សោកនាដកម្ម​នៅ​ស្រុក​វាល​វែង ៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ចំពោះ​ការ​ពលី​របស់​កម្លាំង​សមត្ថកិច្ច ៥​រូប

រាជធានី​ភ្នំពេញ ៖ នៅ​លើ​បណ្តាញ​សង្គម​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​យប់​ថ្ងៃ​ទី​០៥ សីហា​នេះ បាន​បង្ហោះ​សារ​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ចំពោះ​ការ​ពលី​របស់​កម្លាំង​សមត្ថកិច្ច ៥​រូប យ៉ាង​ដូច្នេះ​ថា ៖ ជនរួមជាតិ​ជាទី​គោរព​! នៅ​ព្រលប់​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២៦​នេះ យើង​ទាំងអស់​គ្នា​បាន​ទទួល​ព័ត៌មាន​ដ៏​ក្រៀមក្រំ​បំផុត អំពី​ករណី​ពលី​មន្ត្រី​នគរបាល​ជាតិ​និង​ប្រជា​ការពារ សរុប​ចំនួន​៥​រូប ស្លាប់​ជន​បង្ក​ម្នាក់ និង​របួស​ប្រជា​ការពារ​១​រូប ក្នុង​ប្រតិបត្តិការ​បង្ក្រាប​អំពើ​ហិ​.​ង្សា​ក្នុង​គ្រួសារ នៅ​ឃុំ​អូរ​សោម ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ។

យោង​តាម​របាយការណ៍​បឋម​របស់​ឯកឧត្តម​អភិបាលខេត្ត និង​លោកស្នងការ​នគរបាល​ខេត្តពោធិ៍សាត់ ករណី​នេះ​បណ្ដាល​មក​ពី​ជនល្មើស​ប្រើប្រាស់​គ្រឿងញៀន និង​ប្រើ​អំពើ​ហិ​.​ង្សា​ក្នុង​គ្រួសារ ដោយ​កម្លាំង​សមត្ថកិច្ច​បាន​ចេញ​ប្រតិបត្តិការ​ភ្លាម​ៗ បន្ទាប់​ពី​ទទួល​ព័ត៌មាន​ពី​ប្រពន្ធ​ជន​បង្ក ប៉ុន្តែ​ក្នុង​ពេល​អន្តរាគមន៍​នោះ ជន​បង្ក​ក៏​បំផ្ទុះ​គ្រាប់បែក​។

ហេតុការណ៍​នេះ បាន​បណ្ដាល​ឱ្យ​មាន​សោកនាដកម្ម​ដូច​ខាងក្រោម​៖
១-​លោក សាម រ៉ា នាយ​ប៉ុស្ដិ៍ (​ស្លាប់​)
២-​លោក សូ សុវណ្ណ​រិ​ទ្ធ មន្ត្រី​ប៉ុស្ដិ៍ (​ស្លាប់​)
៣-​លោក ជ្រ​ន ប្រឹ​ម ប្រជា​ការពារ (​ស្លាប់​)
៤-​លោក សុខ អាន ប្រជា​ការពារ (​ស្លាប់​)
៥-​លោក ចិន្ដា ប្រជា​ការពារ (​ស្លាប់​)
៦- ជន​បង្ក​ឈ្មោះ អែម ដុំ (​ស្លាប់​) និង
៧-​លោក វ៉ី វឿ​ន ប្រជា​ការពារ (​របួសធ្ងន់​)

ខ្ញុំ​បាន​ណែនាំ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ រដ្ឋបាល​ខេត្ត រួម​ទាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ យកចិត្តទុកដាក់​ឱ្យ​បាន​ខ្ពស់​បំផុត ក្នុង​ដំណើរការ​រៀបចំ​ពិធី​បុណ្យសព​មន្ត្រី​នគរបាល​ជាតិ​និង​កម្លាំង​ប្រជា​ការពារ​។ ជាមួយ​គ្នា​នេះ ត្រូវ​បន្ត​ខិតខំ​ស្រាវជ្រាវ​ទាំង​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ក្នុង​មូលដ្ឋាន​នោះ និង​ប្រភព​គ្រាប់បែក​ដែល​ជន​បង្ក​បាន​ប្រើប្រាស់​ ។

ក្នុង​នាម​ក្រសួងមហាផ្ទៃ និង​ក្នុង​នាមខ្លួន​ខ្ញុំ​ផ្ទាល់ ព្រមទាំង​ក្រុម​គ្រួសារ សូម​ចូលរួម​រំលែក​មរណទុក្ខ​ដ៏​សែន​ក្រៀមក្រំ​នេះ​ជាមួយ​ក្រុម​គ្រួសារ​សព​។ ពលិកម្ម​មន្ត្រី​នគរបាល​ជាតិ និង​ប្រជា​ការពារ​យើង រួម​ទាំង​សោកនាដកម្ម​ក្នុង​ករណី​នេះ​ទាំងមូល បាន​ដាស់តឿន​យើង​ថា គ្រឿងញៀន​គឺជា​ឃាតករ និង​ជាស​ត្រូវ​ដ៏​អាក្រក់​របស់​យើង​ទាំងអស់​គ្នា ​៕

 

អត្ថបទដែលជាប់ទាក់ទង