អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញដល់មន្ត្រីព័ត៌មានរាជធានី-ខេត្ត ត្រូវបង្កើនការផលិតផ្សព្វផ្សាយព័ត៌មានឆ្លើយតបនឹងតម្រូវការប្រជាពលរដ្ឋមូលដ្ឋានឱ្យបានទូលំទូលាយ
(កំពង់ឆ្នាំង)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញដល់មន្ត្រីព័ត៌មានរាជធានី-ខេត្ត ឱ្យបង្កើនការផលិត និងផ្សព្វផ្សាយព័ត៌មានដែលឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដើម្បីទប់ទល់នឹងព័ត៌មានក្លែងក្លាយ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃការឆ្លើយតបទៅនឹងសាធារណមតិក្នុងមូលដ្ឋានឱ្យបានឆាប់រហ័ស និងមានតម្លាភាព។
ការជំរុញបែបនេះបានធ្វើឡើងក្នុងឱកាសលោកដឹកនាំកិច្ចប្រជុំតម្រង់ទិសស្តីពី «ការងារព័ត៌មាន និងសាធារណមតិ» ដល់មន្ត្រីរាជការរបស់មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ដែលមានការចូលរួមពីសំណាក់លោក ពេញ យ៉ាត អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោក ទេព អស្នារិទ្ធ បានបន្តថា ព័ត៌មានដែលត្រូវតាមដាន និងយកចិត្តទុកដាក់ផ្សព្វផ្សាយរួមមាន៖ វិស័យកសិកម្ម សុខាភិបាល បញ្ហាដីធ្លី វិស័យការងារ ពាក់ព័ន្ធនឹងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈការផ្តល់សេវាសាធារណៈ នៅថ្នាក់មូលដ្ឋាន និងវិស័យវប្បធម៌ជាដើម។ ការផ្សព្វផ្សាយត្រូវធ្វើឡើងតាមរូបភាពចម្រុះ និងសំបូរបែប តាមរយៈកិច្ចសម្ភាសន៍ជាមួយមន្ត្រីជំនាញជុំវិញខេត្តក្នុងកម្មវិធីវិទ្យុ ការផ្សាយតាម បណ្តាញព័ត៌មានផ្លូវការរបស់មន្ទីរព័ត៌មាន និងការផលិតវីដេអូខ្លីៗសម្រាប់បង្ហោះលើបណ្តាញ Facebook Telegram និង TikTok។
ទន្ទឹមនឹងនេះ ត្រូវបន្តពង្រឹងកិច្ចសហការឱ្យកាន់តែជិតស្និទ្ធជាមួយអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកាក្នុងខេត្ត ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងសមិទ្ធផលថ្មីៗរបស់ខេត្ត ទៅកាន់សាធារណជនទូទៅ។ ការណ៍នេះ មិនត្រឹមតែជួយបង្ហាញពីភាពរីកចម្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកាតាលីករទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកទស្សនាតំបន់រមណីយដ្ឋាន និងសហគមន៍ទេសចរណ៍មូលដ្ឋានឱ្យកាន់តែច្រើនកុះករថែមទៀតផង។
អ្នកនាំពាក្យបានបញ្ជាក់បន្ថែមថា មន្ត្រីព័ត៌មានខេត្តត្រូវដើរតួនាទីជា «ស្ពានតភ្ជាប់» ដ៏មានសារៈសំខាន់ ក្នុងការនាំយកព័ត៌មានពិតពីមូលដ្ឋានមករាយការណ៍ និងឆ្លុះបញ្ចាំងជូនថ្នាក់ជាតិ ព្រមទាំងផ្សព្វផ្សាយពីគោលនយោបាយ និងសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលសម្រេចបាន ទៅកាន់ប្រជាពលរដ្ឋវិញ។ ការផ្តល់ព័ត៌មានបានទាន់ពេលវេលា និងប្រកបដោយលក្ខណៈបុរ៉េសកម្ម មិនត្រឹមតែជួយទប់ស្កាត់ និងកាត់បន្ថយការរីករាលដាលនៃព័ត៌មានក្លែងក្លាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យអាជ្ញាធរមានសមត្ថកិច្ចអាចក្តាប់បានបញ្ហាប្រឈមនានា និងដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋនៅមូលដ្ឋានបានភ្លាមៗប្រកបដោយប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានេះ លោក ទេព អស្នារិទ្ធ បានបន្តថា មន្ត្រីព័ត៌មានក៏ត្រូវពង្រឹងសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យាឌីជីថលថ្មីៗ ដើម្បីធានាថាព័ត៌មានផ្លូវការអាចហូរបានលឿន ទូលំទូលាយ និងចំគោលដៅពិតប្រាកដ។
បើតាមលោក ពេញ យ៉ាត បានគាំយល់ស្របចំពោះការណែនាំរបស់ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មាន ដោយបានជំរុញឱ្យមន្ត្រីមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ពង្រឹងកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ក្នុងគោលបំណងលើកកម្ពស់ការងារផ្សព្វផ្សាយព័ត៌មានឱ្យកាន់តែសកម្ម ដើម្បីបម្រើប្រយោជន៍ជូនប្រជាពលរដ្ឋ និងគាំទ្រដល់ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យ។
លោក ឈាង វណ្ណៈ ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តអនុសាសន៍របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដោយផ្តោតលើការការពង្រឹងគុណភាពមាតិកា ការទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងការផ្សព្វផ្សាយសមិទ្ធផលមូលដ្ឋានឱ្យកាន់តែសកម្ម និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីបម្រើផលប្រយោជន៍សាធារណជន៕

