាមដានត្រូវបានដំឡើងសម្រាប់ឃ្លាំមើលតំបន់ជុំវិញ។

ទោះបីជាការប្រយុទ្ធបានបញ្ចប់នៅចុងឆ្នាំ២០២៥ក៏ដោយ ក៏ជម្លោះដែនដី នៅតែមិនទាន់ដោះស្រាយបាន។ នៅតាមចំណុចជាច្រើននៃព្រំដែនប្រវែង ៨១៧ គីឡូម៉ែត្ររវាងប្រទេសទាំងពីរ កម្ពុជាបានចោទប្រកាន់ថា ថៃកំពុង «កាន់កាប់ដោយខុសច្បាប់» ផ្នែកខ្លះនៃទឹកដីរបស់ខ្លួន។ កាលពីថ្ងៃទី២២ ខែកក្កដា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាថ្មី ចំពោះអ្វីដែលខ្លួនហៅថា «ការរំលោភអធិបតេយ្យភាពជាបន្តបន្ទាប់»។

នៅខាងក្រោយរបាំងទាំងនោះ ផ្លាកសញ្ញាស្ថានីយប្រេងឥន្ធនៈ និងសំណង់សណ្ឋាគារកាស៊ីណូមួយនៅកម្ពុជា នៅតែអាចមើលឃើញ។

យោងតាមអាជ្ញាធរកម្ពុជា ប្រជាពលរដ្ឋកម្ពុជាជាង ២០ ០០០ នាក់ នៅតែមិនទាន់អាចវិលត្រឡប់ទៅផ្ទះវិញបាន។ ភាគច្រើនស្ថិតនៅតំបន់ព្រំដែនចំនួនបី ក្នុងខេត្តបន្ទាយមានជ័យ។

អាជ្ញាធរខេត្តបានកំណត់អត្តសញ្ញាណ កុងតឺន័រដឹកជញ្ជូនចំនួន ៦៣ ដែលត្រូវបានប្រើប្រាស់ជារបាំងបិទផ្លូវជុំវិញភូមិជោគជ័យ ក្នុងឃុំព្រៃចាន់ និង ២៦ កុងតឺន័រផ្សេងទៀត នៅភូមិបឹងត្រកួន។ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកតំបន់ទាំងនេះ ថា ជា «តំបន់ដែលត្រូវបានឈ្លានពាន»។

ទន្ទឹមនឹងនេះ ដំណើរការកំណត់ និងបោះបង្គោលព្រំដែននៅតែជាប់គាំង។ ចាប់តាំងពីបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មក គណៈកម្មការព្រំដែនចម្រុះ (JBC) ដែលមានភារកិច្ចកំណត់ព្រំដែនរវាងប្រទេសទាំងពីរ មិនទាន់បានជួបប្រជុំសូម្បីតែម្តង។

ទីក្រុងភ្នំពេញបានចោទប្រកាន់ថា ទីក្រុងបាងកកបានពន្យារពេលកិច្ចប្រជុំជាបន្តបន្ទាប់ ខណៈភាគីថៃបានបដិសេធថា ខ្លួនគ្មានបំណងរារាំងដំណើរការនោះទេ ហើយបានលើកឡើងថា ចាំបាច់ត្រូវមាន «បរិយាកាសអំណោយផល» ជាមុនសិន។

សម្រាប់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែន ស្ថានភាពជាប់គាំងនេះ មិនបានផ្តល់នូវអារម្មណ៍សុវត្ថិភាពឡើយ។

នៅតាមាន់សែនជ័យ ទោះបីជាគ្មានការប្រយុទ្ធអស់រយៈពេលប្រាំពីរខែក៏ដោយ ក្តីភ័យខ្លាចចំពោះការផ្ទុះសង្គ្រាមជាថ្មី មិនបានរសាយបាត់ទេ។

នៅជើងប្រាសាទតាមាន់ធំ ដែលជាប្រាសាទខ្មែរ ហើយបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ពថៃ ប្រភពយោធាក្នុងតំបន់បានឲ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធប្រហែល ៨០ ភាគរយនៃភូមិ បានរងការខូចខាតក្នុងអំឡុងការប៉ះទង្គិចនៅខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥។

ដំបូលវត្តត្រូវបានបាញ់ធ្លុះជាច្រើនកន្លែង។ នៅសាលារៀនក្បែរនោះ ជញ្ជាំងនៅមានស្នាមគ្រាប់កាំភ្លើង ហើយសៀវភៅសិក្សារបស់កុមារ នៅតែខ្ចាត់ខ្ចាយក្នុងគំនរបាក់បែក៕

អត្ថបទដែលជាប់ទាក់ទង