កំពុងជំនន់ធ្ងន់ធ្ងរស្រាប់ផង ឥឡូវខេត្តនៅវៀតណាម ប្រកាសអាសន្ន គ្រោះបំណាក់ដី ទៀត
គ្រោះធម្មជាតិធ្ងន់ធ្ងរ កំពុងវាយប្រហារប្រទេសវៀតណាម ដោយក្រៅពីទឹកជំនន់ ឥឡូវខេត្តខ្លះក៏ប្រកាសអាសន្ន អំពីបំណាក់ដីផងដែរ ជាពិសេសនៅខេត្ត Lam Dong។

តាមការផ្សាយរបស់ VN Express កាលពីថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២៦ អាជ្ញាធរខេត្ត បានប្រកាសអាសន្ននៅឃុំ Quang Son ព្រោះស្ថានការណ៍មិនស្រួល ដោយសារតែដីភ្នំនៅកន្លែងខ្លះ មានស្នាមប្រេះ ដែលបង្កហានិភ័យបាក់ស្រុត ខ្លាំងបំផុត។
សរុបជារួម បើតាមការវាយតម្លៃរបស់អាជ្ញាធរ ក្រោយការចុះពិនិត្យបានបង្ហាញថា ផ្ទៃដីដែលកំពុងប្រឈមហានិភ័យ បាក់ស្រុតគឺមានរហូតដល់ទៅ ៤ហិកតាឯណោះ ក្រោយការវាយប្រហារដោយ ព្យុះភ្លៀង។
ក្នុងរបាយការណ៍, បំណាក់ដី បានប៉ះពាល់ដល់មនុស្ស ៤៥៤នាក់ មកពី ៧៩គ្រួសាររួចទៅហើយ ខណៈពេលនេះ អាជ្ញាធរព្រមានដល់ពលរដ្ឋក្នុងមូលដ្ឋាន ត្រូវប្រុងប្រយ័ត្ន និងត្រៀមខ្លួនជម្លៀសជានិច្ច។

ការប្រកាសអាសន្ននេះ កើតឡើងចំពេលវៀតណាម ជាពិសេសខេត្តភាគខាងជើង កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយព្យុះភ្លៀង បណ្តាលឱ្យជន់លិចផ្ទះរាប់ម៉ឺនខ្នង ព្រមទាំងសម្លាប់មនុស្សចំនួន ៣នាក់ផងដែរ។
គិតត្រឹមចុងសប្តាហ៍មុន កន្លែងជាច្រើនដូចជា Thanh Hoa, Ninh Binh, Hanoi, Nghe An និង Phu Tho បានបង្ហាញពីផលប៉ះពាល់ ដោយសរុបចូលគ្នា មានផ្ទះ ១៦ ៣១០ខ្នង ត្រូវទឹកជន់លិច។
អ្វីដែលកាន់តែរន្ធត់គឺនៅខេត្ត Phu Tho ដោយគ្រោះបំណាក់ដី បានវាយប្រហារសម្លាប់មនុស្ស ចំនួន៣ នាក់ក្នុងឃុំ Da Bac ហើយក៏មានសេចក្តីរាយការណ៍អំពីទឹកជំនន់ធ្ងន់ធ្ងរ ហូរកាត់ផ្តាច់ផ្លូវថ្នល់ ធ្វើឱ្យចរាចរណ៍ត្រូវជាប់គាំងផងដែរ។

មិនត្រឹមប៉ុណ្ណឹង បើសរុបនៅភាគខាងជើងទាំងមូល ទឹកជំនន់ បានលិចលង់ និងបង្កការខូចខាតដល់ស្រូវ និងដំណាំបន្លែចំនួន ២២ ៤៩៩ ហិកតា ព្រមទាំងដំណាំផ្សេងៗទៀត ២ ១៧២ ហិកតា។
បន្ថែមពីនេះ ផ្ទៃដីវារីវប្បកម្ម ១ ១៧៥.៦២ ហិកតា ត្រូវរងផលប៉ះពាល់ ខណៈប្រឡាយស្រោចស្រពប្រវែង ១ ៩៩៩ ម៉ែត្រ ត្រូវច្រោះបាក់ ឬខូច ហើយសាលារៀន ១៥ កន្លែង ក៏ត្រូវលិចលង់ផងដែរ៕
