ហ្សេលេនស្គី ស្នើជួបចរចាជាមួយ ពូទីន ក្នុងកិច្ចប្រជុំ G20 នៅអាមេរិក ប៉ុន្តែ ភាគីរុស្ស៊ីថា «ចង់ជួប គឺទៅមូស្គូ»
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានប្រកាសពីការត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើដំណើរទៅជួបចរចាដោយផ្ទាល់ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន នៅក្នុងកិច្ចប្រជុំកំពូលមេដឹកនាំ G20 ដែលត្រូវរៀបចំឡើងនៅក្នុងទីក្រុង Miami សហរដ្ឋអាមេរិក នាខែធ្នូ ខាងមុខនេះ ប្រសិនបើមេដឹកនាំរុស្ស៊ីយល់ព្រមចូលរួម។

នៅក្នុងសម្ភាសន៍ផ្តាច់មុខជាមួយប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ Deutsche Welle (DW) លោក ហ្សេលេនស្គី បានឆ្លើយតបយ៉ាងច្បាស់លាស់ថា «ពិតប្រាកដណាស់ យើងត្រូវតែទៅទីនោះ យើងត្រូវតែជួបគ្នា ពិភាក្សាគ្នា និងធ្វើការសម្រេចចិត្ត»។
លោកបានសង្កត់ធ្ងន់ថា អ្វីដែលសំខាន់បំផុតមិនមែនជាវោហាសាស្ត្រ ឬពាក្យសម្តីដែលត្រូវនិយាយទៅកាន់គ្នានោះទេ ប៉ុន្តែគឺលទ្ធផលផ្លែផ្កាតែមួយគត់។ លោកបន្ថែមថា បច្ចុប្បន្នអ៊ុយក្រែនកំពុងស្ថិតក្នុងជំហរដ៏ល្អមួយសម្រាប់ការចរចា ដោយសារតែភាគីរុស្ស៊ីកំពុងរងការខាតបង់កម្លាំងទ័ពយ៉ាងធ្ងន់ធ្ងរជារៀងរាល់ខែ ដើម្បីដោះដូរយកទឹកដីបានបន្តិចបន្តួចនៅលើសមរភូមិ។
ជាការឆ្លើយតបភ្លាមៗទៅនឹងការលើកឡើងនេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS ថា «ប្រសិនបើលោក ហ្សេលេនស្គី ពិតជាចង់ជួបជាមួយលោកពូទីន មែននោះ ដូចដែលលោកពូទីនធ្លាប់លើកឡើងពីមុនមកហើយថា លោក ហ្សេលេនស្គី អាចហោះហើរមកកាន់ទីក្រុងមូស្គូបាន»។
គួរជម្រាបថា មេដឹកនាំទាំងពីរមិនដែលបានជួបប្រឈមមុខគ្នាចំៗឡើយ ចាប់តាំងពីរុស្ស៊ីបានបើកការឈ្លានពានទ្រង់ទ្រាយធំលើអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២ ហើយ ពូទីន ក៏មិនដែលបានចូលរួមកិច្ចប្រជុំកំពូល G20 ដោយផ្ទាល់ចាប់តាំងពីឆ្នាំ២០១៩ មក។ យ៉ាងណា មេដឹកនាំទាំងពីរ បានជួបពិភាក្សាគ្នាដោយផ្ទាល់ជាលើកចុងក្រោយបង្អស់ គឺនៅក្នុងខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងប៉ារីស ប្រទេសបារាំង (កិច្ចប្រជុំទម្រង់ Normandy) ដើម្បីដោះស្រាយវិបត្តិនៅតំបន់ដុនបាស៕

