ឥណ្ឌូណេស៊ី បើកការស៊ើបអង្កេត រកឲ្យឃើញថា តើនរណា នៅពីក្រោយការដឹកគ្រឿងញៀនពីថៃ ដែលច្រកក្នុងបាវ បន្លំអក្សរខ្មែរ
ជុំវិញករណីគ្រឿងញៀនដឹកតាមនាវាចេញមកពីប្រទេសថៃ តែច្រកក្នុងបាវ បន្លំអក្សរខ្មែរ ដែលត្រូវឥណ្ឌូណេស៊ី ស្ទាក់ចាប់បាន ពេលនេះ ទីក្រុងហ្សាការតា ប្រកាសថា ខ្លួនកំពុងបើកការស៊ើបអង្កេតរកឲ្យឃើញថាតើ នរណានៅពីក្រោយរឿងនេះ។

មេភ្នាក់ងារប្រឆាំងគ្រឿងញៀនជាតិ លោក Suyudi Ario Seto បានប្រាប់សន្និសីទកាសែត កាលពីថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២៦ ថា៖ «យើងកំពុងបន្តធ្វើការស៊ើបអង្កេត ពាក់ព័ន្ធនឹងប្រភពដើមនៃទំនិញនេះ ព្រមទាំងកំពង់ផែគោលដៅ និងថាតើ នរណាជាអ្នកផ្ញើ និងនរណាជាអ្នកទទួល គ្រឿងញៀន»។
តាមការផ្សាយរបស់ភ្នាក់ងារព័ត៌មាន Antara, គ្រឿងញៀនដែលរឹបអូសបាននេះ ជាប្រភេទកេតាមីន ច្រកក្នុងបាវបន្លំអក្សរខ្មែរ ចំនួន ៦៥បាវ ទម្ងន់សរុប ១.៣តោន បើគិតជាទឹកប្រាក់ មានតម្លៃ ១១៦.៤៩លានដុល្លារអាមេរិក។

នៅក្នុងរបាយការណ៍របស់ឥណ្ឌូណេស៊ី គ្រឿងញៀនទាំងនេះ ដឹកតាមនាវា MV King Sun ដោតទង់ជាតិ តង់ហ្សានី ចាកចេញពីប្រទេសថៃ តាំងតែពីខែកុម្ភៈមកម្ល៉េះ។
យ៉ាងណា ក្រោយអង្គភាពប្រឆាំងគ្រឿងញៀនឥណ្ឌូណេស៊ី តាមដានអស់រយៈពេលជាច្រើនខែ នៅទីបំផុត នាវាក៏ត្រូវបានស្ទាក់ចាប់ កាលពីថ្ងៃទី៦ ខែសីហា ក្នុងដែនទឹកឥណ្ឌូណេស៊ីនៃប្រជុំកោះ Riau ក្បែរប្រទេសសិង្ហបុរី។

ជាមួយនឹងការស្ទាក់ចាប់នាវានេះ កងកម្លាំងឥណ្ឌូណេស៊ី ក៏ចាប់ខ្លួននាវិក ៨នាក់ផងដែរ ក្នុងនោះមានជនជាតិមីយ៉ាន់ម៉ា ៧នាក់ និងតៃវ៉ាន់ម្នាក់៕