អាមេរិក កំពុងបារម្ភពីសង្គ្រាមអនាគតជាមួយចិន ខណៈស្តុកអាវុធថយចុះខ្លាំង ព្រោះសង្គ្រាមនៅអ៊ីរ៉ង់

សហរដ្ឋអាមេរិក កំពុងប្រឈមនឹងការថយចុះស្តុកអាវុធយ៉ាងខ្លាំង ដោយសារតែការប្រើប្រាស់អស់ជាងពាក់កណ្តាលនៅក្នុងសង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់។ នេះ​បើយោងតាម​របាយការណ៍ចុះផ្សាយ​ដោយ​ Fox News កាល​ពី​ថ្ងៃទី​៤ ខែ​សីហា ឆ្នាំ​២០២៦។

ការបាញ់​សាកល្បង​មីស៊ីលស្ទាក់ចាប់ Patriot កាល​ពី​ឆ្នាំ​២០២៥

ថ្វីដ្បិត​ប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងថា អាមេរិកនៅមានគ្រាប់រំសេវ និងអាវុធគ្រប់គ្រាន់សម្រាប់ការប្រយុទ្ធក៏ដោយ ក៏ក្រុមអ្នកជំនាញ និងមន្ត្រីយោធានៅតែសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំង។ លោក Mark Cancian វរសេនីយ៍ឯកកងម៉ារីនអាមេរិក ដែលចូលនិវត្តន៍ និងធ្លាប់​ជាទីប្រឹក្សាជាន់ខ្ពស់នៃនាយកដ្ឋានការពារជាតិ និងសន្តិសុខ CSIS បាន​លើក​ឡើង​ថា ការព្រួយបារម្ភនេះ មិនមែនសម្រាប់ការប្រយុទ្ធនៅអ៊ីរ៉ង់នាពេលបច្ចុប្បន្ននោះទេ ប៉ុន្តែគឺជាការត្រៀមខ្លួនសម្រាប់សង្គ្រាមនាពេលអនាគត ជាពិសេសការប្រឈមមុខដែលអាចកើតមានជាមួយប្រទេសចិន នៅតំបន់ប៉ាស៊ីហ្វិក។ ជាក់ស្តែង អាមេរិកបានប្រើប្រាស់មីស៊ីល Tomahawk អស់ជិតមួយភាគបី និងមីស៊ីលស្ទាក់ចាប់ Patriot អស់ជិតពីរភាគបីទៅហើយ ដែលចន្លោះប្រហោងនេះ អាចជាឱកាសធ្វើឱ្យចិនហ៊ានធ្វើសកម្មភាពគំរាមកំហែងនានា នៅច្រកសមុទ្រតៃវ៉ាន់ជាដើម។

ដើម្បីដោះស្រាយវិបត្តិខ្វះខាតនេះ មន្ទីរបញ្ចកោណអាមេរិក បានស្នើសុំដំឡើងកញ្ចប់ថវិកាយ៉ាងសន្ធឹកសន្ធាប់សម្រាប់ឆ្នាំ២០២៧ ដើម្បីជំរុញការផលិតអាវុធឡើងវិញជាបន្ទាន់។ សំណើនេះ ទទួលបានការគាំទ្រពេញទំហឹងពីសមាជិកសភាទាំងសងខាង ដោយពួកគេយល់ស្របគ្នាថា អាមេរិកត្រូវការស្តាររោងចក្រផលិតអាវុធឱ្យបានរឹងមាំ ដើម្បីរក្សាអំណាចយោធារបស់ខ្លួន។ នៅក្នុងកញ្ចប់ថវិកាថ្មីនេះ ការចំណាយលើការផលិតមីស៊ីល Tomahawk ត្រូវបានស្នើសុំឱ្យកើនឡើងរហូតដល់ជាង ៥០០ភាគរយ ខណៈដែលការផលិតមីស៊ីល Patriot ត្រូវបានស្នើសុំឱ្យកើនឡើងរហូតដល់ជាង ៩០០ភាគរយឯណោះ។ មន្ត្រីជាន់ខ្ពស់អាមេរិកជាច្រើន បានសង្កត់ធ្ងន់ថា ទោះត្រូវចំណាយប្រាក់រាប់ពាន់ពាន់លានដុល្លារក៏ដោយ ក៏អាមេរិកត្រូវតែធ្វើ ដើម្បីការពារពិភពលោក និងការពារសម្ព័ន្ធមិត្តរបស់ខ្លួន។

យ៉ាងណាមិញ បញ្ហាប្រឈមដ៏ធំបំផុត​មួយ​ទៀត​នៅពេលនេះ គឺ «ពេលវេលា»។ ការផលិតមីស៊ីលទំនើបៗទាំងនេះ មិនមែនជារឿងងាយស្រួល និងអាចធ្វើបានភ្លាមៗនោះទេ ដោយវាត្រូវចំណាយពេលយ៉ាងហោចណាស់ពី ៣ ទៅ ៥ឆ្នាំ ទើបអាចបញ្ជូនទៅកាន់សមរភូមិបាន។ ដំណើរការនេះ ទាមទារឱ្យមានការចុះកិច្ចសន្យា ការស្វែងរកវត្ថុធាតុដើម ការសាងសង់រោងចក្រថ្មីៗ និងការបណ្តុះបណ្តាលបុគ្គលិកជំនាញ ដែលសុទ្ធសឹងតែត្រូវការពេលវេលាយូរ។ ស្របពេលដែលរដ្ឋបាលលោក ត្រាំ កំពុងខិតខំប្រឹងប្រែងពន្លឿនកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតអាវុធ ដើម្បីពង្រីកសង្វាក់ផលិតកម្មក្តី ក៏អ្នកជំនាញបានព្រមានថា ការខើចស្តុកអាវុធនាពេលនេះ ពិតជាបានធ្វើឱ្យសហរដ្ឋអាមេរិកស្ថិតក្នុងស្ថានភាពដ៏លំបាកមួយ ប្រសិនបើមានសង្គ្រាមធំផ្ទុះឡើងក្នុងពេលឆាប់ៗនេះមែននោះ៕

អត្ថបទដែលជាប់ទាក់ទង