អាជ្ញាធរក្រុងបាវិត ចុះធ្វើរដ្ឋបាលចំហបង្រ្កាប ទីតាំងសង្ស័យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅបន្ទប់ជួលចំនួន២កន្លែង
គណៈបញ្ជាការឯកភាពក្រុងបាវិត បានដឹកនាំកម្លាំងចម្រុះចុះធ្វើរដ្ឋបាលចំហបង្រ្កាប ទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅតាមបន្ទប់ជួល ចំនួន២កន្លែង។

ប្រតិបត្តិការនេះធើ្វឡើងកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពក្រុង ដឹកនាំដោយលោក រ៉េត រក្សា អភិបាលរងក្រុង សហការជាមួយកម្លាំងនគរបាល នៃអធិការការដ្ឋាននគរបាលក្រុងបាវិត ដោយមានការសម្របសម្រួលពីលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះធ្វើរដ្ឋបាលចំហ និងបង្រ្កាប ទីតាំងសង្ស័យករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) បន្ទប់ជួល ចំនួន ២ កន្លែង ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត។ ក្នុងនោះ មានការចូលរួមពី លោកអធិការនគរបាលក្រុង លោកអធិការរងក្រុង លោកនាយករងរដ្ឋបាលក្រុង លោកនាយសេនាធិការកងរាជអាវុធហត្ថក្រុង និហលោកនាយរងប៉ុស្តិ៍រដ្ឋបាលក្រុង


ជាលទ្ធផល ក្រុមការងារបានពិនិត្យរកឃើញ ទីតាំងទី១៖ បន្ទប់ស្នាក់នៅរបស់ក្រុមហ៊ុន កាស៊ីណូ ឡាស់វេសហ្គាស់ មានជនជាតិខ្មែរ ចំនួន២០នាក់ និងគ្មានជនបរទេសស្នាក់នៅឡើយ។ ទីតាំងទី២៖ បន្ទប់ជួលស្នាក់នៅ កម្មសិទ្ធិលោក ស៊ា ទ មានជនបរទេសស្នាក់នៅសរុបចំនួន ១៥ នាក់ (ស្រី ១០ នាក់) ជាជនជាតិ វៀតណាម។ ក្នុងនោះមានជនជាតិ វៀតណាម ១ នាក់ (ប្រុស) ស្នាក់នៅបន្ទប់ A06 សង្ស័យពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) និងវត្ថុតាងរួមមាន កុំព្យូទ័រ All in one កុំព្យូទ័រ យួរដៃ និងទូរសព្ទដៃផ្ទាល់ខ្លួន។
ចំពោះជនសង្ស័យ និងវត្ថុតាងខាងលើ ក្រុមការងារបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុង ដើម្បីបន្តនីតិវិធី។ ចំណែកបន្ទប់ A06 ក្រុមការងារសម្រេចបិទជាបណ្ដោះអាសន្ន៕



